សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ម្នាក់​ទិញ​សា​ឡុង​មួយ​ទឹក ហើយ​ប្រទះឃើញ​លុយ​៤៣០០០​ដុល្លារ តែ​លោក​សម្រេច​យកទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​
23, Jan 2020 , 10:19 pm        
រូបភាព
លោក Kirby អង្គុយលើសាឡុង​ដែល​ខ្លួន​បានទិញ នាពេល​ផ្តល់បទសម្ផាសដល់អ្នកកាសែត។ រូបថត Riley Yuan
លោក Kirby អង្គុយលើសាឡុង​ដែល​ខ្លួន​បានទិញ នាពេល​ផ្តល់បទសម្ផាសដល់អ្នកកាសែត។ រូបថត Riley Yuan
ដោយ: ធីតា
​លោក Howard Kirby អាយុ​៥៤​ឆ្នាំ បាន​ទៅ​ទិញ​សា​ឡុង​មួយ​ទឹក​នៅ​ហាង​មួយ​ដែលមាន​តម្លៃ​ត្រឹមតែ ៧០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​កូនប្រសារ​ស្រី​របស់គាត់ បាន​ប្រទះឃើញ​លុយ​៤៣០០០​ដុល្លារ​អាមេរិក​ដែល​លាក់​នៅក្នុង​នោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ បុរស​អាមេរិក​រូបនោះ បាន​ស្វែងរក​ម្ចាស់​លុយ ដើម្បី​ប្រគល់​ឲ្យ​ទៅ​គេ​វិញ​។​

 
​ក្រោយ​ទិញ​សា​ឡុង​ដាក់​ផ្ទះ​ដែល​ស្ថិតនៅ​ក្រុង Ovid រដ្ឋ Michigan លោក Kirby មាន​អារម្មណ៍​ថា ទំនិញ​ជជុះ​របស់ខ្លួន ហាក់ដូចជា​ប្រហោង​ក្នុង​។ ដោយមាន​ការងឿងឆ្ងល់ កូនប្រសារ​ស្រី​របស់គាត់ បានគាស់​សា​ឡុង​នោះ ហើយ​ស្រាប់តែ​ប្រទះឃើញ​លុយ​សុទ្ធ ៤៣ ១៧០​ដុល្លារ​នៅក្នុង​នោះ​។ 
 
​លោក Kirby មិន​ត្រេកត្រអាល​នឹង​កំណប់​អាថ៌កំបាំង​នោះឡើយ ដោយ​លោក​បាន​សម្រេចចិត្ត​ទាក់ទង​ទៅ​ហាង​ដែល​លោក​បាន​ទិញ ដើម្បី​ស្វែងរក​ម្ចាស់​ដើម​។ ទីបំផុត គាត់​រកឃើញថា ម្ចាស់​សា​ឡុង​នោះ គឺជា​ស្ត្រី​ម្នាក់​។​
 
​ស្ត្រី​ដែលមាន​ឈ្មោះថា Kim Fauth-Newberry នោះ ទទួលបាន​សា​ឡុង​ពី​ជីតា ដែល​បាន​ស្លាប់​ទៅហើយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩​។ គាត់​មិន​នឹកស្មាន​សោះ​ថា ជីតា​របស់ខ្លួន​ទុក​លុយ​ដល់​ទៅ​ជាង​៤៣០០០​ដុល្លារ​កប់​ក្នុង​សា​ឡុង​។ អ្វីដែល​គាត់​បានកត់សម្គាល់​នោះ គឺ​ជីតា​ខ្លួន តែងតែមាន​ទម្លាប់​ចាយលុយ​សុទ្ធ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ ABC 12 លោក Kirby បាន​អះអាងថា លោក​មិនដែល​មានគំនិត​យកលុយ​នោះឡើយ បើទោះបីជា​វា​អាច​ឲ្យ​លោក​រស់នៅ​ដោយ​ស្រួល​ពេល​ចូលនិវត្តន៍​ក៏ដោយ​។ ដំបូង​ឡើយ លោក​ចង់​ទាក់ទង​ទៅ​មេធាវី​ដើម្បី​សាកសួរ​ពី​ការ​ទុកដាក់​លុយ​ទាំងនោះ ប៉ុន្តែ​ក៏​សម្រេចចិត្ត​ទាក់ទង​ទៅ​ហាង​លក់​សា​ឡុង​ផ្ទាល់​តែម្តង​។​
 
​លោក Kirby បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ដែល​លោក​អាច​យកលុយ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។ «​នេះហើយ​ជា​អ្វីដែល​ខ្ញុំ​បាន​ជួយ​គាត់ ខ្ញុំ​រីករាយ​ខ្លាំងណាស់​សម្រាប់​គាត់​»​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
 
​ដើម្បី​សាទរ​ចំពោះ​ភាពស្មោះត្រង់​របស់លោក Kirby បុរស​ម្នាក់ បានសម្រេច​ចិត្ត​អំពាវនាវ​តាម​អន​ឡាញ ដើម្បី​រៃអង្គាស​ថវិកា​សប្បុរស​ជូន​ដល់​លោក Kirby​។ ជាមួយគ្នានេះ មនុស្ស​ជាច្រើន​ពេញចិត្ត​ទង្វើ​របស់លោក Kirby យ៉ាងខ្លាំង ហើយ​ពួកគេ​ក៏បាន​បរិច្ចាគ​តាម​ការអំពាវនាវ​នោះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com