ជាតិ
សុខភាព
រោគសញ្ញា​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា គឺ​ក្តៅខ្លួន ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម​
24, Jan 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ កូ​រ៉ូ​ណាវី​រុស​(​ជំងឺ​រលាក​សួត​ថ្មី​) ជា​ប្រភេទ​ជំងឺ​ថ្មី​មួយ​ដែល​បាន​កើតឡើង​ដំបូង​នៅ​ប្រទេស​ចិន ហើយ​បាន​បន្ត​រាលដាល​ដល់​ប្រទេស​ផ្សេងៗ តាមរយៈ​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ រោគសញ្ញា​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ  គឺមាន​អាកា​រៈ​ក្តៅខ្លួន ក្នុង​កម្រិត​៣៨​អង្សា​សេ  ព្រមទាំង​មាន​រោគសញ្ញា​ផ្សេងៗ ដូចជា ក្អក ឈឺបំពង់ករ ហូរ​សំបោរ ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម​។  ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា កូ​រ៉ូ​ណា​វីរុស​នេះ គឺអាច​កើតមានឡើង​ក្នុង​រោគសញ្ញា​ណា​មួយណា​យ៉ាងតិច​។​

 
​ទន្ទឹមនឹង​គ្នា​នេះ ក្រសួង​ក៏បាន​សង្កត់ធ្ងន់ថា ក្នុងកំឡុងពេល​១៤​ថ្ងៃ​ឬ​២​សប្តាហ៍ មុខ​នឹង​ចេញ​រោគសញ្ញា​ណាមួយ​ខាងលើនេះ ក្រោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​និង​សត្វ​មាន​ជំងឺ​ផ្លូវដង្ហើម​ឬ​បាន​ប៉ះពាល់​អ្នកស្លាប់​ដោយមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​មិនដឹង​អត្តសញ្ញាណ​(​ប្រភេទ​មេរោគ​) ច្បាស់លាស់ គឺ​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ ១១៥​។ 
 
 
​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​២១​មករា ឆ្នាំ​២០២០១ ដើម្បី​បង្ការ​នៃ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ  ពលរដ្ឋ​គ្រប់រូប​បើ​គ្មាន​ភារកិច្ច​ទេ​ត្រូវ​ជៀសវាង​ចូល​កន្លែង​ចិញ្ចឹមសត្វ ឬ ប៉ះពាល់​សត្វ នៅតាម​កសិដ្ឋាន ទីផ្សារ​លក់​បក្សី​រស់ កន្លែង​សត្តឃាត និង​កុំ​ប៉ះពាល់​ផ្ទៃ​ណាមួយ​ដែល​កខ្វក់​ដូចជា​លាមក​របស់​សត្វ​គ្រប់​ប្រភេទ​។  ជៀសវាង​ការប៉ះពាល់​ជិត​សិទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​។ លើស​នេះ​ទៅទៀត គឺ​ត្រូវ​ជ្រៀស​វាង ប៉ះពាល់ និង បរិភោគ​សត្វ​និង​គ្រឿង​សមុទ្រ ដែល​មកពី​កន្លែង មាន​វីរុស​កូ​រ៉ូ​ណា កំពុង​ចរាចរណ៍​។ 
 
​បន្ថែម​ពីនេះ​ក្រសួង​ក៏បាន​ណែនាំ​ពលរដ្ឋ​ឱ្យ​លាង​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត បន្ទាប់ពី​បាន​ប៉ះពាល់​សត្វ​ឬ​វត្ថុ​ផ្សេងៗ​ដែល​អាចជា​ប្រភព​ចម្លង​មេរោគ  ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​អនាម័យ  និង​ចំណីអាហារ​ជានិច្ច​។  ពិសេស​ត្រូវ​ចម្អិន​បក្សី និង​ស៊ុត​ឱ្យបាន​ឆ្អិន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការឆ្លង វីរុស​ផ្តាសាយ​បក្សី ឬ វីរុស​កូ​រ៉​ណា​នេះ ដែល​អ្នកជំនាញ​ហៅថា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​។ ដោយឡែក​អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា និង​ក្រដាស​ជាដើម​។​
 
​ក្នុងកំឡុងពេល​រីក​រាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ  លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរម្លឹក​ដល់​ពលរដ្ឋ​គ្រប់រូប ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បង្ការ និង​ការពារ​ពី​ជំងឺ​រលាក​សួត​ថ្មី ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​នេះ​។ រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ​បាន​ក្រើនរម្លឹក​ដូច្នេះ​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពីស​ត្វ បក្សី​ឈឺ ឬ​ងាប់ និង​កុំទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​វូ​ហាន នៃ​ប្រទេស​ចិន ឬ​ទីផ្សារ កសិដ្ឋាន​ដែលមាន​សត្វ​រស់ សត្វព្រៃ  និង​កន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុង​ចរាចរ​។ ពលរដ្ឋ​កុំទៅ​ក្បែរ ឬ​នៅ​ជិត​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​នៅ​ទីកន្លែង​ដែល​កំពុង​ផ្ទុះ​ជំងឺ​រាតត្បាត​»​។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​ថា ប្រសិនបើ​មាន​ករណី​សង្ស័យ​ជំងឺ​រលាក​សួត បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី លោកអ្នក​ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ នៅតាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ ដែល​នៅ​ជិត​ផ្ទះ​បំផុត ហើយ​ត្រូវ​ជម្រាបជូន​មន្ត្រី​សុខាភិបាល​អំពី​ប្រវត្តិ​ជំងឺ និង​ប្រវត្តិ​នៃ​ការធ្វើដំណើរ​។ 
 
​អំឡុង​បុណ្យចូលឆ្នាំ​ចិន​នេះ ក្រសួងសុខាភិបាល ត្រៀម​មន្ត្រី​ជំនាញ​ជាង​២,០០០​នាក់ នៅតាម​ច្រកព្រំដែន និង​អាកាសយានដ្ឋាន ព្រមទាំង​មាន​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​ផងដែរ ដើម្បី​តាមដាន​កូ​រ៉ូ​ណាវី​រុស ផងដែរ​៕ 

Tag:
 វីរុស​កូ​រ៉ូ​ណា​
  រលាក​សួត​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com