ជាតិ
សង្គមជាតិ
«​គ្រាន់តែ​លើក​លេខ​នេះ​ភ្លាម លុយ​ក្នុង​កុង​កាត់​អស់រលីង​», អាជ្ញាធរ​ថា​ជាការ​បំភ័យ​ប៉ុណ្ណោះ​
24, Jan 2020 , 4:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​បង្ហោះ និង​ចែករំលែក​ត​គ្នា​ដែលមាន​សារ​ថា​«​សូម​ប្រយ័ត្ន​! សាហាវ​ណាស់ គ្រាន់តែ​លើក​លេខ​នេះ​ភ្លាម លុយ​ក្នុង​កុង​កាត់​អស់រលីង ពិតជា​សាហាវ​កំពូល​»​។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​អះអាងថា នេះ​ជាការ​បំភ័ន្ត និង​បំភ័យ​សាធារណជន​។


 
​ក្នុង​សេចក្ដីបំភ្លឺ​របស់​និយ័ត​ករ​ទូរគមនាគមន៍ ចុះ​ថ្ងៃទី​២៤​ខែមករា​នេះ លេខ​ទូរ​សព្ទ​អនាមិក​មួយចំនួន ដែលមាន​ដូចជា​លេខ +6857215458, +6857320014, +6867330021 +6857215411 គឺជា​លេខ​ទូរ​សព្ទ​ស៊ីញ៉ូ​ហៅ​ពី​ប្រទេស​សា​ម័​រ​(Samoa) ចូលមក​កាន់​លេខ​ទូរ​សព្ទ​ចល័ត​គ្រប់​ប្រព័ន្ធ​របស់​អ្នកប្រើប្រាស់​ទូរ​សព្ទ​នៅ​កម្ពុជា​។ ការហៅ​ចូល​របស់​លេខ​ទាំងនេះ​មិន​ប៉ះពាល់​អ្វី​នោះទេ​។​
 
«​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​ខាងលើនេះ​(​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​) ពិតជា​ការអះអាង​មិន​ត្រឹមត្រូវ និង​មាន​លក្ខណៈ​បំ​ភ័​ន្ធ និង​បំភ័យ​ទាំងស្រុង​។ ធាតុពិត​នៃ​ផលប៉ះពាល់​ជា​បច្ចេកទេស និង​ហានិភ័យ​ពី​ការ​ស៊ីញ៉ូ​នេះ  មិន​ឲ្យ​ខាតបង់​អ្វី ដូច​អត្ថន័យ​នៃ​សារ​បង្ហោះ​របស់​អ្នក​កាន់​ទំព័រ និង​គណនី​បណ្ដាញ​សង្គម​ទាំង​នោះឡើយ​»​។ 
 
​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត បកស្រាយ​ថា ​អនាមិក​ទាំងនោះ មិន​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​ដែល​ផ្ទុក​នៅក្នុង​ទូរ​សព្ទ ឬ​ថវិកា​ក្នុង​គណនី​សេវា​ទូរ​សព្ទ ឬ​ថវិកា​ក្នុង​គណនី​ធនាគារ​នោះឡើយ​។ តែបើ​អ្នកប្រើប្រាស់​ទូរ​សព្ទ ហៅ​ត្រឡប់​ទៅកាន់​លេខ​អនាមិក​នោះ​វិញ  គឺ​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ក្នុងការ​សន្ទនា​នោះ តាម​តម្លៃ​ហៅ​ទៅ​ក្រៅ​ក្រៅប្រទេស​។ នេះ​បើតាម​សេចក្ដីបំភ្លឺ​ខាងលើនេះ​៕
 

Tag:
 លេខ​អនាមិក​
© រក្សាសិទ្ធិដោយ thmeythmey.com