អន្តរជាតិ
ជំងឺឆ្លង​មួយចំនួន​ដែល​បាន​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​ពិភពលោក​
26, Jan 2020 , 8:59 am        
រូបភាព
ប្រភពរូប៖ វេបសាយ History.com
ប្រភពរូប៖ វេបសាយ History.com
​នៅក្នុង​វ​ង្វ​ង់​នៃ​ក្រុម​ជំងឺ​ផ្សេងៗ ជំងឺឆ្លង​គឺជា​អ្វីមួយ​ដែល​មនុស្ស​គួរតែ​ព្រួយបារម្ភ​បំផុត​។ នៅពេលដែល​ជំងឺឆ្លង​រាតត្បាត​មួយចំនួន​ដែល​ហៅថា Epidemic បានធ្វើ​ដំណើរ​ទៅកាន់​ព្រំដែន​នៃ​ប្រទេសមួយ​ផ្សេងទៀត​បាន គេ​អាច​ហៅ​វា​ថា​ជា Pandemic ។

 
​នៅក្នុង​រយៈពេល​ប្រមាណ​ជា​១​ម៉ឺន​ឆ្នាំមុន នៅពេលដែល​បុព្វបុរស​មនុស្ស​ផ្អាក​ការដើរ​បរបាញ់​សត្វ​សម្រាប់​អាហារ មក​តាំង​ទៅ​លំនៅ​ជា​អចិន្ត្រៃយ៍​នៅតាម​ភូមិ​ស្រុក​វិញ ការកើនឡើង​នៃ​ចំនួន​មនុស្ស​ក្នុង​កន្លែង​តែមួយ​នេះ​បានអនុញ្ញាត​ឲ្យ​ជំងឺឆ្លង​មួយចំនួន​រីកដុះដាល​បាន​យ៉ាង​លឿន​។ នៅពេលដែល​សង្គម​រប​ស់មនុស្ស​មានការ​ប្រាស្រ័យ​ទៅរក​គ្នា​កាន់តែ​ច្រើនឡើងៗ នោះ​អត្រា​ក្នុងការ​ទទួលបាន​វីរុស ឬ​បាក់តេរី​ដែល​កាច​សាហាវ​ក៏​កើនឡើង​ទៅតាម​នោះដែរ​។ មនុស្ស​បានធ្វើ​សង្គ្រាម​ជាមួយនឹង​មេរោគ​នានា​អស់​រយៈពេល​រាប់ម៉ឺន​ឆ្នាំ​មកហើយ​។ តាម​គេហទំព័រ history.com ខាងក្រោម​នេះ​គឺជា​ពេលវេលា​មួយចំនួន​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ជំងឺឆ្លង​កាច​សាហាវ​។​
 
​ឆ្នាំ ៤៣០ មុន​គ្រឹ​ស្ត​សករាជ​៖ ទីក្រុង​អា​តែ​ន ក្រិ​ក​
​កំណត់ត្រា​ដែលមាន​អាយុកាល​ចំណាស់​ជា​គេ​បង្អស់​អំពី​គ្រោះ​អាសន្នរោគ​ត្រូវបាន​គេ​កត់ត្រា​អំពី​មេរោគ​ដែល​បាន​ឆ្លង​ក្នុងអំឡុង​សង្គ្រាម Peloponnesian នៅពេលដែល​មេរោគ​មួយ​នេះ​បាន​ឆ្លងកាត់​ប្រទេស​លី​បី អេ​ស្ស៊ី​ប និង​ទីក្រុង​អា​តែ​ន​នៃ​ប្រទេស​ក្រិ​ក​។ 
 
​ឆ្នាំ ១៦៥ ៖ Antonine Plague 
​អាចជា​វត្តមាន​ដំបូង​នៃ​ជំងឺ​ដែលមាន​លក្ខណៈ​ដូចជា​អុច​ស្វាយ មាន​ប្រភព​មកពី​ក្រុម​កុលសម្ព័ន្ធ Huns ។ ក្រោយមក​ជំងឺ​នេះ​បាន​ឆ្លង​ទៅកាន់​អាល្លឺម៉ង់ និង​អាណាចក្រ​រ៉ូ​មាំ​ង ទាមទារ​ជីវិត​របស់​អធិរាជ Marcus Aurelius ។ 
 
​ឆ្នាំ ៥៤១៖ Justinian Plague 
​ចាប់ផ្តើម​ដំបូង​នៅក្នុង​ប្រទេស​អេ​ស្ស៊ី​ប មេរោគ​មួយ​នេះ​បាន​ឆ្លង​ទៅកាន់​ប្រទេស​នានា​ដទៃទៀត​នៅក្នុង​តំបន់​សមុទ្រ​មេ​ឌី​ទេ​រ៉ា​នេ​។ ក្នុង​រយៈពេល​២០០​ឆ្នាំ​ក្រោយមក មេរោគ​មួយ​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ​ជា​៥០​លាន​នាក់ ឬ​២៦​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​កាលពី​ពេលនោះ​។ វា​ឆ្លងតាម​សត្វ​កណ្តុរ និង​រុយ​តូចៗ​។ 
 
​ឆ្នាំ​១៣៥០៖ The Black Death 
​ដោយ​សម្លាប់​មនុស្ស​អស់​ប្រមាណ​ជា​១​ភាគ​៣​នៃ​ចំនួន​មនុស្ស​លើ​ពិភពលោក ជំងឺ​មួយ​នេះ​ត្រូវបាន​គេ​រកឃើញថា​មាន​វត្តមាន​មកពី​ទ្វីបអាស៊ី និង​ធ្វើដំណើរ​មក​អឺរ៉ុប​តាមរយៈ​ការដោះដូរ​ទំនិញ​បែប​អាជីវកម្ម​ឆ្លងកាត់​តំបន់​។ សាក​សព្វ​មនុស្ស​ជាច្រើន​នៅក្នុង​ទ្វីបអឺរ៉ុប​ត្រូវបាន​គេ​គរ​ចោល​នៅតាម​ទីក្រុង​។ 
 
​ឆ្នាំ​១៤៩២៖ The Columbian Exchange 
​នៅពេលដែល​ជនជាតិ​អេស្បាញ​ធ្វើដំណើរ​តាម​សំពៅ​មក​ទ្វីប​អា​មេ​រីក​ខាងជើង​ដំបូង ជនជាតិដើម​នៅ​ទីនោះ​បាន​ឆ្លង​ជំងឺ​មួយចំនួន​ដូចជា​អុច​ស្វាយ ដែល​ពួកគេ​មិនដែល​ជួប និង​មិនមាន​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ​ទៅកាន់​ជម្ងឺ​នេះ​ពីមុនមក​។ ប្រមាណ​ជា​៩០​ភាគរយ​នៃ​ចំនួន​ប្រជាជន​អា​មេ​រីក​ដើម ស្មើនឹង​ប្រមាណ​៥៦​លាន​នាក់​បាន​ស្លាប់​។ 
 
​ឆ្នាំ​១៦៦៥៖ The Great Plague of London 
​សម្លាប់​ប្រជាជន​ទីក្រុង​ឡុ​ង៏​ប្រមាណ​ជា​២០​ភាគរយ​។ គេ​បាន​សម្លាប់សត្វ​ឆ្កែ និង​ឆ្មា​ដោយ​ជឿថា​សត្វ​ទាំងនោះ​ជា​អ្នកចម្លង​មេរោគ​។ 
 
​ឆ្នាំ​១៨៥៥៖ The Third Plague Pandemic 
​ចាប់ផ្តើម​ពី​ចិន រួច​ទៅកាន់​ឥណ្ឌា​និង​ហុងកុង មេរោគ​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ​១៥​លាន​នាក់​។ ឆ្លងតាម​សត្វ​រុយ​តូចៗ មេរោគ​នេះ​លែង​សូវ​មាន​សកម្មភាព​មកទល់​ឆ្នាំ​១៩៦០​។ 
 
​ឆ្នាំ​១៩១៨៖ The Spanish Flu 
​សម្លាប់​មនុស្ស​ប្រមាណ​៥០​លាន​នាក់​។ ផ្តើមចេញពី​ប្រទេស​ចិន និង​ចម្លង​តាម​កម្មករ​ជនជាតិ​ចិន នៅពេលដែល​ពូកគេ​ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប​។ មេរោគ​នេះ​បាន​រីកដុះដាល​ខ្លាំង​នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេស្បាញ​។ 
 
១៩៨១៖ អេដស៍​/HIV 
​អាចមាន​ប្រភព​មកពី​ក្រុម​ប្រភេទ​ស្វា Chimpanzee ឯ​ទ្វីបអាហ្វ្រិក​ឆ្នាំ​១៩២០​។ មនុស្ស​ប្រមាណ​ជា​៣៥​លាន​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com