ភ្នំពេញ៖ សួនបន្លែដែលមាននៅតាមគ្រឹះស្ថានសិក្សានានា ជាកន្លែងដ៏សំខាន់ សម្រាប់អប់រំដល់សិស្សឲ្យចេះជំនាញដាំដំណាំដោយប្រើជីធម្មជាតិ និងយល់ដឹងពីរបៀបថែទាំដំណាំឲ្យទទួលបានផលល្អ។ ជាពិសេសជាដើមទុនឲ្យសិស្សអាចចាប់យកជំនាញកសិកម្មនៅថ្ងៃអនាគត ដើម្បីអភិវឌ្ឍផ្នែកសិកម្មឲ្យមានប្រសិទ្ធភាព និងគុណភាព។
បរិវេណខាងក្រោយអគារសិក្សាថ្នាក់ទី៧នៃវិទ្យាល័យព្រះស៊ីសុវត្ថិ មានសួនបន្លែ និងសួនជីវចម្រុះ សិស្សានុសិស្សប្រមាណ៣០នាក់ កំពុងតែមមាញឹកថែទាំបន្លែ និងដំណាំដែលខ្លួនបានដាំ ជាមួយនឹងលោកគ្រូដែលបង្រៀននៅម៉ោងកសិកម្ម។ សិស្សានុសិស្សទាំងនោះ មានអ្នកខ្លះកំពុងតែអង្គុយបោចស្មៅ អ្នកខ្លះស្រោចទឹកបន្លែជាដើម។
លោក ឈន វឿន ជាគ្រូទទួលបន្ទុកបង្រៀនផ្នែកកសិកម្ម នៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ។លោក ទើបណែនាំកូនសិស្សឲ្យបោចស្មៅ និងស្រោចបន្លែរួច។ នៅឈរនៅក្នុងបរិវេណរោងបន្លែនៅឡើយ លោក ឈន វឿន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«សិស្សខ្លះមិនសូវចូលចិត្តផ្នែកកសិកម្មប៉ុន្មានទេ ប៉ុន្តែយើងត្រូវធ្វើយ៉ាងណា បំណិនជីវិតពួកគេ ឲ្យចេះគិតគូរផ្នែកកសិកម្ម ដោយយើងណែនាំថា ផលដំណាំទាំងអស់នេះហើយ ដែលយើងមិនអាចជៀសផុតបាន។ ជាពិសេស ម៉ោងកសិកម្មនេះ ក៏ជាការរួមចំណែកទទួលបានសុខភាពល្អផងដែរ ពោលគឺសិស្សធ្វើពលកម្មច្រើន សុខភាពក៏ល្អច្រើន»។
សួនបន្លែនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគោលការណ៍ណែនាំឲ្យសាលារៀននីមួយៗ ដាំដុះបន្លែនៅក្នុងសាលា ដើម្បីបង្កើតអាហារូបត្ថម្ភផង និងឲ្យសិស្សរៀនសូត្រពីការងារកសិកម្មផង។ បើតាម លោក ឈន វឿន ថ្នាក់ទី៧ឡើងទៅ នឹងមានថ្នាក់កសិកម្ម ដែលអាចជួយបណ្តុះស្មារតី និងជាមេរៀនតម្រង់ទិសឲ្យពួកគេ ឲ្យស្រឡាញ់ការងារកសិកម្ម។ ម៉ោងកសិកម្ម ដែលអនុញ្ញាតឲ្យសិស្សអាចអនុវត្តដោយផ្ទាល់ពី កាប់ដី ភ្ជួសដី បច្ចេកទេសដាំ ថែទាំ និងបច្ចេកទេសធ្វើជីកំប៉ុស្ត។ លោកគ្រូ វឿន បន្ថែមដូច្នេះ។
បន្លែដំណាំដែលកូនសិស្សបានដាំ មានដូចជាឆៃថាវ, ខាត់ណា, ស្ពៃតឿ,ការ៉ុត, ត្រកួន, ស្លឹកគ្រៃ និងស្លឹកខ្លឹមជាដើម។ បើតាមលោកគ្រូ ឈន វឿន ប្រធានគ្រូផ្នែកកសិកម្មនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ បានបញ្ជាក់ថា បន្លែទាំងនេះ ជាប្រភេទបន្លែដែលផ្តល់ផលលឿន ងាយដាំ និងស្រួលថែទាំ។ លោក ឈន វឿន បន្ថែមថា បន្លែដែលកំពុងលូតលាស់នៅក្នុងលំហំដី ទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ គឺដាំដោយប្រើជីកំប៉ុស្តគោក ជីកំប៉ុស្តទឹក និងជីអាចម៍គោ។ សម្រាប់ការថែទាំបន្លែវិញ មានលោកគ្រូផ្នែកកសិកម្ម និងសិស្សនុសិស្សប្រចាំការគ្នាមើលថែ ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃមានការស្រោចទឹក២ដង គឺពេលព្រឹក និងពេលល្ងាច។
បន្លែទាំងអស់ នឹងអាចប្រមូលផលនៅខែកុម្ភៈខាងមុខ ហើយលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស អាចប្រមូលផងចែកគ្នាបាន។ លើសពីនេះ ពលរដ្ឋ ក៏អាចទិញបន្លែធម្មជាតិទាំងនេះ ពីសាលាបានដែរ។ នេះបើតាមលោកគ្រូ ឈន វឿន ដែលបន្តដូច្នេះ៖«យើងចង់ឲ្យសិស្ស និងគ្រូៗយកហូប នៅសល់ប៉ុន្មានពលរដ្ឋខ្លះសុំទិញ ក៏យើងលក់ឲ្យទៅ ដើម្បីទុកទិញពូជ យកមកដាំបន្តទៀត។ ជួនកាលមានគ្រូខ្លះសុំទិញ គាត់ឲ្យប៉ុន្មានឲ្យមក បើគាត់មិនឲ្យទេ គាត់ទុកទិញជី ទិញពូជមកឲ្យវិញ ព្រោះនេះជាប្រយោជន៍រួមរបស់សាលា»។
សកម្មភាពសិស្សដែលកំពុងបោចស្មៅ ក្នុងសួនបន្លែដែលស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រៅពីបន្លែចម្រុះជិត២០រង ដែលត្រូវដាំដុះក្នុងទំហំដីប្រមាណ៥០ម៉ែត្រ កូនសិស្ស ក៏បានដាំស្លឹកគ្រៃ រមៀត រំដេង ដើមល្ហុង នៅសងខាងរងបន្លែផង ហើយបានធ្វើធ្នើរ ទុកដាំបន្លែផ្សេងៗទៀតផងដែរ។ ក្រៅពីនេះ សាលាក៏គ្រោង ដាំបន្លែក្នុងធុងស្នោ និងដាំបន្លែនៅលើទឹក នៅពេលខាងមុខផងដែរ។ លោក វឿន ប្រាប់ដូច្នេះថា៖«យើងនៅមានគម្រោងច្រើនណាស់ យើងនឹងបន្តដាំនៅលើឡាំងស្នោ ព្រោះយើងមានដីតូច យើងអាចបន្តោងទុយោធំៗ ដែលមានប្រព័ន្ធទឹក ដើម្បីដាំបន្លែនៅលើទឹក។ យើងដឹងពីវិធីធ្វើអស់ហើយ ប៉ុន្តែយើងមិនទាន់អនុវត្ត ដោយសារតែយើងនៅមានការខ្វះខាត»។
យុវសិស្ស យែម យៀកលី សិស្សថ្នាក់ទី៨ ដែលកំពុងតែបោចស្មៅជុំវិញសួនបន្លែ ជាមួយមិត្តរួមថា្នក់ប្រមាណ២០នាក់ទៀត បានសារព័ត៌មានថ្មីៗថា រូបគេបានសិក្សាអំពីការដាំបន្លែ ដោយមិនប្រើថ្នាំគីមី តាំងពីថ្ងៃទី៧មក។ តាមរយៈមុខវិជ្ជាកសិកម្ម បានជំរុញឲ្យចូលចិត្ត និងចាំកាប់ដីដាំបន្លែ ធ្វើធ្នើរ ធ្វើជីកំប៉ុស្ត និងស្រោចទឹកបន្លែជាដើម។ យៀកលី ក៏នឹងអនុវត្តដាំបន្លែខ្លះៗ នៅផ្ទះរបស់ខ្លួនផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គ្រឹះស្ថានសិក្សាមួយចំនួន បានអនុវត្តលើការដាំបន្លែបានល្អប្រសើរហើយ។ ប៉ុន្តែក្រសួងអប់រំ នៅតែជំរុញឲ្យគ្រឹះស្ថានសិក្សានីមួយៗ រៀបចំជាសួនបន្លែ ដែលគួបផ្សំនឹងមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ការដាំបន្លែ ឲ្យមានប្រសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់អាហារូបត្ថម្ភ នៅតាមសាលារៀន។
អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ កំពុងតែស្វះស្វែងសហការ ជាមួយក្រសួងបរិស្ថាន និងអង្គការស្បៀងអាហារពិភពលោក ដើម្បីឲ្យសាលានីមួយៗឯកភាពគ្នា លើការដាំបន្លែ ដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស៕
រូបភាពសកម្មភាពសិស្សដែលកំពុងបោចស្មៅ ក្នុងសួនបន្លែដែលស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ