ជាតិ
ឈើ​គ្រញូង​ជិត​៤០​ហិកតា ក្នុង​តំបន់​អភិរក្ស​នា​ស្រុក​បន្ទាយស្រី ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង
23, Jan 2020 , 5:10 pm        
រូបភាព
​សៀមរាប​៖ ចម្ការ​ឈើ​គ្រញូង​អាយុ​៨​ឆ្នាំ ទំហំ​ជិត​៤០​ហិកតា នៃ​ស្ថានីយ៍​ខ្នារ​រង្វាស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បាន​រង​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង ដោយសារ​ភ្លើង​ឆេះ កាលពី​យប់​ថ្ងៃទី​២១ មករា​។ អាជ្ញាធរ សង្ស័យថា ភ្លើង​ឆេះ​នេះ បណ្តាលមកពី​ប្រជាពលរដ្ឋ​ដែលមាន​ដីចម្ការ​ក្បែរ​នោះ​ដុត ក្នុង​បំណង​ពង្រីក​ផ្ទៃដី​កសិកម្ម​របស់ខ្លួន​។​

 
​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ហេតុការណ៍​ឆេះ​ព្រៃ​គ្រញូង កើតឡើង​នៅ​ម៉ោង​ប្រមាណ​៧​យប់ និង​ពន្លត់​រលត់ នៅ​ម៉ោង​ប្រមាណ​១២​យប់​។ លោក​ពន្យល់ថា ដោយសារ​កម្លាំង​ភ្លើង​សន្ធោរ​សន្ធៅ​ពេក ស្រប​នឹង​ផ្លូវ​ចូល​ចម្ការ​តូច ទើប​ធ្វើឱ្យ​ការសង្គ្រោះ​យឺតយ៉ាវ​។  
 
​តាម​ការបញ្ជាក់​ពី​លោក ម៉ុង ប៊ុន​លីម ហេតុការណ៍​ឆេះ​ចម្ការ​ដើមឈើ ក្នុង​តំបន់​អភិរក្ស​នេះ កើតឡើង​ស្ទើរ​រាល់​ឆ្នាំ ហើយ​ទីតាំង​ដែល​រងគ្រោះ​ច្រើនជាងគេ គឺ​តំបន់​ដែលមាន​ព្រំ​ក្បែរ​ជាប់​ដី​ប្រជាពលរដ្ឋ​។ ចំណុច​នេះ ធ្វើឱ្យ​រដ្ឋបាល​ព្រៃឈើ​សង្ស័យ​កាន់តែខ្លាំង ថា​ជា​ចេតនា​បុគ្គល​ដែល​ចង់​ពង្រីក​ផ្ទៃដី​ចម្ការ​ពួកគេ​។ 
 
​លោក ម៉ុង ប៊ុន​លីម ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​សកម្មភាព​ដូចជា​នានា បោះចោល​កន្ទុយបារី​ផ្ដេសផ្ដាស ឬ​ការដុត​ព្រៃ​យក​ឃ្មុំ​និង​ចាប់​សត្វ​ជាដើម ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​ធនធានធម្មជាតិ​។ បន្ថែម​ពីនេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏​ស្នើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពិសេស​ប្រជាពលរដ្ឋ ត្រូវ​សហការ​ទប់ស្កាត់ និង​ហាមឃាត់ ពេល​ឃើញ​បទល្មើស​ជាក់ស្ដែង ឬ​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ ឱ្យបាន​ទាន់ពេលវេលា​។​
 
​គួរ​បញ្ជាក់ថា ស្ថានីយ៍​ព្រៃឈើ​ខ្នារ​រង្វាស មាន​ផ្ទៃដី​សរុប ៦៧៦​ហិកតា ដែលមាន​ភូមិសាស្ដ្រ​ក្បែរ​តំបន់​ចម្ការ​គ្រញូង និង​ឈើប្រណិត​ជាច្រើន ដែល​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​វិស័យ​ឯកជន​រួមគ្នា​ដាំ​ចាប់ពី​ឆ្នាំ​២០១១​មក​៕
 

Tag:
 ភ្លើង​ឆេះ​
  គ្រញូង​
© រក្សាសិទ្ធិដោយ thmeythmey.com