ជាតិ
ក្រដាសសែន និង​សម្ភារ​ផ្សេងៗ​នាំចូល​ពី​ចិន ត្រូវបាន​អាជីវករ​នៅ​ផ្សារ​អូរឫស្សី ថា​លក់ដាច់​យ៉ាងគំហុក​
25, Jan 2020 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រដាសសែន​ត្រូវបាន​គេ​និយម​ទិញ​៣​លើក ក្នុង​មួយឆ្នាំ គឺ​ចូលឆ្នាំ​ចិន ឆេង​ម៉េង និង​សែន​ក្បាលទឹក​។ អាជីវ​ករលក់​ក្រដាសសែន និង​សម្ភារ​សម្រាប់​បុណ្យប្រពៃណី​ចិន នៅ​ខាងកើត​ផ្សារ​អូរឫស្សី លោកស្រី វែង ហួត និង លោក ប្រាក់ សេង​ហូរ ថា ក្រដាសសែន​និង​សម្ភារៈ​សម្រាប់​លម្អ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ចិន​ដែល​ដាក់លក់​នេះ គឺ​នាំចូល​ពី​ប្រទេស​ចិន​។


 
​នៅ​ពីមុខ​ផ្ទះ​ដែល​ព​ពេញ​ដោយ​ពណ៌​ក្រហម​មាន​គូ​ម អាំង​ប៉ាវ ក្រដាសសែន លោក ប្រាក់ សេង​ហូរ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រដាសសែន​និង​សម្ភារៈ​សម្រាប់​លក់​នៅ​អំឡុង​បុណ្យប្រពៃណី​ចិន គឺ​នាំចូល​ពី​ចិន​ប្រទេស​ទាំងអស់​។ ក្រដាសសែន​ខ្លះ ដែល​លោក​នាំ​ចូលមក គឺ​ចេញ​ម៉ូត​ថ្មីៗ​គ្រប់​រូ​ដូ​វ​កាល ដើម្បី​ឲ្យ​អតិថិជន​ឃើញ​ថ្មី​ប្លែក និង​ជាការ​ទាក់ទាញ​ផងដែរ​។ 


 
«​អីវ៉ាន់​ខ្ញុំ​នាំចូល​ពី​ចិន​ទាំងអស់ ប៉ុន្តែ​ទំនិញ​ខ្លះ ដូច គោម ឡាន​ក្រដាស និង​ផ្ទះ​ក្រដាស យកមក​ពី​ចិន​តែ​ដំឡើង​នៅ​ខ្មែរ​។ លក់ដាច់​រាប់ម៉ឺន​ឈុត​ប្រហែល​២​ទៅ​៤​ម៉ឺន​អី តែ​ចំណេញ​តិចៗ​។ លុយ​ដុល្លារ​មួយ​ដុំ តម្លៃ​៥០០០​រៀល ចំណេញ​បាន​ប៉ុន្មាន​១០០​ទៅ​២០០​រៀល​ប៉ុណ្ណោះ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សេង​ហូរ ហើយ​បញ្ជាក់ថា ក្រដាសសែន​មួយឈុត តម្លៃ​២៥០០០​រៀល ដល់​២០​ម៉ឺន​រៀល​។ ក្រៅពី​ក្រដាសសែន សម្ភារៈ​លម្អ​និង​គ្រឿង​សែន​ផ្សេងៗ គឺ​លោក សេង ហូរ លក់ដាច់​គ្រប់មុខ​។ 
 
​នៅ​រំលង​៣​ផ្ទះ ពី​ផ្ទះ​លោក សេង​ហូរ ក៏មាន​សភាព​មិន​ខុសគ្នា​ដែរ គឺ​ពោរពេញ​ដោយ​ពណ៌​ក្រហម ជា​ផ្ទះ​របស់ អ្នកស្រី  វែង ហួត ដែល​អះអាងថា លក់ដាច់​យ៉ាងគំហុក នៅ​៣​រដូវ​កាល គឺ​ចូលឆ្នាំ​ចិន ឆេង​ម៉េង និង​សែន​ក្បាលទឹក​។ អ្នកស្រី​ថា ក្រដាសសែន រាប់ម៉ឺន​ឈុត​ត្រូវបាន​លក់​ចេញ តម្លៃ​២​ម៉ឺន​រៀល ដល់​២០​ម៉ឺន​រៀល ក្នុងនោះ​មាន​ក្រដាសសែន​លុយ​ដុល្លារ លុយ​ចិន សម្លៀកបំពាក់ មាស ឡាន​ក្រដាស​ជាដើម​។ 


 
«​មិនដឹង​ចំនួន​ទេ ដឹងថា​រាប់ម៉ឺន​ឡើង ព្រោះ​លក់​ទាំង​បោះ​ដុំ​និង​រាយ ហើយ​រៀបចំ​តាម​ការបញ្ជាទិញ ទៅតាម​តម្លៃ​ច្រើន​ឬ​តិច ពី​២​ម៉ឺន​រៀល ដល់​១០​ទៅ​២០​ម៉ឺន​រៀល​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី ហួត ដោយ​បញ្ជាក់ថា អ្នកទិញ​មួយចំនួន ក៏​បញ្ជា​ទិញ​ក្នុងតម្លៃ​ខ្ពស់​ជា​២០​ម៉ឺន​នេះដែរ​។​
 
​ជាមួយគ្នា​ដែរ អ្នកស្រី​ថា ទំនិញ​ដែល​លក់​គឺ​នាំចូល​ពី​ចិន លើកលែងតែ ផ្ការ​ជ័រ គឺ​នាំចូល​ពី​វៀតណាម​។ បើទោះបីជា​លក់ដាច់​ច្រើនយ៉ាង​ណាក៏ដោយ លោក ស្រី ពោលថា ចំណេញ​បាន​តិចៗ ដោយ​យកមក​តម្លៃ​ខ្ពស់​និង​លក់​ច្រើន​គ្នា​៕ 
 



Tag:
 ចូលឆ្នាំ​ចិន​
  ក្រដាសសែន​
© រក្សាសិទ្ធិដោយ thmeythmey.com