កីឡាជាតិ
ជាតិ
គ្រូបង្វឹក Master 7 ហាក់គ្មានជំនឿយកឈ្នះស្វាយរៀងនៅជើងទី២ តែប្តេជ្ញារៀបចំឲ្យបានល្អ លោក Catalin Mi Hai Dina គ្រូបង្វឹកក្រុម Master 7(ពាក់វែនតា)
× លោក Catalin Mi Hai Dina គ្រូបង្វឹកក្រុម Master 7 របស់ឡាវ ហាក់គ្មានជំនឿអាចវាយបកយកឈ្នះព្រះខ័នរាជស្វាយរៀងនៅជើងទី២ ដើម្បីឈានទៅវគ្គបន្តនៃពានរង្វាន់ AFC Cup 2020 នោះទេ។ ការបង្ហាញក្តីកង្វល់បែបនេះ គឺបន្ទាប់ពី Master 7 បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតជើងទី១នៅល្ងាចថ្ងៃទី២២ មករា ឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិ។ តែយ៉ាងណាគ្រូបង្វឹកសញ្ជាតិរូម៉ានីរូបនេះ ប្តេជ្ញានឹងរៀបចំក្រុមឲ្យបានល្អពេលទទួលព្រះខ័នរាជស្វាយរៀងនៅសប្តាហ៍ក្រោយ។
ក្រុមជើងឯករងលីគកំពូលឡាវ Master 7 បានរងបរាជ័យយ៉ាងចាស់ដៃ ៤-១ ក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង សម្រាប់ជំនួបវគ្គ Playoff ជើងទី១នៃពានរង្វាន់ AFC Cup 2020 កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ។ ការរបូតគ្រាប់ច្រើននៅជើងទី១ បានធ្វើឲ្យលោក Catalin Mi Hai ដែលជាគ្រូបង្វឹក ហាក់បាត់បង់ទំនុកចិត្តក្នុងការយកឈ្នះព្រះខ័នរាជស្វាយរៀងនៅជើងទី២ ដើម្បីទទួលបានកៅអីឡើងទៅវគ្គបន្តនៃពានរង្វាន់ AFC Cup 2020។
គ្រូបង្វឹករូបនេះ ទទួលស្គាល់ថា វាពិតជាលំបាកខ្លាំងណាស់ ដើម្បីរកគ្រាប់បាល់ឲ្យបានច្រើនគ្រាប់ពីព្រះខ័នរាជស្វាយរៀងត្រឡប់មកវិញ ដ្បិតពួកគេជាក្រុមមានសមត្ថភាពខ្លាំង និងសប្បូរដោយកីឡាករមានគុណភាពខ្ពស់ ជាពិសេសកីឡាករបរទេស។ លើសពីនេះ ពួកគេមានកលល្បិច និងបច្ចេកទេសខ្ពស់ក្នុងការប្រយុទ្ធ។
«យើងអាចនឹងជួបការលំបាកក្នុងការយកឈ្នះនៅជើងទី២ តែយើងនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ពេលប្រកួតលើទឹកដីរបស់ពួកយើង។ ខ្ញុំគិតថា វាពិបាកខ្លាំងណាស់បើចង់រកគ្រាប់បាល់ពី២ទៅ៣គ្រាប់ត្រឡប់វិញ ព្រោះព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំង ដែលរបូតគ្រាប់បាល់តិចជាងគេ។ ប៉ុន្តែបាល់ទាត់អ្វីៗក៏អាចកើតឡើងដែរ»។ នេះជាការលើកឡើងរបស់លោក Catalin Mi Hai ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។
ទោះបីព្រះខ័នរាជស្វាយរៀងអាចរកគ្រាប់បាល់៤គ្រាប់ពីការប្រកួតជើងទី១ក៏ដោយ តែសម្រាប់លោក Conor Nester ដែលជាគ្រូបង្វឹកមើលឃើញថា តំបន់ប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងនៅមានចំណុចខ្វះខាតជាច្រើន ដែលត្រូវកែតម្រូវ។ ការអះអាងបែបនេះ គឺបន្ទាប់ពីកីឡាករធ្វើឲ្យខកខានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់ក្នុងជំនួបជើងទី១។ គ្រូបង្វឹករូបនេះបានបន្ថែមថា អ្វីដែលក្រុមលោកត្រូវធ្វើជាបន្ត គឺសម្រាកឲ្យគ្រប់គ្រាន់ និងរៀបចំខ្លួនឲ្យបានល្អ ដើម្បីប្រកួតនៅជើងទី២នៅសប្តាហ៍ក្រោយ។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះអះអាងថា ទោះបីកូនក្រុមខ្លួនធ្វើបានល្អនៅជើងទី១ តែពួកគេមិនទាន់អាចធ្វើតាមអ្វីដែលលោកចង់បាននៅឡើយទេ។ ក្នុងន័យនេះ លោកចង់បញ្ចាក់ថា ក្រុមទាំងមូលនៅមានចំណុចខ្វះខាតនៅឡើយ ដែលត្រូវកែតម្រូវបន្ថែម។ លោកបានបន្ថែមថា សម្រាប់ការប្រកួតជើងទី២ ក្រុមព្រះខ័នរាជស្វាយរៀងនឹងបន្តលេងបែបប្រយុទ្ធដូចជើងទី១ ពោលគឺគ្មានការបន្ធូរបន្ថយ ឬលេងទប់ដោយអាងខ្លួនមានប្រៀបនោះទេ។
ជ័យជម្នះ ៤-១ ដែលជាការរួមចំណែកម្នាក់ពីរគ្រាប់ពីកីឡាករ Privat Mbarga និង ហូយ ផល្លីន ធ្វើឲ្យព្រះខ័នរាជស្វាយរៀងមានឱកាសខ្ពស់ក្នុងការឈានទៅវគ្គនៃព្រឹត្តិការណ៍ AFC Cup 2020 ដ្បិតពួកគេត្រូវការត្រឹមស្មើប៉ុណ្ណោះនៅជើងទី២៕
Tag:
បាល់ទាត់
AFC Cup
Master 7
Conor Nestor
© រក្សាសិទ្ធិដោយ thmeythmey.com