ភ្នំពេញ៖ លោក កឹម សុខា តែងតែប្រើពេល២ម៉ោងក្នុងថ្ងៃ ដើម្បីហាត់ប្រាណ និងធ្វើសមាធិ ដោះស្រាយបញ្ហាសុខភាព និងផ្លូវចិត្ត។ លោកថ្លែងបែបនេះ ប្រាប់អ្នកកាសែត ដែលបានជជែកលេងនិងសួរសុខទុក្ខលោក នៅក្នុងបន្ទប់សវនាការដេញដោយលើភស្តុតាង កាលពីថ្ងៃទី២២ មករា។
លោក កឹម សុខា នៅមានបញ្ហាឈឺស្មា (ជាប់សសៃកៀប) និងមានការលើសជាតិស្ករជាដើម។ ប៉ុន្តែលោក អះអាងថា ខ្លួនតែងតែព្យាយាមហាត់ប្រាណ ដោយប្រើពេល២ម៉ោងក្នុងមួយថ្ងៃ តាមរយៈការរត់លើម៉ាស៊ីន និងហែលទឹក។ ក្រៅពីហាត់ប្រាណនេះ លោក កឹម សុខា ក៏ធ្វើសមាធិ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញផងដែរ។
នៅក្នុងបន្ទប់សវនាការ គ្រាដែលសម្រាក១៥នាទី ដើម្បីសម្រួលកាយសម្បទានោះ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានជជែកគ្នាលេងជាមួយអ្នកកាសែតនោះ បាននិយាយដូច្នេះថា៖«ខ្ញុំតែងតែធ្វើសមាធិ ដើម្បីកុំឱ្យយកបញ្ហាស្មុគស្មាញ និងរឿងរ៉ាវ(សំណុំរឿងក្តី) មកគិត ដែលនាំឱ្យប៉ះពាល់សុខភាព»។
លោក កឹម សុខា ក៏អះអាងថា ខ្លួនមានសៀវភៅធម៌ និងសៀវភៅបង្រៀនពីរបៀបធ្វើសមាធិ ដើម្បីរំងាប់ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងណែនាំខ្លួនឱ្យដើរតាមមាគ៌ានៃគោលនយោបាយអហិង្សាផងដែរ។
ក្រៅពីព្យាយាមដោះស្រាយបញ្ហាសុខភាពខ្លួននេះ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទក្នុងរឿងក្តី «សន្ទិដ្ឋិនិយមជាមួយបរទេស » នេះ ក៏ចង់រកពេលវេលាចុះជួបពលរដ្ឋដែរ។ «ខ្ញុំក៏ចង់រកពេលចុះជួបពលរដ្ឋដែរ ប៉ុន្តែខ្លាចគេសង្ស័យ និងចោទប្រកាន់យើងថា (រឿងនយោបាយ)អញ្ចេះ អញ្ចុះទៀត»។ នេះបើតាមលោក កឹម សុខា ដែលបានជជែកលេងជាមួយអ្នកកាសែត។
តុលាការកំពុងដំណើរការជំនុំជម្រះ លើករណីលោក កឹម សុខា ដែលជាប់ចោទពីបទ«សន្ទិដ្ឋិនិយមជាមួយបរទេស» ។ តុលាការចោទប្រកាន់លោក កឹម សុខា នេះ គឺយោងតាមវីដេអូឃ្លីប២នាទី ដែលមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បាននិយាយទៅកាន់អ្នកគាំទ្រខ្លួន នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ។ តុលាការសម្រេចប្រើពេលវេលា៣ខែ ដើម្បីដំណើរការរឿងក្តីនេះ ក្រោមហេតុផលថា ជារឿងក្តីធំ។
ដ្បិតលោក កឹម សុខា កំពុងជាប់ភារកិច្ចដោះស្រាយក្តីក្នុងតុលាការក្តី ប៉ុន្តែលោក ក៏មានសិទ្ធិអាចធ្វើដំណើរទូទាំងប្រទេសកម្ពុជាបានដែរ លើកលែងតែចេញទៅក្រៅប្រទេសប៉ុណ្ណោះ។ លោក កឹម សុខា ក៏អាចចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាផងដែរ ប៉ុន្តែមិនត្រូវនយោបាយរឿងនយោបាយនោះទេ។ នេះជាសម្រេចរបស់តុលាការកន្លងមក។
គួរបញ្ជាក់ថា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ នៅក្នុងគេហដ្ឋាន។ តុលាការក៏បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ដោយសារបទចោទ«គប់គិតជាមួយបរទេស»របស់លោក កឹម សុខា នេះដែរ។ បើគិតមកដល់ពេលនេះ ដំណើររឿងក្តីលោក កឹម សុខា គឺបានអូសសបន្លាយអស់ រយៈពេល២ឆ្នាំ៤ខែហើយ៕