ពីនេះ ពីនោះ
តើ​ពាក្យ​កម្ចី​ពី​ចិន ដែល​បច្ចុប្បន្ន​ខ្មែរ​យើង​និយម​ប្រើ​មាន​ពាក្យ​អ្វីខ្លះ​?
26, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្មែរ​យើង​សព្វថ្ងៃ​ប្រើពាក្យ​ចិន​សឹងតែ​ចាត់ទុក​ពាក្យ​ទាំងនោះ​ជា​ពាក្យ​របស់ខ្លួន​ទៅហើយ​។ តើ​ពាក្យ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
«​ហេង​» ជា​កម្ចី​ពី​ចិន មានន័យ​ដូចគ្នា​ថា​នឹង​ពាក្យ​ខ្មែរ «​លាភ​» សំដៅលើ  សេចក្តីចម្រើន​, សមប្រកប​, មានជោគ​, ចំណេញ​,​អ្វីៗ​ដែល​គួរ​បាន​។ «​ស៊យ​» ជា​កម្ចី​ពី​ចិន ក៏​មានន័យ​ដូចគ្នា​នឹង​ពាក្យ «​ឧបទ្រព​» ជា​ពាក្យ​ខ្មែរ មានន័យថា ភាពមិន​សមបំណង​,  អពមង្គល​, ចង្រៃ ជាដើម​។ ពាក្យ «​ឆុង​» សំដៅលើ ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ ឬ ទៅលើ​ថ្នាំ​ផង់​សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​បង់​ថ្នាំ​ផង់ ចាក់ទឹក​ក្តៅ ឲ្យ​ចេញ​រសជាតិ​។ «​ឆុង​» ក៏​មានន័យ​ម្យ៉ាង​ទៀតថា ចុះ​រាសី​,​អាប់​សិរី​សួស្តី​, ថយអនុភាព​។ 
 
​ពាក្យ «​សេង​» ដែល​ខ្មែរ​មាន​ចំណាំ​និយាយថា សេង​តូប សេង​ឡាន សេង​ផ្ទះ​នោះ គឺជា​ពាក្យ​ចិន មានន័យថា ការដោះដូរ របស់​អ្វីមួយ ទៅ​ឲ្យ​នរណាម្នាក់​ផ្សេងទៀត ដោយ​ប្តូរ​មកវិញ​នូវ​ថវិកា​។ «​ចាប់ហួយ​» ជា​ពាក្យ​ពេញនិយម​សម្រាប់​អ្នក​ដែល​ប្រកបមុខរបរ​រកស៊ី​។ ជាពិសេស​ខ្មែរ​ដែល​កាត់​សែស្រឡាយ​ចិន​។ ពាក្យ​«​ឡុងចុង​»​សំដៅ​ដោយ ការរកស៊ី​ខាតចុង ខាតដើម​។ ឧទាហរណ៍​៖ ពូ​ខ្ញុំ​បើក​ភោជនីយដ្ឋាន​មួយកន្លែង តែ​ឡុងចុង​អស់ហើយ​។ 
 
«​ឡាំសាំ​» ជា​ពាក្យ​កម្ចី​ពី​ភាសា​ចិន​គឹ​ង​តាំង ឬ​ក្វាង​ទុង ដែល​មានន័យថា ផ្តេសផ្តាស​។ ឧទាហរណ៍​៖ ធ្វើ​ឡាំសាំ​, និយាយ​ឡាំសាំ​, សម្តី​ឡាំសាំ​។ ពាក្យ «​ឆាឆៅ​« មានន័យថា ធ្វើ​អុកឡុក​, ធ្វើ​ឲ្យ​រអាក់រអួល និង​ធ្ចើ​ឲ្យ​ទាស់​ដំណើរ​កិច្ចការ​អ្វីមួយ​។  «​ឆាប​» មានន័យថា ហើរ​ហក់ចុះ​ទាប ដើម្បី​ចាប់​អ្វីមួយ​។ 
 
​ពាក្យ​«​ឆៃថាវ​» ដែល​សាធារណជន​ស្គាល់​ថា​ជា​ដំណាំ​ដែលមាន​មើម មាន​ក្លិន​ហាង​ឆួល សម្រាប់​«​ធ្វើជា​ឆៃប៉ូវ​»​ក៏​ជា​ពាក្យ​កម្ចី​ពី​ចិន មានន័យថា ផ្អក​ធ្វើ​ពី​មើម​ឆៃថាវ ដែល​ចិត​ចំណិត​ជា​បន្ទះៗ ប្រឡាក់​អំបិល ហាលថ្ងៃ​ឱ្យ​ស្ងួត ទុក​សម្រាប់​បរិភោគ​។ «​បង្អែម​តៅស៊ន​» ជា​ពាក្យ​កម្ចី​ពី​ចិន សំដៅលើ​បង្អែម​ដែលជា​បបរសណ្តែក លាយ​ជាមួយ​ម្សៅ ដែលមាន​សណ្ឋាន​ដូចនឹង​សម្បោរ សម្រាប់​បរិភោគ​ជាមួយ​នឹង​ឆា​ខ្វៃ​។ 
 
¨«​កៅអី​» ជា​ភាសា​ចិន ដោយឡែក «​ជើងម៉ា​» ជា​ភាសា​ខ្មែរ​។ ¨«​កៅអី​» និង​«​ជើងម៉ា​» មានន័យ​ដូចគ្នា ជា​របស់​សម្រាប់​អង្គុយ​។ «​សៀវភៅ​» ដែល​ខ្មែរ​សឹងតែ​ស្គាល់​គ្រប់គ្នា​នោះ មិនមែនជា​ពាក្យ​ខ្មែរ​ទេ វា​ជា​ពាក្យ​ចិន មានន័យថា ជា​ប្រជុំ​ក្រដាស​ដែល​ដេរ​កាត់​ស្រេច មាន​ទំហំ និង​កម្រាស់​តាម​ការប្រកប និង​មាន​ក្រប​ពី​ខាងក្រៅ សម្រាប់​សរសេរ ឬ​កត់ត្រា ដែល​គេ​បាន​បោះពុម្ព​រួច​។ 
 
​ក្រៅពី​ពាក្យ​ទាំង​ប៉ុន្មាន​ខាងលើនេះ ក៏មាន​មួយចំនួនទៀត​ដែល​ខ្មែរ​យើង​កំពុងតែ​និយម​ប្រើ នោះ​មាន​ពាក្យ ទឹកស៊ីអ៊ីវ​, ចាប់ឆាយ​, ឆា​,​កុងស៊ី​,​យីហោ​,​កាវ​, គុយទាវ​, កៅឆាយ​,​ផាវ​,​កៅឡាក់​, អៀម​, អុងប៉ាង​,​ចិក​។​ល​៕ 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com