ដោយ៖ ហេង ពិចិត្រ
កន្លែងដែលស៊ីបាន និងកន្លែងដែលស៊ីមិនបាន។ មិនត្រឹមតែស៊ីមិនបាននោះទេ តែត្រូវការពារទៀត។ បើនិយាយថាកន្លែងដែលអាចស៊ីបាន ប្រាកដជាសាធារណជនមួយចំនួនធំ ទទួលយកមិនបានឡើយ ពោលគឺអភិបាល ទទួលត្រឹមតែប្រាក់ខែបានហើយ គ្មានលុយក្រៅពីនេះទៀតទេ។ បើបានអ៊ីចឹងមែន គឺល្អហើយ តែជាក់ស្ដែងទំនងជាមិនដូច្នេះទេ។ អភិបាលនៅទីនេះ សំដៅអភិបាលស្រុក-ខណ្ឌ អភិបាលរាជធានី-ខេត្ត។
ឥឡូវនិយាយរឿងកន្លែងដែលស៊ីបាន។ ឧបមាថា អភិបាលខេត្តទទួលផលប្រយោជន៍ក្នុងរូបភាពណាមួយពីអាជីវកម្មសណ្ឋាគារ ក្នុងខេត្តដែលខ្លួនគ្រប់គ្រង។ ការស៊ីនេះគឺត្រជាក់។ និយាយត្រូវតែជាមួយម្ចាស់សណ្ឋាគារ ក៏ដូចជាអាជីវកម្មធំៗដ៏ទៃទៀត នោះស៊ីបានហើយ មិនរំខានទៅខាងក្រៅនោះទេ គ្មានរឿងទំនាស់លេចលឺទៅខាងក្រៅ ដូចរឿងរ៉ាវដីធ្លីជាមួយពលរដ្ឋនោះទេ។ សួរថាថ្នាក់លើដឹងទេ? ចម្លើយគឺអាចដឹង តែបើស៊ីបែបនេះ ថ្នាក់លើទំនងមិនថាអីនោះទេ ព្រោះថ្នាក់លើក៏ប្រហែលជាចូលចិត្តស្ដាយបែបនេះដែរ ជំនួញឥន្ធិពល ហ៊ុនខ្យល់ជាដើម។ រឿងបែបនេះគេមិននិយាយជាសាធារណទេ តែគេដឹងគ្នាច្បាស់ណាស់ ថ្នាក់លើថ្នាក់ក្រោមគេដឹងគ្នា។ ប្រទេសខ្លះក៏បែបនេះដែរ ដែលអ្នកមានអំណាច ទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ពីមុខជំនួញដែលដំណើរការក្នុងទឹកដីខ្លួនមើលការខុសត្រូវ។ មិនមែនគាំទ្រឲ្យស៊ីបែបហ្នឹងទេ តែបើស៊ីអ៊ីចឹងដូចមិនទាន់ជាចាត់ទុកថាអាក្រក់អីពេកទេ។
ឥលូវងាកមកនិយាយរឿងកន្លែងស៊ីមិនបាន ហើយដែលចាត់ទុកថាអាក្រក់។ រឿងដែលប៉ះពាល់ប្រជាពលរដ្ឋ(ជាអាទិ៍ដីធ្លី), សញ្ញ៉េលើគម្រោងនានាឲ្យតែបានលុយមិនគិតផលប៉ះពាល់, ខុបឃិតបំផ្លាញធនធានធម្មជាតិរ៉ែព្រៃឈើ ។ល។ រឿងដែលប៉ះពាល់ប្រជាពលរដ្ឋ និងសម្បត្តិជាតិ មិនត្រឹមតែស៊ីមិនបាននោះទេ តែត្រូវការពារទៀត។ បើធ្វើមិនបាន គួរសួរខ្លួនឯងថា៖«អញឡើងមកធ្វើអភិបាលក្នុងទឹកដីនេះធ្វើអី បើមិនបានការពារផលប្រយោជន៍សុខទុកប្រជាពលរដ្ឋ ផលប្រយោជន៍នៃធនធានរបស់ជាតិក្នុងទឹកដីនេះ?
បើអភិបាលជាអ្នកបំផ្លាញ ឬអ្នកចូលរួមបំផ្លាញដដែល មិនចាំបាច់ហៅថាអភិបាលទេ ព្រោះថាអភិបាលគឺជាអ្នកគ្រប់គ្រងថែរក្សាទឹកដីនោះហើយ។ អភិបាលដូចនេះ ប្រជាពលរដ្ឋមិនត្រូវការ ហើយបក្សក៏មិនត្រូវការដែរ។ ជាមនុស្ស ទម្ងន់ដល់បក្ស។ មើលទៅដូចជាខិតខំណាស់ដែរ ការងារក្នុងបក្សរបស់ខ្លួន តែដល់ទៅមើលឲ្យសព្វទៅដូចគ្រាន់តែយកបក្សមកតោងឡើងយកតំណែងតួនាទីក្នុងការងាររដ្ឋ ហើយស្រវាផលប្រយោជន៍ ដែលជាផលប្រយោជន៍មិនគួរនឹងធ្វើទាល់តែសោះ។
ចុះអភិបាលដែលអាចទទួលយកបាន បែបម៉េចទៅ?
ការពារសន្តិសុខ សណ្ដាប់ ស្ថិរភាព។ បើអភិបាលចូលរួមរំខាន ឬអសកម្ម ដែលនាំឲ្យប៉ះពាល់ដល់យុត្តិធម៌ ក្ដីសុខក្នុងសង្គម នោះការនិយាយរឿងសន្តិភាព ហាក់មិនស្រស់បស់នោះឡើយ ព្រោះអីសន្តិភាព គ្រាន់តែជារូបភាពធំមួយ តែរូបភាពតូចៗ ដូចជា យុតិ្តធម៌ សន្តិសុខ និងក្ដីសុខផ្សេងៗទៀត ត្រូវបានរំខាន។ បើមាន គ្រឿងញៀន ឲ្យរញ៉ី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ម្ដេចមិនសួរខ្លួនឯងថា«អញមកកាន់តួនាទីនៅទីនេះ ម្ដេចឲ្យរឿងទាំងនេះកើតក្នុងទឹកដីអញគ្រប់គ្រង យ៉ាងគឃ្លើនបែបនេះ?«។ ដូចនេះ វាជាការងារចាំបាច់របស់អភិបាលដែលត្រូវសកម្មមើលការខុសត្រូវផ្នែកសណ្ដាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋ។
តែក្នុងបរិបទសព្វថ្ងៃ ត្រឹមតែការពារ មិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់តួនាទីអភិបាល។ សង្គមចេះតែវិវឌ្ឍន៍ មិនថាសង្គមខ្មែរ ឬនៅពិភពខាងក្រៅ។ ដូចនេះអភិបាល ត្រូវចេះច្នៃប្រឌិដ្ឋ គិតគូរអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ មិនត្រឹមតែមើលទៅខេត្តដទៃ ស្រុកដទៃ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែត្រូវមើលដល់ប្រទេសផ្សេងៗ សិក្សារៀនសូត្រពីគេ ដូចជាផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ជីវភាពប្រជាជន និងការផ្ដល់សេវាសាធារណៈផ្សេងៗ។
ខេត្តនីមួយៗសុទ្ធតែមានសក្ដានុពលរៀងៗខ្លួន មិនថាខេត្តតូច ខេត្តធំ ជាអាទិ៍ ទេសចរណ៍ កសិកម្ម។ ព្យាយាមទាក់ទាញការវិនិយោគទាំងតូចទាំងធំ ជំរុញប្រជាពលរដ្ឋផលិត កែច្នៃលក់ចេញ។ អភិបាលត្រូវរៀបចំតំបន់ទេសចរណ៍របស់ខ្លួនឲ្យទាក់ទាញ។ កន្លែងមួយចំនួន ដូចគ្មានការគិតគូរបន្ថែមសោះ គឺមានតែធម្មជាតិដែលកើតនៅទីនោះស្រាប់ (ឧទាហរណ៍ទឹកធ្លាក់) និងមានផ្លូវចូលតែប៉ុណ្នឹង។ កន្លែងមួយចំនួនផ្លូវចូលនៅមានផ្លូវដីក្រហម ផ្លូវហុយ គ្មានការដាំដើមឈើអីជាដើម ដើម្បីឲ្យគេទៅដល់តំបន់នោះមានអារម្មណ៍ត្រជាក់ចិត្តតែម្ដង ថានេះពិតជាកន្លែងទេសចរណ៍មែន មិនមែនយូរទៅខ្សត់ភ្ញៀវទៅៗ។
នៅនិយាយរឿងខ្វះការគិតគូររៀបចំនេះដដែល គឺរឿងផ្លូវ។ នៅមូលដ្ឋានខ្លះ ផ្លូវចាប់ផ្ដើមស្ថាបនាជាផ្លូវបេតុងជាបណ្ដើរៗ។ បើពីមុនជាផ្លូវលំដីហុយមិនថាទេ តែនេះផ្លូវបេតុងទៅហើយ។ នៅខណ្ឌខ្លះមានផ្លូវកៅស៊ូ ផ្លូវបេតុងអ៊ីចឹងមែន តែនៅលើផ្លូវអត់ល្អមើល គ្មានផាសុកភាពនោះទេ។ ធូលីដីនៅលើផ្លូវសម្បើមណាស់ នៅហុយណាស់។ ចុះបើជួលកម្មករ និងមានឧបករណ៍ រួចសម្អាតជាប្រចាំទៅ ដូចមិនចំណាយអីធំដុំទេ ហើយផ្ដល់ការងារធ្វើទៀត។ ការងារនេះដូចមិនចាំបាច់រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីគិតគូរឲ្យ ឬបញ្ជានោះទេ។ រឿងតូចតែឆ្លុះបញ្ចាំងពីការដឹកនាំរបស់អភិបាល។
ការរៀបរាប់ខាងលើគ្រាន់តែលើកជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ មិនអាចរៀបរាប់អស់ទេ។ តែយ៉ាងណា បើអភិបាលដែលកំពុងកាន់ការងារសព្វថ្ងៃ គិតគូរឃើញបញ្ហាផ្សេងៗពីនោះ ឃើញដំណោះស្រាយណាល្អៗ ក៏ធ្វើទៅតាមនោះទៅ សំខាន់ឲ្យតែជាអភិបាលដែលខ្នះខ្នែង មានទំនួលខុសត្រូវ និងចេះអៀនខ្មាស ក្នុងនាមខ្លួនជាអ្នកគ្រប់គ្រងថែរក្សាទឹកដីមួយរូប។
ពិបាកវែកញែកបន្តិច រវាងអភិបាលខ្នះខ្នែង-មានសមត្ថភាពធ្វើការ និងអភិបាលដែលទន់ខ្សោយ។ មើលទៅដូចសុទ្ធតែអ្នកធ្វើទាំងអស់គ្នា។ ពិបាកជាងការវាយតម្លៃទៅលើក្រសួងទៅទៀត។ តែប្រជាពលរដ្ឋ ដែលរស់នៅក្នុងដែនដីនោះស្រាប់ ទំនងជាដឹងពីការដឹកនាំនៅទីនោះយ៉ាងម៉េច អីយ៉ាងណា គឺដឹងជាងថ្នាក់ដឹកនាំខាងលើ។ បើលោកឧទាហរណ៍រឿងសោភ័ណភាពក្នុងដែនដីវិញ ថ្នាក់លើវាយតម្លៃថ្នាក់ក្រោម គឺពិបាកហើយ ព្រោះពេលពួកគាត់ចុះមកសម្ពោធសមិទ្ធផលម្ដងៗ គេរៀបចំយ៉ាងស្អាតភ្លឹងៗតាំងពីផ្លូវស្អីផ្សេងៗ ហើយបើកន្លែងហ្នឹងមានគេហដ្ឋានថ្នាក់ដឹកនាំស្នាក់នៅ ក៏ទីនោះគេធ្វើឲ្យស្អាតផងដែរ។ រឿងថ្នាក់ដឹកនាំរដ្ឋាភិបាល ចង់វាយតម្លៃអភិបាល គឺថាពិបាកក៏ថាបាន ធ្វើយ៉ាងម៉េចអាចមើលគ្រប់ជ្រុងជ្រោយទូទាំងប្រទេសនោះ។ រឿងនេះមានតែធ្វើតាមឋានានុក្រម។ «ខ្ញុំជ្រើសតាំងអ្នកឯង អ្នកឯងត្រូវជួយមើលការខុសត្រូវជំនួសខ្ញុំត្រឹមដែនសមត្ថកិច្ចដែលប្រគល់ឲ្យ បើធ្វើមិនបានត្រូវទទួលខុសត្រូវ ឬមួយខ្ញុំរើសអ្នកផ្សេងដែលល្អជាងអ្នក មកជំនួសតំណែងនេះ»។ អ៊ីចឹងអ្នកនោះត្រូវជួយមើលអ្នកផ្សេងទៀតនៅក្នុងឋានុក្រមក្រោមខ្លួនបន្តទៀត។ ចៀសវាងយ៉ាងណាដូចពាក្យថា«ឲ្យតែគេចផុតពីភ្នែកថ្នាក់លើទៅ ធ្វើអីក៏បានដែរ»។ អភិបាលបែបនេះ មិនល្អឡើយ។
បើនិយាយទៅ ថ្នាក់លើចង់ដឹងពីអភិបាលណាម្នាក់ក៏មិនពិបាកអីពេកដែរ។ រឿងអីមិនដឹង ថាអ្នកនោះជាអ្នកខ្វល់ខ្វាយ ឬមិនខ្វល់ខ្វាយពីដែនដីរបស់ខ្លួន ជាអ្នកខ្នះខ្នែង ឬមិនខ្វះខ្នែង មានសមត្ថភាព ឬគ្មាន។ ថ្នាក់ដឹកនាំមួយរូបៗ សុទ្ធតែមានបទពិសោធន៍ការងារ និងធ្លាប់ប្រាស្រ័យទាក់ទងជាមូយមនុស្ស មិនចេះតិចឆ្នាំទេ។ សំខាន់ឲ្យតែកុំវាយតម្លៃតាមអារម្មណ៍ គេយកចិត្ត គេផ្គាប់ផ្គុន ទោះបានហើយ។ កាន់តែផ្គាប់ផ្គុន កាន់តែប្រឹងសម្ដែង ក៏កាន់តែដឹងទៅទៀត ថាអ្នកនោះយ៉ាងម៉េច បើអ្នកធ្វើការអស់ពីចិត្តពីថ្លើមមែន មិនសូវចេះទេអារឿងហ្នឹង។
ជាការកត់សម្គាល់មួយ គឺសព្វថ្ងៃនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលឬថ្នាក់កំពូល និងប្រជាពលរដ្ឋ កាន់តែខិតជិតគ្នា កាន់តែដឹងពីគ្នា តាមរយៈប្រពន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្ដាណសង្គម។ បែបនេះនឹងកាន់តែរុញច្រានឲ្យអភិបាលខិតខំធ្វើការអភិវឌ្ឍ និងហ៊ានប្រព្រឹត្តទៅទង្វើបំផ្លាញ។ តែអភិបាលដែលខិតខំធ្វើដោយចេញពីចិត្តរបស់ខ្លួន គឺល្អណាស់ មិនដូចអភិបាលដែលធ្វើដើម្បីផ្គាប់ចិត្តថ្នាក់លើ ធ្វើដោយសារខ្លាចភ្នែកថ្នាក់លើ ធ្វើដោយសារខ្លាចពលរដ្ឋរាយការណ៍។
សរុបមក គឺអភិបាលមិនអាចជាអ្នកចូលរួមធ្វើឲ្យរំខាន ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ បំផ្លាញធនធានជាតិ ជាដាច់ខាត។ តែត្រូវជាអ្នកនាំមុខក្នុងការនាំមកនូវសុខមាលភាពក្នុងដែនដីរបស់ខ្លួន តាមរយៈការរកគំនិតអភិវឌ្ឍន៍ ហើយបង្ក្រាបរាល់ទង្វើគឃ្លើនដែលនាំមកនូវក្ដីអន្តរាយក្នុងមូលដ្ឋានរបស់ខ្លួន។ បើគ្រាន់តែចេះបើកអង្គប្រជុំ ប្រជុំនាយប្រជុំអាយ ធ្វើការងាររដ្ឋបាលប្រចាំថ្ងៃ ឆ្លងឯកសារ សញ្ញ៉េអីតិចតួច ពីណាក៏ធ្វើបានដែរ៕