ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ចិន មាន់​ក៏មាន​ទីផ្សារ​មិន​ចាញ់​ជ្រូក​ខ្វៃ​នោះឡើយ​
24, Jan 2020 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន នេះ អាជីវករ​លក់​មាន់កំ​ពុង​តែ​ត្រូវប៉ាន់ និង​ទទួលបាន​ចំណូល​កាក់កប​។ មុន​មួយថ្ងៃ​នៃ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន អាជីវករ​នៅតាម​ខេត្ត​បាន​ប្រមូល​ផ្តុំគ្នា​មក​លក់​មាន់​នៅតាម​ផ្សារ ដោយ​ក្នុង​មួយថ្ងៃ ពួកគេ​លក់បាន​ចន្លោះ​ពី​១០០​ក្បាល​ទៅ​៣០០​ក្បាល ក្នុង​មួយ​គីឡូ​មានតម្លៃ​៣​ម៉ឺន​រៀល​។


 
​នៅ​ពីមុខ​ផ្សារ​ដើម​គរ នា​ថ្ងៃទី​២៣ ខែមករា  ពោរពេញ​ទៅដោយ​អ្នកធ្វើ​ចរាចរ និង​អ្នកដំណើរ​ចេញចូល​ទៅក្នុង​ផ្សារ​បន្លែ ដើម្បី​ទិញ​មាន់ ក្រដាសសែន បន្លែ ផ្លែឈើ និង​គ្រឿង​សំណែន​ផ្សេងៗ​ទៀត​។ អ្នកលក់​មាន់​ប្រមាណ​១០​នាក់​កំពុងតែ​មមាញឹក​នឹង​ការលក់​មាន់​ដែលជា​របរ​ត្រូវប៉ាន់​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។  
 
​អ្នកស្រី ឈួន រ៉េ​ម ដែល​មកពី​ខេត្តតាកែវ បាន​យក​មាន់មក​លក់​តាំងពី​យប់​ថ្ងៃទី​២៣​មកម្ល៉េះ ដើម្បី​លក់​ឲ្យ​ទាន់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។  កំពុងតែ​បោចរោម​មាន់ និង​វេះ​យក​គ្រឿងក្នុង​មាន់​ដែល​ភ្ញៀវ​ក​ម្ម៉​ង់ អ្នកស្រី ឈួន រ៉េ​ម បាន​បញ្ជាក់ថា អ្នកស្រី​បាន​យក​មាន់មក​លក់​ចំនួន​៣០០​ក្បាល​ដែល​ប្រមូល​ទិញ​ពី​អ្នកភូមិ​ដែល​ចិញ្ចឹម​មាន់​។ មុននឹង​អ្នកស្រី  ឈួន រ៉េ​ម អាចយ​កមាន់​មក​លក់​នេះ អ្នកស្រី​បាន​ប្រមូល​ទិញ​ពី​អ្នកភូមិ​មុន​ចូលឆ្នាំ​ចិន​មួយ​សប្តាហ៍ ដោយ​ក្នុង​មួយ​ផ្ទះ​អ្នកស្រី​ប្រមូលបាន​ពី​១០ ទៅ​២០​ក្បាល​។ 
 
​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​អ្នកស្រី ឈួន រ៉េ​ម ឡើងមក​លក់​មាន់នៅ​ផ្សារ​ដើម​គរ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន និង​ថ្ងៃ​សែន​ក្បាលទឹក​។ ក្នុង​ទឹកមុខ​សប្បាយរីករាយ អ្នកស្រី ឈួន រ៉េ​ម បាន​និយាយថា អ្នកស្រី​នៅសល់​មាន់តែ​ប្រមាណ​៣០​ក្បាល​ទៀត​តែប៉ុណ្ណោះ ដែល​អ្នកស្រី​នឹង​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​នៅពេល​ល្ងាច​នេះ​។ 
 
​មាន់​ដែល​អ្នកស្រី រ៉េ​ម យកមក​លក់ គឺជា​មាន់​ដែលមាន​ទម្ងន់​ប្រមាណ​ជិត​២​គីឡូ​ក្រោម​។ អ្នកស្រី ឈួន រ៉េ​ម បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចូលឆ្នាំ​ចិន​ឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំទៅ ដោយសារ​ឆ្នាំនេះ​ខ្ញុំ​លក់​ត្រូវ​នឹង​កន្លែង​ដែលមាន​អ្នកទិញ​ចេញចូល​ច្រើន​។ កន្លែង​នេះ ខ្ញុំ​ស្គាល់​គេ គេ​ក៏​ឲ្យ​លក់ ហើយ​ខ្ញុំ​ក៏មាន​ម៉ូយ​ច្រើន ទើប​លក់​ឆាប់​អស់បែប​នេះ ដោយ​ល្ងាច​នេះ​ខ្ញុំ​នឹង​ត្រឡប់ទៅផ្ទះ​វិញ​បាន​ហើយ​»​។ 
 
​នៅក្បែរ​កន្លែង​លក់​មាន់​របស់​អ្នកស្រី រ៉េ​ម មាន​អាជីវករ​លក់​មាន់​ដែល​មកពី​ខេត្តតាកែវ​ដូចគ្នា គឺ​អ្នកស្រី អ៊ី ម៉ៅ​។ ឆ្នាំនេះ​អ្នកស្រី អ៊ី ម៉ៅ យក​មាន់មក​លក់​ត្រឹម​ជាង​១០០​មាន់​តែប៉ុណ្ណោះ​។ អ្នកស្រី អ៊ី ម៉ៅ ខាន​លក់​មាន់​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិនអាចរ​កមាន់​ណា​ដែលមាន​ទម្ងន់​ច្រើន​ដូច​អ្នកលក់​មាន់​ដទៃទៀត​។ មាន់​ដែល​អ្នកស្រី​ម៉ៅ​លក់​នេះ គឺជា​មាន់​ដែល​អ្នក​អ្នកស្រុក​សំរោង ខេត្តតាកែវ ចិញ្ចឹម​តាម​ផ្ទះ​។ 
 
​កំពុង​វេះ​គ្រឿងក្នុង​មាន់​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​អ្នកទិញ អ្នកស្រី​បាន​និយាយថា តាំងពី​អ្នកស្រី អ៊ី ម៉ៅ យក​មាន់មក​លក់​មក​អ្នកស្រី​លក់​អស់​ប្រមាណ​៦០​ក្បាល​ហើយ ដោយ​អ្នកស្រី នឹង​បន្ត​លក់​ដល់​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​មួយ​ព្រឹក​ទៀត មុននឹង​អ្នកស្រី​ត្រឡប់ទៅផ្ទះ​វិញ​។ «​ខ្ញុំ​ទើបតែ​យក​មាន់មក​លក់​នៅពេល​ព្រឹក​នេះ ហើយ​មាន់​ខ្ញុំ​តូចៗ លក់​មិនសូវ​បាន​ថ្លៃ​ទេ បើ​គេ​វិញ​មាន​មាន់​ធំៗ គេ​លក់បាន​ថ្លៃ​។ ឆ្នាំក្រោយៗ​ទៀត ខ្ញុំ​នឹង​ប្រមូល​មាន់​ណា​ដែលជា​មេៗ​ដើម្បី​លក់​ឲ្យ​បាន​ច្រើន​ដូច​គេ​»​។ នេះ​ជាការ​បញ្ជាក់​ពី​អ្នកស្រី អ៊ី ម៉ៅ​៕ 

Tag:
 មាន់​
 ​ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com