សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ WHO ថា ចិន​ស្ថិតក្នុង​ស្ថានភាព​អាសន្ន ខណៈ​អ្នកស្លាប់​កើន​ដល់​២៥​នាក់​
24, Jan 2020 , 9:16 am        
រូបភាព
អ្នក​បម្រើ​ការ​តាម​អាកាសយានដ្ឋាននៅចិនសុទ្ធ​ប្រើម៉ាស​ទាំងអស់។ រូបថត AFP
អ្នក​បម្រើ​ការ​តាម​អាកាសយានដ្ឋាននៅចិនសុទ្ធ​ប្រើម៉ាស​ទាំងអស់។ រូបថត AFP
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​២៣ ខែមករា បានលើកឡើង​ពី​ស្ថានភាព​អាសន្ន​នៃ​ការ​រាតត្បាត​វីរុស​ដែល​កើតចេញពី​ទីក្រុង​វូ​ហាន​។ បើតាម​ស្ថានភាព​ជាក់ស្តែង នេះ​ជា​បញ្ហា​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​ចិន​នៅឡើយ ស្របពេល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ២៥ នាក់ ហើយ​អ្នកជំងឺ​ផ្ទុកមេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ បាន​កើន​រហូតដល់​ជាង ៨០០​ករណី​។


 
​តាម​តួលេខ​ចុងក្រោយ គណៈកម្មការ​សុខាភិបាល​ជាតិចិន បានប្រកាសថា ប្រជាជន​ចិន បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​រហូតដល់ ៨៣០​ករណី ស្របពេល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ២៥​នាក់​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក បាន​បើក​កិច្ចប្រជុំ​មួយនា​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។ ដោយ​មើលឃើញថា ជំងឺ​នេះ​គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​តែ​នៅ​ចិន និង​ការ​សាយភាយ​មាន​ចំនួន​តិច​ទៅ​ប្រទេស​មួយចំនួន អង្គការ​សុខភាព​ពិភពលោក បានប្រកាស​អាសន្ន​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ត្រឹមតែ​ជា​បញ្ហា​បារម្ភ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​។ បើតាម​ការ​របស់​ប្រធាន​គណៈកម្មាធិការ​ការប្រកាស​អាសន្ន​លើ​បញ្ហា​ជំងឺ​របស់​អង្គការ​សុខភាព​ពិភពលោក វា គឺ​លឿន​ពេក ដែល​ត្រូវ​ប្រកាស​មេរោគ​កូ​រ៉ូ​ណា​វីរុស​ជា​បញ្ហា​ព្រួយបារម្ភ​ជាស​កល ព្រោះ​ជំងឺ​នេះ កើតឡើង​តែ​នៅក្នុង​ប្រទេស​ចិន​តែប៉ុណ្ណោះ ហើយ​មិនទាន់​រីក​សាយភាយ​ខ្លាំង​ទៅ​ប្រទេស​ផ្សេង​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​គិត​ត្រឹម​ពេលនេះ មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅ​កន្លែង​ផ្សេងៗ​ដូចជា អាមេរិក​១​ករណី ថៃ​៤​ករណី វៀតណាម ២​ករណី សិង្ហ​បុរី ១​ករណី តៃវ៉ាន់ ១​ករណី ម៉ា​កាវ ២​ករណី ហុងកុង ២​ករណី ជប៉ុន ២​ករណី និង​កូរ៉េខាងត្បូង ២​ករណី​។ 
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រីកសាយ​ភាយ​ជំងឺ​កាន់តែខ្លាំង​ឡើង រដ្ឋាភិបាល​ចិន បាន​ផ្អាក​ជើងហោះហើរ​បណ្តោះអាសន្ន​សិន នៅក្នុង​ទីក្រុង​វូ​ហាន នា​ថ្ងៃទី​២៣ ខែមករា នៅ​ម៉ោង​១០​ព្រឹក​។ ចំណែក​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្សេងទៀត ក៏ត្រូវ​ផ្អាក​ដែរ រហូតដល់​មាន​មានការ​កត់សម្គាល់​ថ្មី ទើប​បើក​ដំណើរការ​វិញ​។ ដោយឡែក​ប្រជាជន នៅក្នុង​ក្រុង​វូ​ហាន កំពុង​អំពាវនាវ​រក​ជំនួយ អាហារ ម៉ាស់​ជាដើម​។  
 
​សូមបញ្ជាក់ថា អ្នក​ដែល​ឆ្លង​វីរុស​អាចមាន​រោគសញ្ញា  ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឈឺ​ក ដង្ហើម​ខ្លីៗ ហើយ​បើ​ធ្ងន់ធ្ងរ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម និង​បាត់​បង់ជីវិត​ទៀតផង ៕

Tag:
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com