ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​ទទួលទាន “​ទឹកដោះគោ​” បន្តិច​ទៅ​! ភេសជ្ជៈ​នេះ​ល្អ​ណាស់​ចំពោះ​សុខភាព​
25, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដោះគោ​ស្រស់​ជា​ភេសជ្ជៈ​ល្អ​បំផុត​មួយ​មិនមែន​សម្រាប់តែ​សុខភាព​ឆ្អឹង សាច់ដុំ និង​ធ្មេញ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ព្រមទាំង​អារម្មណ៍​ផងដែរ​។ ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​និង​ជាតិ​រ៉ែ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​សុខភាព​ល្អ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹកដោះគោ​ជាប្រចាំ ៖
 
១. កាត់បន្ថយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​

​មួយ​កែវ​នៃ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​អាចជួយ​សម្រួល​សាច់ដុំ​និង​សរសៃប្រសាទ​ធ្វើឱ្យ​អារម្មណ៍​ធូរស្រាល​គួរឱ្យកត់សម្គាល់​។ ការ​ទទួលទាន​ទឹកដោះគោ​មុនពេល​ចូល​គេង​ក៏​ជួយ​ឱ្យ​ឆាប់​គេង​លក់បាន​ស្កប់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ទឹកដោះគោ​ផ្ដល់ឱ្យ​រាងកាយ​នូវ​អ័រម៉ូន​មេ​ឡា​តូ​នី​ន​និង tryptophan ដែល​ដើរតួនាទី​យ៉ាងសំខាន់​នៅពេល​គេង​។​
 
២. គ្រប់គ្រង​ចំណង់​អាហារ​

​ការ​ទទួលទាន​ទឹកដោះគោ​ក្នុង​កម្រិត​មធ្យម​អាច​ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ នេះ​ក៏​ព្រោះតែ​ទឹកដោះគោ​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​ចំណង់​អាហារ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​។​
 
៣. ពង្រឹង​សុខភាព​បេះដូង​និង​បញ្ចុះ​សម្ពាធ​ឈាម​

​ទឹកដោះគោ​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ពង្រឹង​សាច់ដុំ​បេះដូង​កន្ត្រាក់​កាន់តែ​ប្រសើរឡើង​។ ជាតិ​រ៉ែ​នេះ​ក៏​ជួយ​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​សម្ពាធ​ឈាម​ផងដែរ​។ ប្រសិនបើ​អ្នកព្រួយបារម្ភ​ពី​ការ​កើន​ទម្ងន់ ឬ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​នៅពេល​ទទួលទាន​ទឹកដោះគោ ចូរ​ជ្រើសរើស​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប​។​
 
៤. សុខភាព​សក់​

​អាស៊ីត​ខ្លាញ់​ល្អ​និង​អាស៊ីត​អា​មី​ណូ​ក្នុង​ទឹកដោះគោ​ជួយ​រក្សា​សុខភាព​សក់​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត​ទឹកដោះគោ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​ដែល​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំខាន់​សម្រាប់​ការលូតលាស់​នៃ​សក់ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់​ផងដែរ​។​
 
៥. បំបាត់​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​

​ជាតិ​កាល់ស្យូម​ខ្ពស់​ក្នុង​ទឹកដោះគោ​ជួយ​ទប់ស្កាត់​ការប្រមូលផ្ដុំ​អាស៊ីត​ក្នុង​ក្រពះ​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​ទឹកដោះគោ​ស្រស់​ត្រជាក់​មួយ​កែវ​នៅពេលណា​អ្នកមាន​អារម្មណ៍​ថា​ក្រហាយៗ​ក្នុង​ក្រពះ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​ទឹកដោះគោ​ស្រស់​ដែល​អ្នក​ទទួលទាន​គ្មាន​ស្ករ​និង​សារធាតុ​បន្ថែម​ផ្សេងទៀត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com