ជាតិ
សកម្មជន​ព្រៃឈើ​៖ ទំហំ​បាត់បង់​ព្រៃឈើ​គឺ​ច្រើនណាស់ តែ​រដ្ឋ​ប្រមូល​បានតែ​៦​លាន​ដុល្លារ​
25, Jan 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​មួយឆ្នាំ​២០១៩ ចំណូល​ពី​ថ្លៃ​សួយ​សារ​ព្រៃឈើ​មាន​សរុប ២៥ ៧២៩ ១៦៧ ៤៨៥​រៀល និង ១៤៨ ២៨១ ដុល្លារ​។ សរុប​គិត​ជា​ប្រាក់​ដុល្លារ​គឺ ៦,៥​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៣​ខែមករា​។ សង្គម​ស៊ីវិល និង​សកម្មជន​ព្រៃឈើ មិន​ពេញចិត្ត​ចំពោះ​ចំណូល​ព្រៃឈើ​ដែល​ទទួលបាន​ត្រឹម​ជាង​៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំនេះ​ទេ និង​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ​មកទល់​សព្វថ្ងៃ​។​


 
​សកម្មជន​ព្រៃឈើ​លោក ហេង ស្រស់ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា ចំណូល​ព្រៃឈើ​ដែល​ទទួលបាន​នេះ គឺ​មិន​ស៊ីគ្នា​នឹង​ការបាត់បង់​ឈើ​នោះឡើយ​។ លោក​បានលើកឡើង​ពី​តំបន់​ដែលមាន​ការកាប់​ឈើ​គគ្រឹកគគ្រេង​ចំនួន​៤​កន្លែង ដែល​លោក​បាន​ចុះទៅ​អង្កេត​ផ្ទាល់​។ លោ​កថា​គ្រាន់តែ​៤​តំបន់​នេះ​គឺ​ការកាប់​ព្រៃឈើ​មានតម្លៃ​រាប់រយ​លាន​ដុល្លារ​ឯណោះ​។​
 
​លោក ហេង ស្រស់ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រកឃើញ​៤​តំបន់​ដែលមាន​ការបាត់បង់​ព្រៃឈើ​។ ទី​១​ខេត្តពោធិ៍សាត់ ដែលមាន​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព​ដែលមាន​MDS1 និង​MDS2 គ្រាន់តែ​ពីរ​ហ្នឹង​តម្លៃ​ឈើ​ដែល​បាត់បង់​គឺមាន​ជាង ១២០​លាន​ដុល្លារ​។ ងាក​មក​តំបន់​ព្រៃ​ឡង់ គឺ​បាត់បង់​ព្រៃ​ទៅដល់​ជាង​៥០០​លាន​ដុល្លារ​។ រីឯ​តំបន់ភ្នំ​ព្រិច​នៅ​មណ្ឌលគិរី មាន​ដល់​៧​ក្រុមហ៊ុន ហើយ​ត្រឹម​១០​ខែ​គេ​រកបាន​ជាង​១០០​លាន​ដុល្លារ ដែល​លុយ​ទាំងអស់​ហ្នឹង មិនបាន​ចូល​រដ្ឋ​ទាល់តែសោះ គឺ​សុទ្ធតែ​កាប់បំផ្លាញ​ព្រៃឈើ​ឆៅៗ​ដឹក​យកទៅលក់​ប្រទេស​វៀតណាម​ឆៅ​តែម្ដង​។ ងាក​មក​ខេត្តរតនគិរី​វិញ គឺមាន​ស្រុក​អូរ​យ៉ាង​ដាង ដែលមាន​ភូមិ​ចំនួន​៣​ក្នុងនោះ ដែល​រង​ការកាប់បំផ្លាញ​ព្រៃឈើ​បែប​លោតឆ័ត្រ អត់​មាន​បង់ពន្ធ​បង់​អី​ទាំងអស់ គឺ​ចូលដល់​៧២​លាន​ដុល្លារ​។ 
 
​លោក​បន្ត​បែប​ទៀតថា​៖«​សរុប​ទាំងអស់​ទៅ​ទំហំ​នៃ​ការបាត់បង់​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ គឺមាន​ចំនួន​ជាង​៨០០​លាន​ដុល្លារ ដែល​ឈ្មួញ​ទាំងអស់​ហ្នឹង​បាន​លក់​យកលុយ​ប្រើប្រាស់​ផ្ទាល់ខ្លួន មិនបាន​បង់​ចូល​រដ្ឋ​។ បើ​យើង​មើល​ពី​ទំហំ​បាត់បង់​ព្រៃឈើ​គឺ​ច្រើនណាស់ ហេតុ​អី​រដ្ឋ​ប្រមូល​បានតែ​៦​លាន វា​អត់​សម​។ គ្រាន់តែ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​តិច​មួយ ក៏ត្រូវ​ប្រមូលបាន​រាប់លាន​ដុល្លារ​ដើម្បី​ចូល​រដ្ឋ​ដែរ​»​។​
 
​តើ​គណនា​ឬ​អង្កេត​បែប​ម៉េច បាន​លោក​ហ៊ាន​អះអាងថា​ការកាប់​ឈើ​ទាំងនោះ​មានតម្លៃ​ដល់ ៨០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩? 
 
​លោក ហេង ស្រស់ ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចុះទៅ​ផ្ទាល់ យើង​វាយតម្លៃ​ដោយផ្ទាល់ យើង​យក​ឯក​តា​ហ្នឹង​ចេញពី​ក្រសួងកសិកម្ម​ថែម​ទៅទៀត គឺ​យើង​យក​ចេញពី​ក្រដាស​ប៉េសេ​(​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ឈើ​)​។ ក្នុង​មួយ​ឡាន​ក្រសួង​ចេញ​ឲ្យ​១៨​ម៉ែត្រគូប តែ​ជាក់ស្ដែង​វា​ចូល​ទៅដល់ ៥០​ទៅ​៧០​ម៉ែត្រគូប​ក្នុង​មួយ​រថយន្ត​យី​ឌុប អ៊ីចឹង​ឈើ​ទាំងអស់​ហ្នឹង​គឺ​សុទ្ធតែ​លើសពី​ចំនួន​ដែល​ក្រសួង​ចេញ​ឲ្យ​»​។ លោក​បន្ថែមថា​៖«​ហើយ​យើង​មើល​គេ​មួយអាទិត្យ​គេ​ដឹក​ប៉ុន្មាន​ឡាន ១​ខែ​គេ​ដឹក​ប៉ុន្មាន​ឡាន​។ ក្នុង​តំបន់ភ្នំ​ព្រិច​មួយ យើង​បាន​តាមដាន​ក្នុង​រយៈពេល​មួយឆ្នាំ យើង​បាន​គណនា គឺមាន​៥២០០​ឡាន​ដែល​ដឹក​ចេញពី​តំបន់​នេះ​ទៅ​លក់​នៅ​វៀតណាម​។ ហើយ​ក្នុង​មួយ​ឡាន​ហ្នឹង​ក្នុង​មួយ​គូប​យើង​គិត​ត្រឹម​៥០០​ដុល្លារ ក្នុង​មួយ​ឡាន​មាន​១៨​ម៉ែត្រគូប យើង​គុណ​ទៅ​តើ​ឃើញ​ប៉ុន្មាន​លុយ​?»​។​
 
​លោក ហេង ស្រស់ អះ​អ​អាង​ថា បើ​រដ្ឋាភិបាល​គ្រប់គ្រង​បាន​ត្រឹមត្រូវ គឺ​រកចំណូលបាន​ច្រើន​រយ​លាន​ដុល្លារ​សម្រាប់​យកទៅ​អភិវឌ្ឍន៍​ជាតិ​។ លោ​កថា​គួរ​ឲ្យ​សោកស្ដាយ​ដែល​វៀតណាម ជា​ប្រទេស​ទិញ​ឈើ​ដែល​កាប់​ពី​ដី​កម្ពុជា​សោះ តែ​កែច្នៃ​នាំចេញ​បាន​ដល់​ទៅដល់ ១១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​។ 
 
​លោក​មានប្រសាសន៍ថា ដោយ​ផ្អែកលើ​ស្ថានភាព​សព្វថ្ងៃ ដែល​រដ្ឋ​មិនអាច​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ក្នុងការ​ទាញយក​ផលប្រយោជន៍​យ៉ាង​សន្ធឹក​ពី​ព្រៃឈើ ដូចនេះ​រដ្ឋាភិបាល​គួរតែ​បិទ​អាជីវកម្ម​ឈើ​នេះ ពិសេស​មិន​ឲ្យ​មាន​ការនាំ​ចេញទៅ​ប្រទេសជិតខាង ដើម្បី​ឲ្យ​ព្រៃឈើ​នៅ​គង់វង្ស​។ សកម្មជន​ព្រៃឈើ​រូបនេះ​បានផ្ដល់​អនុសាសន៍​ដូច្នេះ​ថា​៖«​ដំណោះស្រាយ​យើង​ដាក់ជូន​រដ្ឋាភិបាល​ក្នុង​មួយឆ្នាំៗ​មិនតិច​សន្លឹក​ទេ ប៉ុន្តែ​រដ្ឋាភិបាល​មិនដែល​គិត​ទេ​។ ដំណោះស្រាយ​ដែល​យើង​ដាក់​ឲ្យ​គឺ​ទី​១​បិទ​រោងចក្រ​អារឈើ​ក្នុងប្រទេស​កម្ពុជា​ចោល​ទាំងអស់ ទី​២​ឈប់​ចេញ​ក្រដាស​ប៉េសេ ដែលជា​ក្រដាស​សម្រួល​ពី​ឈើ​ខុសច្បាប់​ទៅជា​ឈើ​ស្របច្បាប់ កុំ​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ កុំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​ទាំងអស់ ទី​៣ ហាម​ដាច់ខាត​ការរត់ពន្ធ​ឈើ​ចេញពី​កម្ពុជា​យកទៅលក់​នៅក្រៅ​ប្រទេស​»​។​
 
​លោក សន ជន ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លើកឡើង​ប្រហាក់ប្រហែល​លោក ហេង ស្រស់ ដែរ​ដែល​ចំណូល​នេះ​មិន​ស័ក្ដិសម​នឹង​ការបាត់បង់​ព្រៃឈើ​។ «៦​លាន​ដុល្លារ​នេះ បើ​ប្រៀបធៀប​នឹង​អ្វីដែល​បាត់បង់​ទៅ ហើយ​អ្វី​ដែលជា​សកម្មភាព​តវ៉ា​ចង់​អភិរក្ស​ព្រៃឈើ ខ្ញុំ​ឃើញ​វា​ជា​ចរន្ត​មួយ​ដើរ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​។ នេះ​មិនទាន់​គិតគូរ​អំពី​ផលប៉ះពាល់​បរិស្ថាន​ពី​ការកាប់​ឈើ​នេះ​ទៀតផង​»​។ លោក​ចង់ឃើញ​ការគ្រប់គ្រង​ព្រៃ​ឲ្យ​មាន​និរន្តរភាព​។​
 
​ជាមួយគ្នានេះ លោក សន ជ័យ ឲ្យ​មានការ​យកចិត្តទុកដាក់ ដែល​អំពើ​កាប់​ឈើ​ខុសច្បាប់ បន្លំ​ខ្លួន​ជាមួយនឹង​ការកាប់​ស្របច្បាប់​។ លោក​គូសបញ្ជាក់​បែបនេះ​ថា​៖«​រឿង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នេះ គឺ​វា​សឹងតែ​ដើរ​ទន្ទឹមគ្នា​ទៅហើយ វា​សុទ្ធតែជា​ឱកាស​មួយ សម្រាប់​ពួក​ខិលខូច​នៅក្នុង​ការរួម​គ្នា​បំផ្លាញ​ព្រៃឈើ​របស់​កម្ពុជា​។ ការលួចបន្លំ នៅក្បែរ​ឬ​ស្រប​ជាមួយនឹង​ការអនុញ្ញាត​នេះ គឺ​ស្ថិតក្នុង​ចំណុច​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​»​។ លោក​បន្ថែមថា បញ្ហា​នេះ បង្ក​ផល​លំបាក​មួយ​សម្រាប់​សកម្ម​ជន​ព្រៃឈើ និង​អ្នកអនុវត្ត​ច្បាប់ ក្នុងការ​តាមដាន​ការកាប់​ឈើ ការដឹកជញ្ជូន​ឈើ​ទាំងនោះ​។​
 
​លោក​ដាក់​ការសង្ស័យថា ដោយសារតែ​អ្នកអនុវត្ត​ច្បាប់ និង​អ្នក​កាប់បំផ្លាញ​ព្រៃឈើ មាន​ទំនាក់ទំនង​ផលប្រយោជន៍​នឹង​គ្នា បាន​ពិបាក​ដល់​ការបង្ក្រាប​។ «​វា​នៅមាន​ទំនាស់​ផលប្រយោជន៍​ធ្ងន់ធ្ងរ​រវាង​ឈ្មួញ និង​អ្នកអនុវត្ត​ច្បាប់ ជាហេតុ​ធ្វើ​ឲ្យ​ការបង្ក្រាប​មាន​ប្រសិទ្ធភាព​តែ​រយៈពេល​ខ្លី​»​។​
 
​លោក​យល់ស្រប​ឲ្យ​បិទ​ការនាំចេញ​ឈើ​ទៅ​ប្រទេសជិតខាង និង​មិនត្រូវ​ឲ្យ​មាន​សម្បទាន​ដី​នៅជាប់​ព្រំដែន​ដល់​ក្រុមហ៊ុន​បរទេស​ដែល​មកពី​ប្រទេសជិតខាង​នោះទេ ដែល​អាច​ងាយ​បន្លំ​ដឹកឈើ​ចេញទៅ​ក្រៅ​។ លោក​បញ្ជាក់​បន្ថែមថា អំពើពុករលួយ​របស់​មន្ត្រី​នៅ​ព្រំដែន ក៏​ជា​ឧបសគ្គ​ក្នុងការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ព្រៃឈើ​ផងដែរ​៕
 

Tag:
 ឈើ​
  ចំណូល​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com