អន្តរជាតិ
ឱកាសចូលឆ្នាំចិន ប្រធានាធិបតីចិន ប្តេជ្ញាកាត់បន្ថយភាពក្រីក្រ និងកសាងវិបុលភាពសង្គម ប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងពិធីលាងសាយភោជន៍គណៈមជ្ឈិមបក្សកុម្មុយនិស្ត និងក្រុមប្រឹក្សារដ្ឋចិន។ រូបភាពៈ Xinhua
× ក្នុងពីធីលាងសាយភោជន៍ជាមួយគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ នាថ្ងៃទី២៣ ខែមករា ប្រធានាធិបតីស៊ី ជិនភីង បានផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងភាពក្រីក្រ និងការកសាងវិបុលភាពនៅក្នុងសង្គម ដើម្បីសម្រេចសុបិន្តរបស់ចិននៅក្នុងឆ្នាំថ្មី។ ក្រៅពីនេះ លោកប្រធានាធិបតី ក៏បានផ្ញើសារជូនពរប្រជាជនចិនទាំងអស់ផងដែរ។
ពីមហាវិមានប្រជាជន លោក ស៊ី ជិនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងថា ចិន ត្រូវតែរក្សាឲ្យបានលើការកសាងវិបុលភាពសង្គមគ្រប់ស្រទាប់វណ្ណៈទាំងអស់ និងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ បើតាមលោកប្រធានាធិបតី ចិនត្រូវតែឈរលើគោលនយោបាយមួយសតវត្សរ៍ ដើម្បីសម្រេចសុបិន្តរបស់ចិន តាមរយៈការធ្វើកំណែទម្រង់របស់ជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ។
តាមរយៈកំណែទម្រង់ជាតិចិននេះ លោកស៊ី បានទទូចឲ្យមន្ត្រីចិន និងប្រជាជនចិនទាំងអស់ ប្រឹងប្រែងធ្វើការ ដើម្បីប្រជែងជាមួយពេលវេលា និង មិនត្រូវខ្លាចឧបសគ្គនៅចំពោះមុខអ្វីទាំងអស់។ ពោលគឺធ្វើយ៉ាងណា ត្រូវតែសម្រេចឲ្យបានសុបិន្តរបស់ចិន។ ថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់ចិន និងសមាជិកគណៈមជ្ឈិមបក្សជាង២០០០នាក់ លោក ស៊ី លើកឡើងថា ចិនត្រូវតែរក្សាយុទ្ធសាស្ត្ររបស់ខ្លួន ដោះស្រាយបញ្ហា រួមសាមគ្គីគ្នា ខិតខំធ្វើការ និងឆ្ពោះទៅមុខជានិច្ច ដើម្បីប្រឆាំងគូប្រជែងទាំងឡាយ។
ទន្នឹមគ្នានេះ លោកប្រធានាធិបតីចិន ក៏បានថ្លែងសារអបអរសាទរចូលឆ្នាំចិន ទៅប្រជាជនរបស់ខ្លួន ជនជាតិភាគតិច និងជនរួមជាតិចិនរួមមានហុងកុង ម៉ាកាវ តៃវ៉ាន់ និងជនជាតិចិននៅបរទេសទាំងអស់ផងដែរ។
សូមបញ្ជាក់ថា សុបិន្តរបស់ចិន (China Dream) គឺជាពាក្យមួយ ដែលត្រូវបានផ្តួចផ្តើមឡើងដោយលោក ស៊ី ជីនភីង បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតិចិននៅក្នុងឆ្នាំ ២០១៣ ។ សុបិន្តរបស់ចិន ត្រូវបានបង្កើតឡើង ដើម្បីកសាងសង្គមចិនមួយឲ្យមានវិបុលភាព ទំនើប ជឿនលឿន មានសាមគ្គីភាព និងកាត់បន្ថយភាពក្រីក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com