ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គី តិច ថា លោក សម រង្ស៊ី បានផ្ដល់​ភស្តុតាង​ថ្មី សម្រាប់​ដាក់បន្ទុក​លោក កឹម សុខា​
23, Jan 2020 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល អះអាងថា ខ្លួន​មាន​ភស្តុតាង​ថ្មី​ទៀត សម្រាប់​ដាក់បន្ទុក​លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ នោះ​គឺ​សារ​លោក សម រង្ស៊ី ដែល​បាន​អះអាងថា លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​«​ឧក្រិដ្ឋកម្ម ស​ន្ទិ​ដ្ឋិ​ភាព គឺ​សមគំនិត​ជាមួយ​បរទេស​»​។ មេធាវី​រដ្ឋាភិបាល ថា សារ​របស់លោក សម រង្ស៊ី នេះ​នឹង​ក្លាយជា​ភស្តុតាង​រឹងមាំ​ថែមទៀត ដែល​ធ្វើឱ្យ​លោក កឹម សុខា មិនអាច​គេចផុត​ពី​ទោស​បានទេ​។


«​ខ្ញុំ​អរគុណ សម រង្ស៊ី ចំពោះ​ការបង្ហាញ​ភស្តុតាង​ដាក់បន្ទុក សម្រាប់​ខ្លួនឯង ក៏ដូចជា​ភស្តុតាង​ដាក់បន្ទុក​ជនជាប់ចោទ កឹម សុខា​»​។ នេះ​ជាការ​លើកឡើង​របស់លោក គី តិច មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល ដែល​បាន​ថ្លែង​បែប​ចំអក​ថា លោក សម រង្ស៊ី បានផ្តល់​ភស្តុតាង​ឱ្យ​តុលាការ​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ស្រាវជ្រាវ​រក​បន្ថែម តាមរយៈ​ការ​បង្ហោះ​សារ​ទទួលស្គាល់​ពីស​កម្ម​ភាព​ក្បត់ជាតិ​ខ្លួន រួមទាំង​លោក កឹម សុខា​។​
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា លោក និង​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការ​គប់គិត​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល​។ «​កឹម សុខា ពាក់ព័ន្ធ​តិចជាង សម រង្ស៊ី ឆ្ងាយ​ណាស់ ក្នុង​ឧក្រិដ្ឋកម្ម ស​ន្ទិ​ដ្ឋិ​ភាព គឺ​សមគំនិត​ជាមួយ​បរទេស ដើម្បី​រៀបចំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​របប ហ៊ុន សែន តាម​ការចោទប្រកាន់​ពី​តុលាការ​ទីក្រុង​ភ្នំពេញ​»​។ នេះ​ជាការ​សំណេ​របស់លោក សម រង្ស៊ី​។​


 
​លោក សម រង្ស៊ី ដែល​បាន​បង្ហោះ​រូបលោក និង​លោក កឹម សុខា ជួប​ជាមួយ​បរទេស​ជាង​២០​សន្លឹក​នោះ បានបញ្ជាក់​បន្ថែមថា​៖ «​នេះ​ជា​សំណុំ​ឯកសារ​ទី ២ ដែល​ខ្ញុំ សម រង្ស៊ី ផ្ញើជូន​តុលាការ​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជាក់​ជា​ភស្តុតាង​ថា​ខ្ញុំ​បាន​សហការ​ជាមួយ​អង្គការ​បរទេស​ជាច្រើន ក្នុង​គោលបំណង​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នយោបាយ នៅ​ប្រទេស​កម្ពុជា គឺ​ផ្លាស់ប្តូរ​ពី​របប​ផ្តាច់ការ មក​របប​ប្រជាធិបតេយ្យ​»​។​
 
​ដោយសារ​ឃើញ​សំណេរ​របស់លោក សម រង្ស៊ី ខាងលើនេះ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល លោក គី តិច ហ៊ាន​អះអាងថា លោក កឹម សុខា ទំនងជា​មិនអាច​ឈ្នះក្តី​នេះ​បានឡើយ​។ «​ខ្ញុំ​អរគុណ​ចំពោះ​ការស្វែងរក​ភស្តុតាង​ដ៏​មាន​សារសំខាន់​នេះ ទី​១ គឺ​ខ្ញុំ​សង្ឃឹមថា តំណាង​អយ្យការ សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​ចៅក្រម​ស៊ើបសួរ​ច្បាស់​ជា​ប្រមូល​ភស្តុតាង​ដែល​សម រ​ង្ស៉ី បានបង្ហាញ ទុក​សម្រាប់​ដាក់បន្ទុក​បន្ថែម​ទាំង​ទណ្ឌិត សម រ​ង្ស៉ី ទាំង​ជនជាប់ចោទ កឹម សុខា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គី តិច ដែល​បាន​សង្កត់ធ្ងន់ថា សំណុំរឿង​លោក កឹម សុខា នេះ ត្រូវបាន​តុលាការ​បំបែក​រួចហើយ ដើម្បី​រង់ចាំ​ស្វាគមន៍​លោក សម រ​ង្ស៉ី ។​
 
​មេធាវី​ការពារ​ក្តី​លោក កឹម សុខា មិន​បារម្ភ​ពី​សំណេរ​របស់លោក សម រង្ស៊ី នេះ ក្លាយជា​បន្ទុក​បន្ថែម​ដល់​កូនក្តី​ខ្លួន​ឡើយ​។ ត្រង់ចំណុច​នេះ​លោក ចាន់ ចេ​ន បាន​អះអាងថា កូនក្តី​ខ្លួន​គឺជា​មនុស្ស​ស្អាតស្អំ ហើយ​ប្រកាន់​គោលនយោបាយ​អហិង្សា ដោយ​គ្មាន​គំនិត​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ដូច​ការចោទប្រកាន់​ឡើយ​។ លោក ចាន់ ចេ​ន ក៏​ឆ្លៀត​តប​ទៅ​លោក សម រង្ស៊ី វិញ​ថា លោក រង្ស៊ី តែងតែ​លួច​ឱកាស​កេងចំណេញ​នយោបាយ​លើ​កូនក្តី​ខ្លួន​ជា​ញឹកញយ ដូចជា​ការយក​សេរីភាព​លោក កឹម សុខា ទៅ​ភ្នាល់​ជាមួយ​សម្ដេច ហ៊ុន សែន ជាដើម​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មេធាវី​ការពារ​ក្តី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ទោះបីថា អ្នកណា​លើក​ភស្តុតាង​អី ដាក់​អី វា​គឺជា​សិទ្ធិ​របស់​ភាគី​ម្ខាង​ទៀត ក្នុងការ​ស្វែងរក​ភស្តុតាង​ជូន​តុលាការ​។ ប៉ុន្តែ​សួរថា តើ​ភស្តុតាង​នោះ វា​មានតម្លៃ ហើយ​វា​អាស្រ័យ​លើ​ការសម្រេច​របស់​ចៅក្រម ក្នុងការ​ជំនុំជម្រះ​ទេ​»​។​
 
​នៅ​ព្រឹក​ថ្ងៃទី​២៣ មករា តុលាការ​បាន​បន្តដំណើ​រការ​សវនាការ​ក្តី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយមាន​ការសួរដេញដោល​លើ​សកម្មភាព​រយៈពេល​២០​ឆ្នាំ របស់​មេដឹកនាំ​រូបនេះ ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដល់​២០១៣ ។ ការសួរដេញដោល​គ្នា​នេះ គឺ​យោងតាម​វីដេអូ​វែង​រយៈពេល​ជាង​១​ម៉ោង​របស់លោក កឹម សុខា និង​វីដេអូ​២​នាទី​របស់​មេធាវី​រដ្ឋា​ភិ​បាល​។ ឃ្លី​ប​វីដេអូ​ទាំងពីរ​នេះ គឺមាន​ទាំង​សំឡេង​និង​រូបភាព​លោក កឹម សុខា ថ្លែង​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី តាំងពី​ឆ្នាំ​២០១៣ អំឡុង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥​។​
​អយ្យការ​អម​សាលាដំបូង​២​រូប គឺ​លោក ប្លង់ សុផល និង​លោក ធា​ម ពិសិដ្ឋ រួមទាំង​មេធាវី​រដ្ឋាភិបាល​៤​រូប ដឹកនាំ​ដោយ​លោក គី តិច បាន​ចោទសួរ​លោក កឹម សុខា មិនតិចជាង​៤០​សំនួរ ជុំវិញ​ទំនាក់ទំនង​ជាមួយ​អាមេរិក , ការបង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ,​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស និង​ធ្វើជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ពាក្យពេចន៍​របស់លោក កឹម សុខា ដែល​គេ​សង្ស័យថា បង្កប់​អត្ថន័យ​ក្នុង​បំណង​ផ្ដួល​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​សំនួរ​ទាំងអស់នេះ ត្រូវបាន​លោក កឹម សុខា បកស្រាយ​តាម​លំដាប់លំដោយ​នៃ​ពាក្យពេចន៍​នីមួយៗ​នៅតាម​ចំណុច ដែល​ព្រះរាជអាជ្ញា និង​មេធាវី​រដ្ឋាភិបាល បានកត់សម្គាល់​។ សរុបសេចក្តី​នៃ​អត្ថន័យ​ពាក្យ​ទាំងអស់នេះ លោក កឹម សុខា បាន​អះអាងថា ខ្លួន​គ្រាន់តែ​ទៅ​បកស្រាយ​ពី​ជំហរ​គណបក្ស និង​ស្ថានភាព​នយោបាយ រួមទាំង​អរគុណ​អ្នកគាំទ្រ​បក្ស នៅ​អូស្ត្រាលី​ប៉ុណ្ណោះ​។ លោក កឹម សុខា ក៏បាន​ពន្យល់​វិញ​ថា ក្នុង​ខ្លឹមសារ​វីដេអូ និង​ប្រតិ​ចា​រឹត​ទាំងស្រុង គ្មាន​ពាក្យ​ណាមួយ​ដែល​បង្ហាញថា លោក​ចង់​ធ្វើ​ប​ដិ​វដ្ត​ព័ណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​ទេ ។​
 
«​ខ្ញុំ​ចេះតែធ្វើ​អ្វី​ដោយ​អហិង្សា ធ្វើ​អ្វី​ដោយ​សន្តិវិធី​តាម​ការបោះ​ឆ្នោត ហើយ​ខ្ញុំ​អត់​ដែលមាន​គំនិត​ចង់​ធ្វើ​ប​ដិ​វដ្ដ​ព័ណ៌​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ដែល​បាន​ពន្យល់​សេចក្តី​ចុងក្រោយ​មុន​បញ្ចប់​សវនាការ​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថា ក្នុង​វីដេអូ​លោក​ជាង​១​ម៉ោង ក៏បាន​រំលេច​ពី​គោលការណ៍ និង​គោលជំហរ​ប្រកាន់​នយោបាយ​អហិង្សា និង​ប្រជាធិបតេយ្យ​ដែរ​។​
 
​គួរ​បញ្ជាក់ថា សំណុំរឿង​លោក កឹម សុខា នឹងត្រូវ​ដំណើរការ​រយៈពេល​៣​ខែ ដោយសារ​ជា​រឿងក្តី​ធំ​។ នេះ​បើតាម​តុលាការ​៕


 
 

Tag:
 គី តិច​
  សម រង្ស៊ី
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com