អន្តរជាតិ
លោកស្រី ការី ឡាំ ជម្នះបន្តដឹកនាំហុងកុង ដោយសំអាងថាមានវិបត្តិត្រូវដោះស្រាយ ប្រធានប្រតិបត្តិទីក្រុង ហុងកុង លោកស្រី ការី ឡាំ ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃថ្ងៃ ២២ មករា ឆ្នាំ២០២០ នាទីក្រុង Davos ប្រទេសស្វីស
× ប្រធានប្រតិបត្តិហុងកុង លោកស្រី ការី ឡាំ បានបញ្ជាក់ថា ទីក្រុង ហុងកុង មានវិបត្តិខ្លះត្រូវដោះស្រាយ។ ដោយបដិសេធការទាមទារឲ្យលាលែងពីតំណែង មេដឹកនាំរូបនេះ អះអាងថា លោកស្រីនឹងបន្តដឹកនាំទីក្រុងនេះទៀត។
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី២២ ខែមករា នាទីក្រុង Davos ប្រទេសស្វីស លោកស្រី ការី ឡាំ លើកឡើងថា លោកស្រីត្រូវតែរក្សាតំណែងជាមេដឹកនាំហុងកុងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងកូរ៉ូណាវីរុស។ ត្រង់ចំណុចនេះ លោកស្រី អះអាងថា៖«គ្មានអ្វីសំខាន់ច្រើនជាងនីតិរដ្ឋឡើយ»។ គិតមកទល់ពេលនេះ ជំងឺរលាកសួតប្រភេទថ្មីនេះ បានសម្លាប់មនុស្ស១៧នាក់ហើយក្នុងប្រទេសចិន។
«វានឹងងាយស្រួលក្នុងការរត់គេចពីស្ថានភាពនេះ»។ លោកស្រី ការី ឡាំ លើកឡើងបែបនេះនៅចំពោះមុខមេដឹកនាំពិភពលោកដទៃទៀត ដោយបន្ថែមថា ក៏ប៉ុន្តែវាពិបាកក្នុងការដឹកនាំនិងអនុវត្តគោលនយោបាយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកស្រីសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលឈ្វេងយល់ពីរចនាសម្ព័ន្ធនយោបាយរបស់ហុងកុង ការចាកចេញពីតំណែងរបស់លោកស្រី នឹងកាន់តែធ្វើឲ្យស្ថានការណ៍ដុនដាបថែមទៀត។
ការលើកឡើងរបស់លោកស្រី ការី ឡាំ ផ្ទុយនឹងសម្តីលោកស្រី កាលពីខែ សីហា ឆ្នាំ២០១៩កន្លងទៅ។ ក្នុងសារអាត់សំឡេងមួយដែលទីភ្នាក់ងារព័ត៌មាន Reuters លោកស្រីប្រធាន បានបញ្ជាក់ក្នុងជំនួបឯកជនដែលមានអ្នកជំនួញធំៗហុងកុងថា លោកស្រី បានបង្កើតការបំផ្លិចបំផ្លាញដ៏ធំដែលពុំអាចលែងទោសឲ្យបាន ដោយការបញ្ឆេះវិបត្តិនេះ។ លោក ស្រី សង្កត់ធ្ងន់ថា លោកស្រី នឹងលាលែងពីតំណែងកំពូលនេះ ប្រសិនបើលោកស្រីបានអនុញ្ញាតឲ្យធ្វើដូច្នេះ។
ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយអាជ្ញាធរហុងកុង បានដាក់បុរសម្នាក់ដែលសង្ស័យថា ផ្ទុកវីរុសប្រភេទថ្មី ឲ្យនៅដាច់ដោយឡែកពីគេ លោកស្រី ការី ឡាំ លើកឡើងថា អាជ្ញាធរលោកស្រី បានដាក់ចេញចំណាត់ការចាំបាច់នានាដើម្បីទប់ទល់នឹងបញ្ហានេះ ហើយទទួលស្គាល់ថា ក្រុងហុងកុងបានរៀនសូត្រពីបញ្ហាវីរុស SARS ដែលបានសម្លាប់មនុស្សជិត៣០០នាក់ក្នុងទីក្រុងនេះ កាលពីឆ្នាំ២០០៣។ លោកស្រីនិយាយបែបនេះថា ភ្នាក់ងារសុខាភិបាលហុងកុង មានភាពប្រុងប្រយ័ត្នខ្ពស់ និងតាមដានជានិច្ច ខណៈមនុស្សកាន់តែច្រើន បានចេញចូលព្រំដែនហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com