អន្តរជាតិ
ព្យុងយ៉ាង បញ្ជាក់ពីតែងតាំងអតីតយោធាជាន់ខ្ពស់ ជារដ្ឋមន្ត្រីការបរទេសថ្មី លោក Ri Son Gwon រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថ្មី (AFP)
× កូរ៉េខាងជើង បានសម្រេចតែងតាំងអតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ជារដ្ឋមន្ត្រីការបរទេសថ្មី។ ការណ៍យកលោក Ri Son Gwon ដែលមានបទពិសោធន៍ការទូតតិចតួចក្នុងការចរចាជាមួយសហរដ្ឋអាមេរិក អាចជាសូចនាករមួយថា ក្រុងព្យុងយ៉ាង នឹងប្រើជំហររឹងត្អឹងជាមួយក្រុងវ៉ាស៊ីនតោន នៅពេលចរចារឿងបញ្ហានុយក្លេអ៊ែរ។
តំណែងថ្មីសម្រាប់លោក Ri Son Gwon ត្រូវបានប្រកាសជាសាធារណៈ នៅថ្ងៃទី២៤ ខែមករា ដោយភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។ ប្រភពព័ត៌មានដដែល អះអាងថា លោកបានថ្លែងសុន្ទរកថាក្នុងនាមជារដ្ឋមន្ត្រីការបរទេស នៅពិធីជប់លៀងមួយ ដែលរៀបចំឡើងដោយក្រសួងការបរទេសកូរ៉េខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២៣ មករា ដើម្បីទទួលភ្ញៀវមកពីស្ថានទូតនានា និងអង្គការអន្តរជាតិ។
ប្រភពការទូតក្នុងមួយក្នុងទីក្រុងសេអ៊ូល បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កូរ៉េខាងជើងបានប្រាប់បណ្ដាប្រទេសជាមួយស្ថានទូតក្នុងក្រុងព្យុងយ៉ាង កាលពីថ្ងៃសប្តាហ៍មុនថា លោក Ri អតីតមន្ត្រីយោធាម្នាក់ បានជំនួសលោក Ri Yong Ho ជាប្រមុខការទូតកូរ៉េខាងជើង។ លោក Ri Yongho គឺជាអ្នកការទូតម្នាក់ដែលមានបទពិសោធក្រាស់ក្រែលក្នុងការចរចាជាមួយទាំងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
គេមិនទាន់ដឹងច្បាស់ទេភ្លាមៗនេះថាមានអ្វីកើតឡើងចំពោះលោក Ri Yong Ho ឡើយ ដែលឈ្មោះលោក លែងត្រូវបានលើកឡើងក្នុងទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ចាប់តាំងពីខែសីហា ឆ្នាំ២០១៩មកម្ល៉េះ។
ដោយឡែក លោករដ្ឋមន្ត្រីការបរទេសថ្មី Ri Son Gwon គឺជាអតីតមន្ត្រីយោធាសក្តិ៥ ដែលបានដឹកនាំស្ថាប័នរដ្ឋាភិបាលមួយទទួលខុសត្រូវពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ ម្យ៉ាងទៀត ក្នុងពេល១៥ឆ្នាំចុងក្រោយ លោក បានចូលរួមក្នុងកិច្ចពិភាក្សាអន្តរកូរ៉េជាច្រើន ក៏ប៉ុន្តែលោកខ្វះបទពិសោធន៍ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មានដំណើរការតិចតួច ចាប់តាំងពីការបរាជ័យនៃជំនួបកំពូលទី២ រវាងលោកប្រធានធិបតី ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាម កាលពីខែ មករា ឆ្នាំ ២០១៩។ ប្រមុខដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើងរូបនេះ កាលពីថ្មីៗនេះ បានប្រកាសថា ក្រុងព្យុងយ៉ាង នឹងពន្លឿនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងដាក់បង្ហាញ «សព្វាវុធយុទ្ធសាស្ត្រ» ថ្មីមួយ ក្រោយសហរដ្ឋអាមេរិក បរាជ័យធ្វើតាមឧសានវាទ ដែលលោកបានកំណត់ដើម្បីបើកទ្វារចរចាជាថ្មី។
មិនត្រឹមមានរដ្ឋមន្ត្រីការបរទេសថ្មីឡើយ កូរ៉េខាងជើង ក៏មានរដ្ឋមន្ត្រីការពារជាតិថ្មីដែរ។ លោក Kim Jong-gwan ដែលតែងដើរតាមលោក គីម ជុងអ៊ុន ពេលចុះត្រួតពិនិត្យតាមការដ្ឋានសំណង់នានា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី ជំនួសលោក No Kwang-chol ៕
Tag:
កូរ៉េខាងជើង
សហរដ្ឋអាមេរិក
Ri Son Gwon
© រក្សាសិទ្ធិដោយ thmeythmey.com