អន្តរជាតិ
ម៉ាឡេស៊ី ជាប្រទេសអាស៊ានទី៤ដែលរកឃើញអ្នកឆ្លងជំងឺរលាកសួត កូរ៉ូណាវីរុស
× អាជ្ញាធរម៉ាឡេស៊ី បានអះអាងពីការរកឃើញករណីឆ្លងជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ចំនួន៣ករណី ដែលអ្នកទាំងនោះ ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺជនជាតិចិនដំបូងនៅសិង្ហបុរី។ នេះបើតាមការផ្សាយរបស់ CNA។
ការរកឃើញថ្មីនេះ នាំឲ្យម៉ាឡេស៊ី ក្លាយជាប្រទេសទី៤នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានករណីឆ្លងជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ពីសំណាក់អ្នកដំណើរចេញពីក្រុងវូហាន ប្រទេសចិន។ ប្រទេសអាស៊ានផ្សេងទៀតដែលបានរកឃើញអ្នកជំងឺប្រភេទថ្មីនេះ មានថៃ (៥ករណី), សិង្ហបុរី (៣ករណី) និងវៀតណាម (២ករណី)។
គិតត្រឹមវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៥ ខែមករា នេះ អ្នកឆ្លងជំងឺមានដល់ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៤១នាក់ ដែលស្ថិតនៅក្នុងប្រទេសចិនទាំងអស់។ ក្រៅពីប្រទេស៤នៅអាស៊ាន និងចិន ប្រទេស និងតំបន់ផ្សេងទៀតដែលរកឃើញវត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងណេប៉ាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com