ជាតិ
អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​ចាប់​ត្រី​រួមគ្នា​អភិរក្ស​ទំនៀម​បុរាណ​
23, Jan 2020 , 8:19 pm        
រូបភាព
​សៀមរាប​៖ អ្នកភូមិ​បង្កោង នឹង​រៀបចំ​ពិធី​ចាប់​ត្រី​រួមគ្នា​នៅ​ថ្ងៃទី​២៥ មករា ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត ខែមាឃ​។ ពិធី​នេះ​គឺជា​ការអភិរក្ស​ទំនៀម​បុរាណ​ដែល​អ្នកភូមិ​នេះ​មាន​ទំនៀម​តាំងពី​ដូនតា​មក​។​

 
​ដូច​សព្វមួយដង រាល់ថ្ងៃ​១​កើត ខែមាឃ អ្នកភូមិ​បង្កោង​បានកំណត់​វេលា​មួយ​សម្រាប់​រៀបចំ​ពិធី​ចាប់​ត្រី​រួម​នៅក្នុង​បឹង​អភិរក្ស​មួយកន្លែង​ក្នុងភូមិ ឈ្មោះថា «​បឹង​»​។ នៅ​ឆ្នាំនេះ ពិធី​ធ្វើ​ចំ​ថ្ងៃទី​២៥ មករា ឆ្នាំ​២០២០ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា នៅ​ថ្ងៃ​៣ កើត ខែមាឃ ដែល​ត្រូវ​នឹង​ថ្ងៃទី​២៧ មករា​។​
 
​មេភូមិ​បង្កោង​លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធី​នេះ​ចាប់ផ្តើម​នៅ​ព្រឹក​ម៉ោង​៦ ដោយមាន​ការចាក់​ភ្លេង មីក្រូ ធុងបាស ដើម្បី​ញុំ​ា​ង​ឱ្យ​ពិធី​នេះ​កាន់តែ​អ​ធឹ​ក​អធម​។ បឹង ត្រូវបាន​អ្នកភូមិ​បង្កោង​ប្រើប្រាស់​រួម និង​អភិរក្ស​មិនឱ្យ​មានការ​នេសាទ​អ្វី​ទាំងអស់ គឺ​ទុក​សម្រាប់​ថ្ងៃ​ពិធី​ចាប់​រួមគ្នា​តែម្ដង ហើយ​ឧបករណ៍​ចាប់​ត្រី​ក៏​អនុញ្ញាត​តែ​ឧបករណ៍​បុរាណ​មាន សំណាញ់ ឈ្នាង និង​អ​ង្រុ​ក​តែប៉ុណ្ណោះ​។  នេះ​ជាការ​បញ្ជាក់​ពី​លោក​មេភូមិ​បង្កោង​។​
 
​តាម​ការលើកឡើង​រប​ស់លោក ពេជ្រ ឃិន ពិធី​ចាប់​ត្រី​នេះ​គឺ​ទំនៀមទម្លាប់​របស់​អ្នកភូមិ​បង្កោង ដែល​លោក​មិនដឹងថា​មាន​ប្រភពពី​ណា​មក​ដែរ​។ លោក​បន្ថែមថា អ្នកភូមិ​ចាប់​ត្រី​និង​ហូប​ជុំគ្នា​នៅ​កន្លែង​បឹង ហើយ​ទុក​ខ្លះ​សម្រាប់ធ្វើ​ទឹក​សម្ល​នំ​បញ្ចុក ដើម្បី​យកទៅ​សាលាឆទាន​នៅ​ថ្ងៃ​ឡើង​មាឃ​ឬ​ឡើងអ្នកតា​។ លោក​មេភូមិ​បញ្ជាក់ថា អ្នកភូមិ​បន្តធ្វើ​ទំនៀម​នេះ​មិនដែល​ខាន​ឡើយ​៕
 

Tag:
 ចាប់​ត្រី​
  ភូមិ​បង្កោង​
© រក្សាសិទ្ធិដោយ thmeythmey.com