ជាតិ
សង្គមជាតិ
លោក លឹម ក​ញ្ច​រ៉ុង​៖«​កុំ​សែន តម្រូវ​តាម​អ្នក​នៅរស់ ត្រូវតម្រូវ​តាម​ដូនតា​ដែល​ចែក​ឋាន ទើបបាន​លាភ​ជ័យ​»
12, Feb 2021 , 1:55 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជនជាតិ​ចិន​-​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​សែ​ចិន តែមាន​ទម្លាប់​រៀបចំ​ម្ហូបអាហារ ជ្រូក​ខ្វៃ មាន់​ទា ផ្លែឈើ នំចំណី បង្អែម និង​ភេសជ្ជៈ​ជាដើម ជា​គ្រឿង​សំណែនដូនតា នៅក្នុង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​។ បើតាម​លោក លឹម ក​ញ្ច​រ៉ុង បង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដ្បិត​ការរៀបចំ​ចំណីអាហារ​សែន​ដល់​ដូនតា​គឺជា​កាតព្វកិច្ច ប៉ុន្តែ​ការ​សែន​នេះ ក៏​មិនមែន​ចេះតែធ្វើ​តាមចិត្ត​នោះដែរ​។ លោក លឹម ក​ញ្ច​រ៉ុង បញ្ជាក់ នំ​ចី​ណី​សែន គឺ​ត្រូវ​រៀបចំ​តម្រូវ​អ្នក​ដែល​ចែក​ឋាន មិនមែន​តម្រូវ​អ្នក​នៅរស់​នោះទេ​។​

 
​ជា​បន្ត​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក  លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​ដូចតទៅ​៖  
 
 
​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ការរៀបចំ​ចំណីអាហារ​ប្រណិត មាន​សោភ័ណ និង​មាន​រសជាតិ​ឆ្ងាញ់ សម្រាប់​សែន​ឧទ្ទិស​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន គឺជា​កាតព្វកិច្ច​របស់​កូនចៅ​។ ក៏ប៉ុន្តែ​បើតាម លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន គេ​ត្រូវ​រៀបចំ​នំ​ចី​ណី​ទាំងនោះ តម្រូវ​អ្នក​ដែល​បាន​ចែក​ឋាន ហើយ​ចៀសវាង​ធ្វើ​តម្រូវ​ចិត្ត​សាច់ញាតិ​ដែល​នៅរស់​។​
 
​លោក លឹម ក​ញ្ច​រ៉ុង ពន្យល់​ដូច្នេះ​ថា​៖«​ម្ហូប​អី​ក៏ដោយ​ដែល​គាត់​ចូលចិត្ត​បំផុត សែន​ឲ្យ​គាត់ ទើប​ល្អ​។ អ្នកខ្លះ​ពេល​សែន អត់​រំលឹក​ដល់​ដូនតា​ទេ បែរ​ទៅ​សួរ​កូនចៅ​ថា តើ​ចង់​ហូប​អី​? បើ​ចង់​ហូប​អី យើង​សែន​អាហ្នឹង​តែម្តង​។ នេះ​ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ទេ​។ អីចឹង​នេះ​មិនមែន​សែន​ជូន​កុងម៉ា និង​ដូនតា​គាត់​ទេ ប៉ុន្តែ​គាត់​គឺ​កំពុងតែ​សែន​ឲ្យ​កូន និង​ប្តី​គាត់​ទៅវិញ​ទេ​។ យើង​គួរតែ​ដឹងថា ឪពុកម្តាយ និង​ដូនតា កាល​គាត់​នៅរស់​នោះ គាត់​ចូលចិត្ត​អី ហើយ​យើង​គួរតែ​សែន​ឲ្យ​ត្រូវមាត់​គាត់ ទើប​ជា​រឿង​ដែល​ល្អ​»​។​
 
​ម្ហូប​សែន​ទៀតសោត ក៏ត្រូវ​សែន​តាម​ប្រពៃណី​ទំនៀមទម្លាប់ និង​តាម​ជំនឿ​ដែល​នាំ​លាភ សំណាង​ផងដែរ​។ តាម​ប្រពៃណី​ចិន ម្ហូប​ដែល​គួរ​សែន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន មានដូចជា​ការ​សែន​ជ្រូក​ខ្វៃ មាន់​ទា មីឆា ម្ហូបអាហារ​ផ្សេងៗ និង​ផ្លែឈើ​ណា ដែលមាន​ពណ៌​ក្រហម និង​មាន​រសជាតិ​ផ្អែម ហើយ​គួរ​ជៀសវាង​សែន​សាច់សត្វ​ដែល​សាហាវ​។  នេះ​បើតាម​លោក លឹម ក​ញ្ច​រ៉ុង​៕

Tag:
 ចូលឆ្នាំ​ចិន​
 ​សែនព្រេន​
 ​ដូនតា​
© រក្សាសិទ្ធិដោយ thmeythmey.com