មី​យ៉ាន់​ម៉ា ប្រឈមមុខ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ចូល​ទឹកដី​អាមេរិក​របស់​រដ្ឋបាល ត្រាំ
អន្តរជាតិ
មី​យ៉ាន់​ម៉ា ប្រឈមមុខ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ចូល​ទឹកដី​អាមេរិក​របស់​រដ្ឋបាល ត្រាំ
23, Jan 2020 , 2:45 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែមករា និយាយថា រដ្ឋាភិបាល​របស់លោក កំពុង​ពិចារណា​បញ្ចូល​ប្រទេស​មួយចំនួនទៀត​ក្នុង​បញ្ជី​ហាមឃាត់​ការធ្វើដំណើរ ឬ​រង​ការ​រឹតបន្តឹង​ពេល​ចូល​ទឹកដី​អាមេរិក​។ ប្រទេស​សមាជិក​អាស៊ាន​មួយ ក៏​ស្ថិតក្នុង​ក្រោម​ការពិចារណា​នេះដែរ គឺ​មី​យ៉ាន់​ម៉ា​។ បញ្ជី​ហាមឃាត់ ឬ​រឹតបន្តឹង​នេះ ធ្វើ​ឲ្យ​លោក ត្រាំ រង​ការរិះគន់​ខ្លាំង ព្រោះ​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពិសេស​ក្រុម​ប្រទេស​កាន់សាសនា​ឥស្លាម​។​

 
«​យើង​កំពុង​បន្ថែម​ឈ្មោះ​ប្រទេស​មួយចំនួនទៀត​ក្នុង​បញ្ជី​។ យើង​ត្រូវតែមាន​សុវត្ថិភាព​។ ប្រទេស​យើង​ត្រូវតែ​សុវត្ថិភាព​។​» នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែមករា​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស ដោយ​បញ្ជី​ប្រទេស​ដែល​ត្រូវ​ហាមឃាត់ ឬ​រឹតត្បិត​ការធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​។ បញ្ជី​ឈ្មោះ​ថ្មី ត្រូវបាន​លោក ត្រាំ បញ្ជាក់ថា នឹង​ចេញ​ឆាប់ៗ​នេះ​។​
 
​បើតាម​កាសែត​អាមេរិក Washington Post ផ្សាយ​ថា រដ្ឋបាល​លោក ត្រាំ គ្រោង​បញ្ចូល​ប្រទេស​ចំនួន​៧​ទៀត​ទៅក្នុង​បញ្ជី​នេះ​ដូចជា​នី​ហ្សេ​រី​យ៉ា​របស់​អាហ្វ្រិក ក៏ដូចជា​ប្រទេស​នៅ​អាស៊ី​ផងដែរ​។ ជាមួយគ្នានេះ ទីក្រុង​វ៉ាស៊ីនតោន ក៏​កំពុង​ពិចារណា​ដាក់​ប្រជាជន​ប្រទេស​ផ្សេងទៀត​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តឹងរ៉ឹង​របស់ខ្លួន​ដែរ​។ បេឡា​រុស អេ​រី​ត្រេ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ស៊ូដង់ មី​យ៉ាន់​ម៉ា និង​តង់​សានី សុទ្ធតែ​ស្ថិតក្រោម​ការគិតគូ​ររ​បស់​អាមេរិក​។​
 
​ខុសពី​ប្រទេស​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រាប់ ប្រទេស​ក្រោយៗ​នេះ មិនមាន​ប្រជាជន​ភាគច្រើន​ជា​ជន​មូស្លីម​ឡើយ​។ យ៉ាងណាមិញ ប្រជាជន​របស់​ប្រទេស​ទាំងនេះ ប្រឈមមុខ​ការហាមឃាត់​ចូលរួម​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ដើម្បី​បាន​ទិដ្ឋាការ​ទៅ​អាមេរិក​។ លោក ត្រាំ ផ្ទាល់ ប្រឆាំង​ដាច់ខាត​កម្មវិធី​បែបនេះ ហើយ​លោក​ចង់បាន​គោលនយោបាយ​ថ្មី​ដែល​ទាក់ទាញ​អ្នកជំនាញ​ដូចដែល​កាណាដា និង​អូស្ត្រាលី​កំពុង​អនុវត្ត​សព្វថ្ងៃ​។​
 
​បច្ចុប្បន្ន ប្រទេស​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​របស់​អាមេរិក​មាន​កូរ៉េខាងជើង ស៊ី​រី  អ៊ីរ៉ង់ លី​ប៊ី យេ​ម៉ែន សូ​ម៉ាលី និង​មន្ត្រី​មួយចំនួន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ សម្រាប់​ប្រទេស​ថ្មី​ដែល​អាច​ត្រូវ​ជាប់​ឈ្មោះ ហើយ​មិនមាន​មូស្លីម​ភាគច្រើន​នេះ ត្រូវបាន​មន្ត្រី​អាមេរិក​ពន្យល់ថា ដើម្បី​បង្ហាញ​ពី​ការមិន​រើសអើង​របស់​អាមេរិក​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់ខ្លួន ដ្បិត​កន្លងមក អាមេរិក​រង​ប្រតិកម្ម​ថា បំបិទ​សិទ្ធិ​តែ​ប្រទេស​កាន់សាសនា​ឥស្លាម​។​
 
​គោលនយោបាយ​ហាមប្រាម​ការធ្វើដំណើរ​ចូល​អាមេរិក​ពី​ប្រទេស​កាន់សាសនា​ឥស្លាម​នេះ ជា​រឿង​អាទិភាព​របស់លោក ត្រាំ ។ នៅ​ឆ្នាំ​២០១៧ លោក​បាន​ដាក់ចេញ​វិធានការ​ហាមឃាត់​ជា​លើកដំបូង តែ​ត្រុ​វ​តុលាការ​កំពូល​អាមេរិក​ចាត់ទុក​ជាការ​បំពាន​ផ្នែក​សាសនា​។ តម​កលោក ត្រាំ ក៏​ចេញ​ចំណាត់​ថ្មី​ទៀត តែ​ក៏ត្រូវ​តុលាការ​អាមេរិក​ជំទាស់​ទៀត​។ ប៉ុន្តែ វិធាន​ការលើក​ទី​បី ក៏ត្រូវ​បាន​តុលាការ​បើកផ្លូវ ដោយ​អះអាងថា លោក ត្រាំ មានអំណាច​កំណត់​គោលនយោបាយ​អន្តោប្រវេសន៍​ដោយ​ផ្អែកលើ​សន្តិសុខ​ជាតិ​៕
  

Tag:
 អាមេរិក​
  មី​យ៉ាន់​ម៉ា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com