កីឡាអន្តរជាតិ
អន្តរជាតិ
មេ​បាល់​បារាំង​៖ Zidane ជា​បេក្ខភាព​ម្នាក់​គត់​ដែល​អាចធ្វើ​គ្រូ​បារាំង ជំនួស Deschamps
24, Jan 2020 , 10:59 pm        
រូបភាព
​លោក Noel Le Graet ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) បង្ហើប​ថា​តំ​ណែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​នឹង​កំណត់​គោលដៅ​យក​លោក Zinedine Zidane នៅពេល​លោក Didier Deschamps ចាកចេញ​។​


 
Zidane អ្នកចាត់ការ​ទូទៅ Real Madrid ធ្លាប់មាន​ទំនាក់ទំនង​ទៅនឹង​ការតែងតាំង​ជា​គ្រូ​បារាំង​ម្តង​រួចមកហើយ មុនពេល​លោក​វិលត្រឡប់​ទៅកាន់ Santiago Bernabeu កាលពី​ឆ្នាំមុន​។ ក្រោយមក​លោក Deschamps ដែល​ទទួលបន្ទុក​ដឹកនាំ​ជម្រើសជាតិ​ចាប់តាំងពី​ឆ្នាំ ២០១២ និង​ជួយ​ក្រុម​ឈ្នះ World Cup ជា​លើក​ទី​២ ឆ្នាំ​២០១៨​នៅ​រុស្ស៊ី បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ដើម្បី​រក្សា​តួនាទី​នេះ​រហូតដល់​ឆ្នាំ​២០២២​។​
 
​បើ​ទោះ Deschamps នៅ​បន្ត​តំណែង​នេះ​ក្តី ប៉ុន្តែ​ប្រធាន FFF លោក Le Graet នៅតែ ចិញ្ចឹមចិត្ត​ចង់បាន Zidane ទៅ​ដឹកនាំ​ក្រុម​រហស្សនាម​មាន់គក​នេះ​នាពេល​អនាគត​។​
«​ថ្ងៃ​ដែល​លោក Deschamps សម្រេចចិត្ត​ចាកចេញ ឬ​កិច្ចសន្យា​របស់គាត់​អស់​សុពលភាព ហើយ​ស្របពេល Zidane នៅ​ទំនេរ​ដែរនោះ​គាត់​នឹង​ក្លាយជា​អ្នក​ជំនួស​សម្រាប់​ការងារ​នេះ​។​លោក Le Graet បាន​ប្រាប់​ទូរទស្សន៍​បារាំង Canal+ បែបនេះ​។ 
 
​ឱកាស​សម្រាប់ Zidane ពិតជា​អាច​កើតឡើង​អំឡុង​ឆ្នាំ​២០២២ ប្រសិនបើ Deschamps ដឹកនាំ​ជម្រើសជាតិ​បារាំង​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​កាតា​មិនបាន​ល្អ​នោះ​។​
Deschamps វ័យ​៥១​ឆ្នាំ និង Zidane វ័យ​៤៧​ឆ្នាំ ធ្លាប់​រួមគ្នា​ជួយ​បារាំង​ឈ្នះ World Cup លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៨ ក្នុងនាម​ជា​កីឡាករ​។ អ្នក​ទាំងពីរ​ក៏​ធ្លាប់ជា​មិត្ត​រួម​ក្រុម Juventus ផងដែរ​អំឡុង​ឆ្នាំ​១៩៩៦ ដល់ ១៩៩៩​។​
 
​កេរ្តិ៍ឈ្មោះ​របស់ Zidane បាន​រីកសាយ​ខ្លាំង​តាមរយៈ​ការដឹកនាំ Real Madrid ឈ្នះ​ពាន UEFA Champions League បី​លើក​ជាប់ៗ​គ្នា​៕

លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF)


Tag:
 Zinedine Zidane
  បារាំង​
  FFF
© រក្សាសិទ្ធិដោយ thmeythmey.com