ជាតិ
សង្គមជាតិ
សិស្ស៣៥នាក់ទៀត នៅវិទ្យាល័យបន្ទាយឆ្មារ ដួលសន្លប់ ទំនងជាពុលចំណី
25, Jan 2020 , 5:45 pm        
រូបភាព
សិស្សានុសិស្ស៣៥នាក់ (ប្រុស៧នាក់) នៃវិទ្យាល័យបន្ទាយឆ្មារ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានដួលសន្លប់ នៅព្រឹកម៉ោងប្រមាណជាង៩ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



នគរបាលជាតិ ផ្សាយថា សិស្សានុសិស្សទាំងនោះ មានអាការពុល ក្អួតចង្អោរ វិលមុខ និងអស់កម្លាំង ហើយក៏ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពបន្ទាយឆ្មារ។ នគរបាលជាតិ បន្តថា ក្នុងចំណោមសិស្សានុសិស្ស ដែលដួលសន្លប់ទាំងនោះ មានម្នាក់ មានអាការធ្ងន់ធ្ងរជាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ នគរបាលជាតិ បន្ថែមថា មកដល់ពេលនេះ ពួកគេ បានធូរស្រាលខ្លះៗហើយ។

នគរបាលជាតិ បានសរសេរពីសម្តីរបស់លោក ទិន វណ្ណៈ នាយករងវិទ្យាល័យបន្ទាយឆ្មារ ថា គិតត្រឹមម៉ោងប្រមាណ៣រសៀលនេះ សិស្សានុសិស្ស ដែលដួលសន្លប់ទាំងនោះ បានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយ ដោយសល់មួយចំនួនទៀត ក្រុមគ្រូពេទ្យ កំពុងតាមដានពិនិត្យសុខភាព។ លោក អះអាងថា ដំបូងឡើយ សិស្សានុសិស្សទាំងនោះ បានហូបចំណីអាហារ ដូចជា បាយ និង មី ជាដើម នៅព្រឹកម៉ោងជាង៩ ហើយស្រាប់តែមានអាការក្អួត ចង្អោរ និង ដួលសន្លប់ជាបន្តបន្ទាប់តែម្តង។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានណែនាំសិស្សានុសិស្ស ឲ្យមានអនាម័យ តាមរយៈ ការហូបស្អាត ផឹតស្អាត ពិសេសមិនត្រូវញ៉ាំចំណីអាហារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៧ ដល់ថ្ងៃ១៨ ខែមករា ឆ្នាំ២០២០ សិស្សានុសិស្ស៣៨នាក់  (ប្រុសម្នាក់) នៃវិទ្យាល័យក្រូចឆ្មារ នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដួលសន្លប់ជាបន្តបន្ទាប់បែបនេះដែរ ដោយមានការបញ្ជាក់ពីអ្នកស្រី ប្រាក់ សុភាព នាយិការរងនៃវិទ្យាល័យក្រូចឆ្មារ ថា ទំនងជាដោយសារតែ ពេលព្រឹក ធាតុអាកាសចុះត្រជាក់ ហើយពេលថ្ងៃ ក៏ក្ដៅខ្លាំង ទើបបណ្តាលឲ្យពួកគេ ដួលសន្លប់។ អ្នកស្រី ទទួលព័ត៌មានពីគ្រូពេទ្យថា  សិស្សខ្លះ ខ្វះជាតិស្ករ និងមានសុខភាពខ្សោយ ទើបភិតភ័យសន្លប់បន្តគ្នា៕

អត្ថបទទាក់ទង

Tag:
 ពុលអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com