ជាតិ
ជ្រូកខ្វៃមួយ តម្លៃពី៣០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល អ្នកស្រី ដានាត កំពុងលក់ជ្រូកខ្វៃ
× ភ្នំពេញ៖ នៅអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជ្រូកខ្វៃដែលជាសំណែនចាំបាច់ ក្នុងប្រពៃណីចិននោះ មានតម្លៃចាប់ពី ៣០ម៉ឺនរៀល រហូតដល់ ៨០ម៉ឺនរៀល។ នេះបើតាមអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី។
អ្នកស្រី អ៊ីច ឈឿន លក់ជ្រូកខ្វៃនៅផ្សារអូឫស្សី ប្រមាណ៤ឆ្នាំហើយ។ នៅអំឡុងចូលឆ្នាំចិន-វៀតណាមនេះ អ្នកស្រី ឈឿន បានប្រាប់សារព័ត៌មានថ្មីៗថា គាត់បានខ្វៃជ្រូកតូចៗល្មមជាង២០០ក្បាលសម្រាប់លក់។ ជ្រូកខ្វែមួយក្បាល អាជីវកររូបនេះ អាចលក់បានតម្លៃពី ៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖«ព្រឹកនេះ(ថ្ងៃទី២៣ មករា) លក់បានជិត៥០ក្បាល។ តែចំថ្ងៃសែន ទើបលក់ដាច់ច្រើន ព្រោះគ្រប់គ្នាសែនថ្ងៃហ្នឹង»។
បើតាម អ្នកស្រី អ៊ីច ឈឿន អំឡុងចូលឆ្នាំចិនឆ្នាំមុនអ្នកស្រីលក់ជ្រូកខ្វៃ អស់ជាង២០០ក្បាល ហើយឆ្នាំនេះ ក៏ទំនងបានលក់ដាច់ប្រហែលគ្នាដែរ។
អ្នកលក់ជ្រូកខ្វៃម្នាក់ទៀតដែលមានតូបលក់ជាប់គ្នានេះ គឺអ្នកស្រី តូច ដានាត។ អាជីវកររូបនេះ ប្រាប់ថា គាត់បានខ្វៃជ្រូកជាង៥០០ក្បាល សម្រាប់លក់នៅថ្ងៃទី២៣ និង២៤ មករានេះ។ ស្ត្រីរូបនេះ ខ្វៃជ្រូកដែលមានរូបរាងធំបន្តិច ហើយក៏អាចលក់បានថ្លៃដែរ។ ជ្រូកខ្វៃរបស់គាត់ មានតម្លៃពី៤០ម៉ឺនរៀល ដល់៨០ម៉ឺនរៀល។ «ឆ្នាំមុន ខ្ញុំខ្វៃនិងលក់ជ្រូកបានជាង៧០០ក្បាល ប៉ុន្តែឆ្នាំនេះ ដូចលក់មិនសូវដាច់ព្រោះជ្រូករាងធំៗ។ វាតម្លៃថ្លៃ»។
ស្ត្រីដែលមានតូបលក់ជ្រូកខ្វៃ ដល់ទៅ៣ ទីតាំង នៅជុំវិញផ្សារអូរឫស្សីរូបនេះ ថាមួយព្រឹកៗ នៅទីតាំងនីមួយៗលក់ជ្រូកបានប្រមាណ ៤០ ក្បាល៕
អ្នកស្រី ឈឿន កំពុងលក់ជ្រូកខ្វៃ។
អ្នកស្រី តូច ដានាត
Tag:
ចូលឆ្នាំចិន
ជ្រូកខ្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com