ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចងការប្រាក់២ពាន់ដុល្លារទិញដើមអង្គាសីល អ្នកស្រី មុំ ប្រឈមខាតច្រើនដោយផ្ការីកមុនថ្ងៃសែនចិន
× ភ្នំពេញ៖ អ្នកស្រី ស្រី មុំ បានចងការប្រាក់ពីឯកជនចំនួន២ពាន់ដុល្លា ដើម្បីបោះទុនទិញផ្កាអង្គាសីល មក លក់នៅពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៤-២៧ ខែមករានេះ។ អាជីវករ ស្រី មុំ ដែលលក់ដើមផ្កាអង្គាសីលនៅវត្តទឹកថ្លា បានអះអាងថា ដើមផ្កាអង្គាសីលឆ្នាំនេះសម្បូរផ្កាជាងឆ្នាំមុន ប៉ុន្តែ ដោយសារអាកាសធាតុក្ដៅ និងមិនមានភ្លៀងធ្លាក់ផង ទើបធ្វើឲ្យផ្កាឆាប់រីក។ នៅពេលផ្ការីកលឿនពេកធ្វើឲ្យតម្លៃធ្លាក់ចុះ ដែលធ្វើអ្នកស្រីមុំប្រឈមនឹងខាតជាងចំណេញ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានThmeyThmey.Com ជាមួយ អ្នកស្រី ស្រី មុំ អ្នកលក់ដើមផ្កាអង្គាសីលដូចតទៅ៖
«ពិបាកចិត្តខ្លាចអត់លុយសងគេ ដេកអត់លក់ ដេកតែគិត មិនដឹងធ្វើយ៉ាងម៉េច ឲ្យលក់ផ្កាឲ្យចេញ ឲ្យបានដើមខ្លះ ឬមួយបានចំណេញខ្លះ»។ នេះជាក្តីបារម្ភរបស់អាជីវករ ស្រី មុំ ដែលបានខ្ចីប្រាក់គេទាំងស្រុកចំនួន២ពាន់ដុល្លារ មករកស៊ីលក់ដើមផ្កាអង្គាសីលនារដូវចូលឆ្នាំចិន-រៀតណាម ឆ្នាំ២០២០ នេះ។
រាល់ឆ្នាំអ្នកស្រី មុំ យកផ្កាអង្គាសីលពីខេត្តពោធិ៍សាត់ តែឆ្នាំនេះដោយចង់សាកល្បងកន្លែងថ្មី អ្នកស្រីក៏បានយកផ្កាពីភ្នំឱរ៉ាល់នៅខេត្តកំពង់ស្ពឺមកលក់វិញ។ អ្នកស្រី មុំ បានអះអាងថា ផ្កានៅភ្នំឱរ៉ាលល្អជាងនៅផ្កានៅខេត្តពោធិ៍សាត់ ព្រោះនៅខាងឱរ៉ាលភ្នំខ្ពស់ជាង និងមានគ្រាប់ផ្កាច្រើន។ បើទោះជាផ្កាល្អយ៉ាងនេះក្តី តែបញ្ហាប្រឈមដែលនាំឲ្យអ្នកស្រីខាតបង់ប្រាក់ច្រើន គឺបណ្តាលមកពីអាកាសធាតុក្ដៅ និងមិនមានភ្លៀងធ្លាក់កក់ខែដូចឆ្នាំមុន។
អាជីវករវ័យ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ដែលមានបទពិសោធលក់ផ្កាអង្គាសីល១៣ឆ្នាំ រូបនេះ បានឲ្យដឹងថា ដើមផ្កាអង្គាសីលរបស់អ្នកស្រីអាចលក់ថ្លៃបំផុតត្រឹម២០០ដុល្លារ និងតម្លៃទាបត្រឹម២០ដុល្លារ។ កាលពីឆ្នាំ២០១៩ អ្នកស្រី មុំ បានចំណាយដើមទុនអស់១,៥០០ដុល្លារ ដោយចំណេញបានប្រាក់ត្រឹមតែ ២០០ទៅទៅ៣០០ដុល្លារ ប៉ុណ្ណោះ៕
Tag:
អង្គាសីល
ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com