ជាតិ
«ផ្កាស្បៃរឿង» លក់ដាច់ មិនចាញ់ដើមផ្កាអង្គាសីលឡើយ
× ភ្នំពេញ៖ ដូចរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កាន់តែខិតជិតមកដល់ សកម្មភាពទិញលក់ដើមផ្កាអង្គាសីល ផ្កាស្បៃរឿង និងដើមក្រូចភ្នំជាដើម កាន់តែមមាញឹកនៅតាមដងផ្លូវតូចធំនារាជធានីភ្នំពេញ។ ក្រៅពីដើមផ្កាអង្គាសីលដែលគេពេញនិយមបំផុត យកទៅតាំងលម្អនៅថ្ងៃសែនដែលត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ អាជីវករ ឌឿន សោភា បានប្រាប់ថ្មីៗថា ផ្កាស្បៃរឿងក៏លក់ដាច់មិនចាញ់ដើមផ្កាអង្គាសីលដែរ។
មានទីតាំងនៅតាមបណ្តោយមហាវិថីហាណូយ (ផ្លូវផ្សារដីហុយ) អាជីវករ ឌឿន សោភា បានឲ្យដឹងថា ផ្កាស្បៃរឿងរបស់អ្នកស្រីមានអ្នកទិញចាប់ពី២ថូ រហូតដល់៥០ថូ។ ឯដើមផ្កាអង្គាសីលវិញ ជាធម្មតាគេទិញ១ដើម ឬ២ដើម។ ចំណែកឯ ដើមក្រូចភ្នំលក់ដាច់ល្មមប៉ុណ្ណោះ។
មានវ័យ៣៦ឆ្នាំ អាជីវករលក់ផ្ការូបនេះ បានឱ្យដឹងទៀតថា អ្នកស្រីបានលក់ផ្កាចំនួន៥០០ថូហើយ ខណៈដែលអ្នកស្រីបានទិញផ្កាស្បៃរឿងពីឈ្មួញរហូតដល់២ពាន់ថូ មកលក់ក្នុងរដូវចូលឆ្នាំចិន-វៀតណាមនេះ។ អ្នកស្រីបានរៀបរាប់ថា ផ្កាស្បៃរឿងមួយថូមានតម្លៃ៨ពាន់រៀល។ ឯដើមផ្កាអង្គាសីលដែលត្រៀមមកលក់៧០ដើម អ្នកស្រី សោភា លក់បានពាក់កណ្តាលហើយ។ ផ្កាអង្គាសីល របស់អ្នកស្រី សោភា គឺមានតម្លៃ៣៥០ ដុល្លារចុះក្នុងមួយដើម។
អ្នកស្រី ឌឿន សោភា និយាយទាំងទឹកមុខរីករាយថា ខ្លួនសង្ឃឹមថានឹងលក់ផ្កាស្បៃរឿង ដើមផ្កាអង្គាសីល និងក្រូចភ្នំអស់ និងមានគម្រោងលក់ទៀតនៅឆ្នាំក្រោយ។
សូមបញ្ជាក់ថា ដើមផ្កាអង្គាសីល ផ្កាស្បៃរឿង និងក្រូចភ្នំ សុទ្ធតែត្រូវបានគេបានយកទៅដាក់តាំងនៅផ្ទះនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជនជាតិចិន ឬអ្នកដែលមានសែស្រឡាយចិន មានជំនឿថា ដើមផ្កាទាំងនេះសុទ្ធនាំលាភសំណាងដល់គ្រួសារពួកគេ៕
Tag:
ចូលឆ្នាំចិន
ផ្កាស្បៃរឿង
ដើមអង្គាសីល
© រក្សាសិទ្ធិដោយ thmeythmey.com