កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool រក្សា​ភាពមិន​ចាញ់​ដល់​៤០​ប្រកួត ក្រោយ​ឈ្នះ Wolves
24, Jan 2020 , 10:54 am        
រូបភាព
Roberto Firmino បាន​ជួយ Liverpool បន្ត​ជ័យជម្នះ​របស់ខ្លួន​ជា​លើក​ទី​២២ ក្នុងចំណោម​ការប្រកួត​ទាំង​២៣​លើក​នៃ​ក្របខណ្ឌ Premier League ក្រោយ​យកឈ្នះ Wolverhampton Wanderers ដោយ​លទ្ធផល ២-១​។ ហង្ស​ក្រហម​នាំមុខ​ក្នុង​តារាង​១៦​ពិន្ទុ និង​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​


 
​ក្នុងការ​ប្រកួត​សប្តាហ៍​ទី ២៤ នា​កីឡដ្ឋាន Molineux នៅ​រាត្រី​ថ្ងៃទី​២៣ ខែមករា ខ្សែបម្រើ​និង​ជា​ប្រធាន​ក្រុម Jordan Henderson បានតែ​ត​បញ្ចូល​ទីមួយ​គ្រាប់​ដើម្បី​ជួយ Liverpool នាំមុខ​ម្ចាស់ផ្ទះ Wolves នៅ​នាទី​ទី​៨​នៃ​វគ្គ​ទី​១​។ 
 
​ចូលដល់​វគ្គ​ទី​ពីរ ខ្សែប្រយុទ្ធ Raul Jimenez តែ​ត​បញ្ចូល​ទី​ឲ្យ Wolves យក​ស្មើ​វិញ​នៅ​នាទី​៥៦ មុនពេល​ខ្សែប្រយុទ្ធ​ឆ្នើម Firmino សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​លោក Jurgen Klopp នៅ​នាទី​៨៤ ដើម្បី​ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត​។ 
 
​ជ័យជម្នះ ២-១ នេះ​បាន​នាំ Liverpool កើន​ពិន្ទុ​ដល់​ទៅ​៦៧​ពិន្ទុ នាំមុខ​គូប្រជែង Manchester City ដែល​ឈរ​លេខ​២​ក្នុង​តារាង​ដល់​ទៅ​១៦​ពិន្ទុ ហើយ​សល់​មួយ​ប្រកួត​ថែមទៀត​។ តាមរយៈ​ការនាំ​មុខ​ពិន្ទុ​ដ៏​ច្រើន​នេះ នឹងធ្វើ​ឲ្យ​ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Klopp មានឱកាស​ខ្ពស់​ក្នុង​ការលើក​ពាន​លី​គ​កំពូល​អង់គ្លេស​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​។​
 
Liverpool ដែលជា​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ច្រើនជាងគេ​លំដាប់​ទី​២​បន្ទាប់ Manchester United ក្នុង​ចំនួន​១៨​លើក ក៏​ជា​ក្រុមទី​៣​នៅ​អង់គ្លេស​ដែល​ប្រកួត​មិន​ចាញ់​សោះ​ចំនួន​៤០​ប្រកួត​ជាប់​ផងដែរ​។ Arsenal ជា​ក្រុមទី​១ ដែល​ប្រកួត​មិន​ចាញ់​សោះ​រយៈពេល​យូរ​ជាងគេ​ក្នុង​លី​គ​កំពូល​អង់គ្លេស រហូតដល់​៤៩​ប្រកួត ឯ Chelsea នៅ​លេខ​ពីរ ចំនួន​៤០​ប្រកួត​។ យ៉ាងណាក៏ដោយ Liverpool នៅមាន​ឱកាស​បំបែក​កំណត់ត្រា​ក្នុងការ​រក្សា​ភាពមិន​ចាញ់​បានយូរ​ជាងគេ​របស់​កាំភ្លើង​ធំ ខណៈ​តាម​ស្មើ​តោ​ខៀវ​រួចទៅហើយ​៕

Tag:
 Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com