អន្តរជាតិ
ចិនទម្លាក់លុយ ១៤៥ លានដុល្លារប្រយុទ្ធនឹងជំងឺរលាកសួតនៅវូហាន ប្រភពរូប៖ afp
× ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃសុក្រ ទី២៤ ខែមករា បានផ្តល់លុយ១ពាន់លានយ័ន ឬស្មើនឹង ១៤៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត ក្រុង វូហាន ។ ការផ្តល់ជូននេះ ធ្វើឡើងខណៈជំងឺនេះ បានសម្លាប់មនុស្ស ២៦នាក់ និងឆ្លងជាង៨០០ករណី។
លុយមួយកញ្ចប់នេះ នឹងផ្តល់ទៅជួយគាំទ្រដល់យុទ្ធនាការរបស់ខេត្ត Hubei ដែលក្រុង វូហានរបស់ខ្លួន ជាសម្បុកនៃណូវែលកូរ៉ូណាវីរុស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ នេះជាចំណាត់ការចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការគ្រប់គ្រង់ការផ្ទុះឡើងនៃវីរុសឆ្លងមួយប្រភេទថ្មីនេះ ដែលស្រដៀងនឹងវីរុស SARS ។
អាជ្ញាធរសុខាភិបាលចិន បានប្រកាសថា ករណីជំងឺឆ្លងចំនួន ៨៣០ ករណី ត្រូវបានបញ្ជាក់ថាបង្ករឡើងដោយណូវែលកូរ៉ូណាវីរុស (២០១៩-nCoV) ក្នុងប្រទេសចិន គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ២៣ មករា។ ជាលទ្ធផល ជំងឺរលាកសួត វូហាន នេះ បានសម្លាប់មនុស្ស ២៦ នាក់ ហើយសុទ្ធសឹងតែក្នុងខេត្ត Hubei នៃប្រទេសចិន ហើយប្រជាជនចិន បានឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះរហូតដល់ ៨៣០ករណី។
ក្រៅពីប្រទេសចិន មេរោគកូរ៉ូណាវីរុសថ្មីនេះ ក៏ត្រូវបានរកឃើញនៅកន្លែងផ្សេងៗផងដែរ ដូចជា អាមេរិក១ករណី ថៃ៤ករណី វៀតណាម ២ករណី សិង្ហបុរី ១ករណី តៃវ៉ាន់ ១ករណី ម៉ាកាវ ២ករណី ហុងកុង ២ករណី ជប៉ុន ២ករណី និងកូរ៉េខាងត្បូង ២ករណី។
ដើម្បីទប់ស្កាត់កុំឲ្យមានការរីកសាយភាយជំងឺកាន់តែខ្លាំងឡើង រដ្ឋាភិបាលចិន បានផ្អាកជើងហោះហើរបណ្តោះអាសន្នសិន នៅក្នុងទីក្រុងវូហាន នាថ្ងៃទី២៣ ខែមករា នៅម៉ោង១០ព្រឹក។ ចំណែកប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត ក៏ត្រូវផ្អាកដែរ រហូតដល់មានការជូនដំណឹងថ្មី ទើបបើកដំណើរការវិញ។ ដោយឡែកប្រជាជន នៅក្នុងក្រុងវូហាន កំពុងអំពាវនាវរកជំនួយ អាហារ ម៉ាស់ជាដើម។ ទីក្រុងក្បែរៗវូហាន បានបិទការធ្វើដំណើរផងដែរ។
សូមបញ្ជាក់ថា អ្នកដែលឆ្លងវីរុសអាចមានរោគសញ្ញា ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺក ដង្ហើមខ្លីៗ ហើយបើធ្ងន់ធ្ងរ វានឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងបាត់បង់ជីវិតទៀតផង ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានបើកកិច្ចប្រជុំមួយនាទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស។ ដោយមើលឃើញថា ជំងឺនេះគឺមានលក្ខណៈធ្ងន់ធ្ងរតែនៅចិន និងការសាយភាយមានចំនួនតិចទៅប្រទេសមួយចំនួន អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នមេរោគកូរ៉ូណាវីរុសថ្មីនេះ ត្រឹមតែជាបញ្ហាបារម្ភនៅក្នុងប្រទេសចិនប៉ុណ្ណោះ៕
Tag:
ចិន
ក្រសួងហិរញ្ញវត្ថុ
ណូវែលកូរ៉ូណាវីរុស
ជំងឺរលាកសួត
វូហាន
© រក្សាសិទ្ធិដោយ thmeythmey.com