ភ្នំពេញ៖ នៅពេលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដល់តំបន់អង្គរខេត្តសៀមរាប ពួកគេបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះវាហាក់ដូចជាពួកគេកំពុងស្ថិតនៅក្នុងពិភពមួយផ្សេង។ សំណង់ប្រាសាទបុរាណដ៏ល្អឥតខ្ចោះ ទិដ្ឋភាពដើមឈើធំៗ និងផ្ទាំងថ្ម ដែលមានឆ្លាក់នូវរឿងរ៉ាវអតីតកាលរាប់មិនអស់ បានធ្វើឲ្យអ្នកទេសចររំភើបជាខ្លាំង ដូចជាពួកគេបានត្រឡប់ទៅកាន់អតីតកាលជាង១ពាន់ឆ្នាំមុនដូច្នេះដែរ។ ចង់ដឹងថាតើភ្ញៀវទេសចរបាននិយាយអ្វីខ្លះពីតំបន់អង្គរដ៏អស្ចារ្យមួយនេះ?
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍សំខាន់ជាងគេនៅកម្ពុជា ព្រោះមានប្រាង្គប្រាសាទជាច្រើនស្ថិតនៅទីនោះ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុដ៏អស្ចារ្យរបស់ពិភពលោក។ ប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមសាងសង់ក្នុងសតវត្សរ៍ទី១២នៃគ្រឹស្តសករាជដោយព្រះបាទសូរ្យវរ្ម័នទី២ បានក្លាយជាសំណង់ស្ថាបត្យកម្មដ៏ល្អឯកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ បច្ចុប្បន្ន បេតិកភណ្ឌរបស់ពិភពលោកដ៏ពិសិដ្ឋនេះ បានក្លាយជាគោលដៅទេសចរណ៍ទី១របស់ភ្ញៀវទេសចរបរទេស ដែលបានឆ្លងដែនមកដល់ទឹកដីនៃប្រទេសកម្ពុជា។
លោក STUART BLAIR ជាភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងដើរទស្សនារូបចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តជាមួយភរិយារបស់ខ្លួន បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានស្គាល់ប្រាសាទអង្គរវត្តតាមរយៈទង់ជាតិខ្មែរ។ ហើយនៅពេលលោកបានមកទស្សនាផ្ទាល់ លោកបានបង្ហាញអារម្មណ៍រំភើប និងបានស្ងើចសរសើរមិនដាច់ពីមាត់ចំពោះដូនតាខ្មែរ ដែលបានសាងសង់សំណង់ដ៏មហិមានៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
មានមាឌធាត់ និងរាងខ្ពស់ ព្រមទាំងមានសក់ស្គូវផង លោក Stuart Blair ដែលបានមកទស្សនាប្រាសាទអង្គរវត្តជាលើកទីមួយ បានរៀបរាប់ទាំងទឹកមុខសប្បាយរីករាយថា៖ «វាពិតគួរឲ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំបានឃើញសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលពិភពលោកពុំដែលមានទេ។ វាមានអាយុកាលរាប់ពាន់ឆ្នាំ។ ក្រៅពីប្រាសាទ នៅសៀមរាប គឺជាក្រុងមួយដ៏ធំ និងមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត។ សៀមរាបមានហេដ្ឋារចនាសម្ព័ន្ធល្អគួរសម ខណៈដែលការទុកដាក់សំរាម ក៏គ្រាន់បើដែរដែលវាខុសពីក្រុងព្រះសីហនុ»។
កំពុងដើរទស្សនាប្រាសាទជាមួយក្រុមការងាររបស់ខ្លួន លោក Jean Picrre Maninguy ភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ បានឲ្យដឹងថា លោកបានមកទស្សនាប្រាសាទអង្គរវត្ត៥ដងមកហើយ ព្រោះលោកចង់រៀនសូត្របន្ថែមពីសំណង់ប្រាសាទអង្គរវត្ត និងវប្បធម៌ខ្មែរដ៏រស់រវើកនៅក្នុងទឹកដីនៃខេត្តសៀមរាប។
ក្នុងវ័យ៧២ឆ្នាំ Jean Picrre Maninguy ដែលមានសម្បុរស សក់ស ភ្នែកពណ៌លឿង និងរាងខ្ពស់ស្រឡះ រៀបរាប់ទាំងទឹកមុខរីករាយថា៖ «ខ្ញុំស្រឡាញ់អង្គរវត្ត។ ពេលខ្ញុំបានឈានជើងចូលមកប្រាសាទអង្គរវត្ត ហាក់ដូចជាខ្ញុំបានមកកាន់ឋានសួគ៌។ ខ្ញុំហាក់ដូចជាបានដើរឆ្លងស្ពាន ហើយបានចូលមកអង្គរវត្តដូចដើរឆ្លងកាត់បណ្ណាល័យមួយ។ ខ្ញុំមកទីនេះ ពីព្រោះ ខ្ញុំអាចរៀនអ្វីបានថ្មីៗពីវប្បធម៌ខ្មែរ និងរូបចម្លាក់ រៀនសូត្រពីគំនិតបុព្វបុរសខ្មែរ។ វាមេរៀនដ៏ល្អសម្រាប់ជីវិតរបស់ខ្ញុំដែលជាអ្នកចូលនិវត្តន៍»។
បើតាមអ្នកទេសចរជនជាតិបារាំងដដែល លោកតែងតែស្នាក់នៅខេត្តសៀមរាបប្រហែល២សប្តាហ៍ ដើម្បីដើរទស្សនាតំបន់អង្គរឲ្យបានច្រើនកន្លែង ដែលនេះជាការរៀនសូត្រដ៏មានអត្ថន័យសម្រាប់ជីវិតរបស់លោក។
នៅខេត្តសៀមរាប មានប្រាង្គប្រាសាទរាប់រយ ហើយនៅតាមប្រាសាទនីមួយៗ គេតែងតែសង្កេតឃើញថា មានភ្ញៀវទេសចរបរទេស ស្ទើរតែច្រើនជាងជនជាតិខ្មែរទៅទៀត។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅ១០ខែក្នុងឆ្នាំ២០១៩កន្លងទៅ ភ្ញៀវទេសចរបរទេសបានចូលមកកម្ពុជាចំនួនជាង៥លាន២០ម៉ឺននាក់ និងបានទិញសំបុត្រចូលទស្សនាតំបន់អង្គរជាង២លាន២០ម៉ឺននាក់។
ក្រៅពីសំណង់ប្រាសាទ តំបន់សៀមរាប ត្រូវបានពលរដ្ឋចាត់ទុកថា ជាទីសក្ការៈដ៏ស័ក្ដសិទ្ធិ និងជាកន្លែងដ៏គួរឲ្យគយគន់មិនចេះជិនណាយ។ ដើមឈើធំៗ ព្រៃព្រឹក្សានៅអមប្រាសាទបុរាណយ៉ាងសម្បើម បានបង្កើតនូវផ្ទាំងទស្សនីយភាពដ៏ល្អឥតខ្ចោះ ដែលនាំឲ្យអ្នកស្រឡាញ់ធម្មជាតិ បរិស្ថាន និងអ្នកស្រាវជ្រាវនានា តែងតែកំណត់យកតំបន់អង្គរ ធ្វើជាគោលដៅនៃដំណើរកម្សាន្ត ឬកម្មសិក្សារបស់ពួកគេ។
កញ្ញា នរ បតី និស្សិតឆ្នាំទី២មកពីទីក្រុងភ្នំពេញ ដែលមកចុះកម្មសិក្សានៅតំបន់អង្គរខេត្តសៀមរាប បាននិយាយថា ខេត្តសៀមរាប មានភាពស្រស់ស្អាត និងមានបរិស្ថានស្អាត បើធៀបជាមួយក្រុងភ្នំពេញ។ និស្សិតវ័យ១៨រូបនេះ បន្តថា ក្រុមខ្លួនបានដាក់គោលដៅនៃកម្មសិក្សានៅប្រាសាទបុរាណក្នុងតំបន់អង្គរ ដ្បិតទីនេះមានសំណង់ប្រាសាទប្រវត្តិសាស្ត្រជាច្រើន សម្រាប់ទស្សនា និងសិក្សារៀនសូត្រ។
អង្គុយនៅបរិវេណប្រាសាទអង្គរវត្តជាមួយមិត្តភក្តិជាច្រើន នរ បតី ដែលមានរាងខ្ពស់ ស្លៀកសំពត់វែងពណ៌ក្រហម និងពាក់អាវក្រណាត់ដៃវែង បានរៀបរាប់ទាំងមុខញញឹមថា៖ «ចំពោះខ្ញុំ តំបន់អង្គរវត្ត និងប្រាសាទនានា គឺជាមោទកភាពចំពោះខ្មែរយើង។ បុព្វបុរសមុនៗ មានស្នាដៃល្អ ព្រោះពួកគេបានសាងសង់ប្រាសាទនីមួយៗមិនមែនងាយស្រួលឯណា យើងលើកថ្ម លីថ្ម…»។
តាមពិតទៅ នរ បតី មិនមែនទើបតែមកប្រាសាទអង្គរវត្តជាលើកទីមួយទេ។ នាងបានមកទស្សនាតំបន់អង្គរចំនួន៥ដងរួចមកហើយ។ បើតាម នរ បតី បើទោះបីនាងបានមកតំបន់អង្គរញឹកញាប់មែន តែអ្នកភ្នំពេញរូបនេះ នៅតែមិនទាន់បានទស្សនាប្រាសាទនៅតំបន់អង្គរអស់នៅឡើយទេ។
យើងបញ្ចប់ការសាកសួរភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត ដោយងាកមកសាកសួរអ្នកទេសចរនៅប្រាសាទបន្ទាយស្រីវិញម្តង។ ប្រាសាទបន្ទាយស្រី មានចម្ងាយប្រហែលជាង៣០គីឡូម៉ែត្រភាគខាងជើងខេត្តសៀមរាប។ កញ្ញា សំ លក្ខិណា អាយុ១៧ឆ្នាំ ជាអ្នកខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរមកខេត្តសៀមរាបជាមួយក្រុមគ្រួសារជាលើកដំបូង។ ជាសិស្សថ្នាក់ទី១២ លក្ខិណា កំពុងសម្លឹងមើលចម្លាក់ថ្មដ៏ល្អគ្មានគូរប្រៀបនៃប្រាសាទបន្ទាយស្រី ហើយបានស្រដីប្រាប់អ្នកសារព័ត៌មានថ្មីៗថា នាងមានអារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅក្នុងប្រវត្តិសាស្ត្រសម័យអង្គរ ដែលនាងធ្លាប់បានអានសៀវភៅកន្លងមក។
កញ្ញា សំ លក្ខិណា(ស្តាំ) និងគ្រួសារនៅពេលទស្សនាប្រាសាទបន្ទាយស្រី
មានសម្បុរស និងស្រស់សោភា លក្ខិណា បានរៀបរាប់យ៉ាងដូច្នេះថា៖ «មុនមកសៀមរាប មួយអាទិត្យមុន ខ្ញុំបានមើលគេបង្ហោះតាមហ្វេសប៊ុកឃើញថា អង្គរមាន៣សម័យកាល មានព្រះអង្គសាងសង់អង្គរ មានសង្គ្រាម …ដល់ពេលមកឃើញអង្គរ មានអារម្មណ៍ថា ដូចខ្លួនឯងស្ថិតនៅក្នុងសម័យកាលនោះដូច្នេះដែរ»។
ក្រៅពីរីករាយជាមួយការដើរទស្សនាប្រាសាទបុរាណជាច្រើនមក យុវតីដែលចូលចិត្តថតរូបម្នាក់នេះ ក៏ប៉ងចង់រស់នៅខេត្តសៀមរាប ដ្បិតតែទីនេះ មានសម្បូរប្រាសាទបុរាណ មានទេសភាពស្អាត ដោយមានដើមឈើធំៗ បង្កើតជាម្លប់ត្រឈឹងត្រឈៃ និងមានសភាពស្ងប់ស្ងាត់៕