ពីនេះ ពីនោះ
ត្រី​ក្សាន​រក​ចំណី​នាពេល​យប់​
25, Jan 2020 , 7:19 pm        
រូបភាព
 ​ត្រី​ក្សាន​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
​ត្រី​ក្សាន​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលមាន​រស់នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដេ​ស ប៊ូ​តង់ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ណេ​ប៉ាល់ សឹង្ហ​បុរី ស្រីលង្កា ថៃ និង​វៀតណាម​។​

 
​ត្រី​ក្សាន មានឈ្មោះ​វិទ្យាសាស្ត្រ (Channa gachua) ប្រវែង​ដងខ្លួន​អតិបរមា​សរុប ២៨.៨ ស​.​ម​។ វា​រស់នៅក្នុង​ទីជម្រក​តាម​អូរ​នៅ​តំបន់ភ្នំ ដោយ​ត្រី​ពេញវ័យ​រស់នៅក្នុង​ទន្លេ​ទំហំ​មធ្យម និង​ធំ ព្រែក អូរ ដែលមាន​ទឹកនឹង និង​មានទឹក​ហូរ​យឺតៗ​ផង​។ ត្រី​ក្សាន ចាប់​ចំណី​នាពេល​យប់​នូវ​ពពួក​ត្រី​ល្អិតៗ សត្វល្អិត និង​សិប្បីជាតិ​ដូចជា ខ្យង ខ្ចៅ គ្រុំ លៀស​ជាដើម​ជា​អាហារ​។​
 
 ត្រី​ក្សាន ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List Least Concern (LC) ) ក្នុង​ឆ្នាំ ២០១០ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែលថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​បាន​នោះ​។​
 
​លក្ខណៈ​សម្គាល់​៖  ព្រុយ​ខ្នង​ពណ៌​ស ខាងចុង​មាន​ពណ៌​ស៊ី​ជម្ពូ​។ ព្រុយ​កន្ទុយ​ខាងចុង​មាន​ពណ៌​ស៊ី​ជម្ពូ​។ ស្រកា​លើ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ចំនួន ៤០-៤៥​។ ព្រុយ​ខ្នង​មាន​ទ្រនុង​ចំនួន ៣០-៣៦ ទ្រនុង ដោយ​ខាងចុង​មាន​ពណ៌​ស៊ី​ជម្ពូ​។ ព្រុយ​គូទ​មាន​ទ្រនុង​ទន់​ចំនួន ២១-២៣ ដោយ​ខាងចុង​មាន​ពណ៌​ស៊ី​ជម្ពូ​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ ការគំរាមកំហែង​ចំពោះ​ពួកវា នៅ​មិនទាន់​កំណត់​បានឡើយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com