ជាតិ
រយៈពេល​១៣​ឆ្នាំ ខេត្តពោធិ៍សាត់ ផលិត និង​លក់​បន្លែ​សុវត្ថិភាព​បាន​ជាង​១​ពាន់​តោន​
24, Jan 2020 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ គិត​ចាប់ពី​ឆ្នាំ​២០០៧ មកដល់​ដើមឆ្នាំ​២០២០​នេះ​ខេត្តពោធិ៍សាត់ បាន​ដាំ​ដុះ និង​លក់​បន្លែ​សុវត្ថិភាព បាន​ជាង​១​ពាន់​តោន​។ នេះ​បើតាម លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដែល​បាន​ថ្លែង នៅក្នុង​ពិធី​ប្រកាស​ឲ្យ​ដាក់​ដំណើរការ អង្គភាព​ច្រកចេញចូល​តែមួយ កាលពី​ថ្ងៃទី​២២ ខែមករា​កន្លងទៅ​។​


 
​លោក ម៉ៅ ធនិន បាន​លើកឡើងថា រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​គាំទ្រ​ដល់​ការដាំដុះ​បន្លែ​សុវត្ថិភាព ចាប់ពី​ឆ្នាំ​២០០៧ រហូតដល់​បច្ចុប្បន្ន ដោយ​ផលិត​បាន​បន្លែ​សុវត្ថិភាព និង​លក់បាន​ចំនួន ១,០៥៤​តោន​។​
 
​ផ្ទៃដី​កសិកម្ម​នៅក្នុង​ខេត្តពោធិ៍សាត់ មាន​ជិត​៣៥​ម៉ឺន​ហិកតា ក្នុងនោះ​មាន​ដំណាំ​ស្រូវ កៅស៊ូ  ក្រូចពោធិ៍សាត់ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​។ នេះ​បើតាម​លោក​អភិបាលខេត្ត​នៅក្នុង​ពិធី​នោះ លោក ម៉ៅ ធនិន ក៏បាន​លើកឡើង​ពី​សក្តានុពល​ទេសចរណ៍​នៅក្នុង​ខេត្ត​របស់ខ្លួន​ផងដែរ​។

បើតាម​អភិបាលខេត្ត ខេត្តពោធិ៍សាត់ មាន​តំបន់​ទេសចរណ៍​សក្តានុពល​ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​, ភូមិ​អណ្ដែត​ទឹក​កំពង់ហ្លួង​, រមណីយដ្ឋាន​ភ្នំ​តាង​ក្រា​ច​, រមណីយដ្ឋាន​ល្បាក់​កំ​រោ​ញ​, ដែន​ជម្រក​សត្វ​ស្លាប​បឹង​ព្រះ​គ​ន្លី​, តំបន់​ផ្សងព្រេង​ភ្នំ​ទំព័រ (​កម្ពស់​១៥៥១​ម៉ែត្រ​), តំបន់​អេកូ​ទេសចរណ៍​អូរ​សោម​, ទេសភាព​វា​រី​អគ្គិសនី​, ព្រៃ​ក្រវាញ​, ទឹកធ្លាក់​ព្រៃស្ដុក និង​ទឹកជ្រោះ​ធ្លាក់​ពីលើ​ភ្នំ​ជាដើម​។ ក្នុង​ឆ្នាំ​២០១៩ ខេត្ត​នេះ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ ជាង​៥​សែន​នាក់ និង​អន្តរជាតិ​ជាង​៨​ពាន់​នាក់​៕
 

Tag:
 កសិកម្ម​
 ​ពោធិ៍សាត់​
 ​បន្លែ​សុវត្ថិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com