សុខភាព
អន្តរជាតិ
អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ថៃ​កើន​ដល់​៧​នាក់ ខណៈ​អាជ្ញាធរ​ថៃ​សុំ​កិច្ចសហការ​បន្ថែម​ពី​ភាគី​ចិន​
25, Jan 2020 , 11:16 pm        
រូបភាព
អ្នកដំណើរដែលមកពីវូហាន និង Ghangzhou ត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ បច្ចុប្បន្នជើងហោះហើរវូហាន-បាងកក ត្រូវបានលុបចោល។ រូបថត AFP
អ្នកដំណើរដែលមកពីវូហាន និង Ghangzhou ត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ បច្ចុប្បន្នជើងហោះហើរវូហាន-បាងកក ត្រូវបានលុបចោល។ រូបថត AFP
ដោយ: រួបរួម
​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឡើងដល់​៧​ករណី​ហើយ ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥ ខែមករា នេះ​។ បើតាម​ការផ្សាយ​របស់ Reuters អាជ្ញាធរ​ថៃ​សុំ​កិច្ចសហការ​ផ្តល់ព័ត៌មាន​បន្ថែម​ពី​ភាគី​ចិន​ទាក់ទង​អ្នកដំណើរ មុនពេល​ពួកគេ​បំពាក់​បន្ថែម​នៅ​ម៉ាស៊ីន​ស្កែ​ន​តាម​អាកាសយានដ្ឋាន​។​



​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ បាន​បំពាក់​ម៉ាស៊ីន​ស្កែ​ន​កំដៅ​លើ​អ្នកដំណើរ​ពី​ក្រុង Guangzhou និង​វូ​ហាន ប៉ុន្តែ​មិនមែន​គ្រប់​ទីក្រុង​ទាំងអស់​របស់​ចិន​នោះឡើយ​។ ករណីនេះ ថៃ​ចង់បាន​កិច្ចសហការ​ផ្តល់ព័ត៌មាន​ច្បាស់ការ​ពី​ចិន​ទាក់ទង​អ្នកដំណើរ មុនពេល​សម្រេច​បំពាក់​ម៉ាស៊ីន​ស្កែ​ន​បន្ថែមទៀត​។​

​តាម Reuters លោក Suthirawat Suwannawat អគ្គនាយក​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​យើង​នឹង​បំពាក់​ម៉ាស៊ីន​ស្កែ​ន​វីរុស ប្រសិនបើ​រដ្ឋាភិបាល​ចិន ប្រកាស​ឲ្យ​យើង​ប្រុងប្រយ័ត្ន​អ្នកដំណើរ​ពី​ក្រុង​ផ្សេងទៀត ក្រៅពី​វូ​ហាន និង Guangzhou»​។​

​កាសែត The Guardian បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស ឡើងដល់​ខ្ទង់​១៤០០​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ប្រទេស​ចិន​។ មនុស្ស​៤១​នាក់ បាន​ស្លាប់​នៅ​ចិន បើ​គិត​ត្រឹម​ម៉ោង​១១​យប់​ថ្ងៃទី​២៥ ខែមករា នេះ​។ ក្រៅពី​ចិន និង​ថៃ ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង និង​ណេ​ប៉ាល់​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com