អន្តរជាតិ
លោក ឌូទើតេ មិនទៅអាមេរិកតាមការអញ្ជើញលោក ត្រាំ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក។ រូបភាព Manila Bulletin
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នឹងមិនចូលរួមជំនួបពិសេសអាស៊ាន-អាមេរិកនៅទីក្រុងឡាសវេហ្កាស តាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យលោកនៅថ្ងៃទី២៤ ខែមករា។ លោក ឌូទើតេ ដែលមិនពេញចិត្តអាមេរិកស្រាប់ផងនោះ បានក្ដៅស្លឹកត្រចៀកខ្លាំងបន្ទាប់ពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនលុបចោលទិដ្ឋាការសមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់។ លោក ឌូទើតេ ក៏បញ្ជាឲ្យលុបចោលសន្ធិសញ្ញាយោធាទ្វេភាគីផងដែរ។
ចំណាត់ការរបស់អាមេរិកដែលលុបចោលទិដ្ឋាការរបស់លោក រ៉ូណាល់ ដឺឡា រ៉ូសា សមាជិកព្រឹទ្ធសភាស្និទ្ធលោក រ៉ូឌ្រីហ្គោ ឌូទើតេ ធ្វើឲ្យលោក ឌូទើតេ សម្រេចចិត្តមិនទៅអាមេរិកតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ។ លោក សាល់វ៉ាឌ័រ ប៉ាណេឡូ (Salvador Panelo) អ្នកនាំពាក្យលោក ឌូទើតេ ប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី២៤ ខែមករា។ មុននេះ វិមានប្រធានាធិបតី Malacanang លើឡើងថា លោក ឌូទើតេ កំពុងពិចារណាសំណើរបស់មេដឹកនាំអាមេរិក។
លោក ត្រាំ បានអញ្ជើញលោក ឌូទើតេ និងមេដឹកនាំសមាជិកអាស៊ាន៩ទៀត ឲ្យចូលរួមជំនួបពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅទីក្រុងឡាសវេហ្កាស រដ្ឋណេវ៉ាដា អំឡុងខែមីនាខាងមុខ។ មកទល់ពេលនេះ មិនទាន់មេដឹកនាំអាស៊ានប្រកាសផ្លូវពីដំណើរទៅអាមេរិកឡើយ។
យ៉ាងណាមិញ ជំនួបនៅអាមេរិក ទំនងគ្មានមុខលោក ឌូទើតេ ឡើយ។ លោក ប៉ាណេឡូ និយាយថា មានមូលហេតុច្រើនដែលលោក ឌូទើតេ មិនទៅអាមេរិក ហើយការលុបចោលទិដ្ឋាការរបស់លោក រ៉ូសា ជារឿងមួយដែរ។ មិនត្រឹមអត់ទៅអាមេរិកឡើយ លោក ឌូទើតេ ក៏បញ្ជាឲ្យក្រសួងពាក់ព័ន្ធផ្ដើមនីតិវិធីលុបចោលកិច្ចព្រមព្រៀងទស្សនកិច្ចកងទ័ពបរទេសជាមួយអាមេរិកទៀតផង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យដដែល។
ការសម្រេចចិត្តរបស់លោក ឌូទើតេ ដែលលុបចោលកិច្ចព្រមព្រៀងនេះ ត្រូវបានលោក ប៉ាណេឡូ បញ្ជាក់ថា ក៏ព្រោះអាមេរិកលូកលាន់កិច្ចការផ្ទៃក្នុងហ្វីលីពីន ពិសេសការទាមទារដោះលែងសមាជិកព្រឹទ្ធសភាបក្សប្រឆាំងម្នាក់ដែលកំពុងជាប់ឃុំ។ រឿងឃុំឃាំងអ្នកប្រឆាំងនេះហើយ ក៏រាលដាលដល់ការហាមប្រាមមន្ត្រីហ្វីលីពីនពីការចូលទឹកដីអាមេរិក។ ឯរឿងលោក រ៉ូសា វិញ ដែលជាអតីតអគ្គស្នងការប៉ូលិសហ្វីលីពីន ទាក់ទងការបំពានសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ថេតឌី ឡុកស៊ីន នៅថ្ងៃទី២៤ ខែមករា ក៏បានតាម Twitter ថា ដំណើរការបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិក ចាប់ផ្ដើមដំណាក់ទីមួយហើយ ដោយបានជូនដំណឹងទៅកាន់គណៈកម្មាធិការព្រឹទ្ធសភាពីរឿងនេះ។ នេះក៏ព្រោះ ព្រឹទ្ធសភាជាអ្នកផ្ដល់សច្ចាប័ន ដូចនេះកិច្ចព្រមព្រៀងនេះ ក៏ត្រូវឲ្យព្រឹទ្ធសភាមោឃភាពវិញដែរ៕
Tag:
ហ្វីលីពីន
អាមេរិក
ដូណាល់ ត្រាំ
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com