សុខភាព
អន្តរជាតិ
​កូ​រ៉ូ​ណាវី​រុស​៖ អ្នកស្លាប់ឡើងដល់៥៤នាក់ ខណៈ សិង្ហ​បុរី និង​ម៉ាឡេស៊ី ឡើង​៤​ករណី កាណាដា​រកឃើញ​ករណី​ដំបូង
26, Jan 2020 , 7:41 am        
រូបភាព
ដោយ: រួបរួម
បន្ទាប់ពី​ថៃ ប្រកាស​ពី​ការរកឃើញ អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឡើងដល់​៧​ករណី សិង្ហ​បុរី និង​ម៉ាឡេស៊ី ក៏បាន​អះអាង​ផងដែរ ពី​ការ​ពិនិត្យឃើញ​អ្នកជំងឺ​ទី​៤​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ ជាមួយគ្នានេះ កាណាដា ក៏បាន​ប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង​ផងដែរ​។ តាមការផ្សាយ​របស់ Washington Post គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​នេះ អ្នក​ស្លាប់មឡើងដល់៥៤នាក់ ដែល​សុទ្ធតែ​ស្ថិតក្នុង​ប្រទេស​ចិន​។​



​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្រសួងសុខាភិបាល​សិង្ហ​បុរី (MOH) បាន​បញ្ជាក់ថា អ្នកជំងឺ​ទី​៤ គឺជា​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៣៦​ឆ្នាំ ដែល​បានមកពី​ក្រុង​វូ​ហាន ហើយ​ទៅដល់​សិង្ហ​បុរី​ជាមួយ​ក្រុមគ្រួសារ កាលពី​ថ្ងៃ​ពុធ​។​

​ជាមួយគ្នា ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ពី​ការប្រកាស​របស់​ម៉ាឡេស៊ី ក្រោយ​ការ​ពិនិត្យឃើញ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​ទី​៤​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​។ អ្នកជំងឺ​នោះ ជា​បុរស​ម្នាក់​អាយុ​៤០​ឆ្នាំ ពី​ក្រុង​វូ​ហាន ដែល​ធ្វើដំណើរ​ទៅកាន់​ភាគខាងត្បូង​រដ្ឋ Johor ដោយ​រថយន្ត​ក្នុង​ដំណើរ​ទេសចរណ៍​ជា​ក្រុម​។​

​ដោយឡែក​នៅ​កាណាដា ប្រធាន​សុខាភិបាល​ខេត្ត Ontario បាន​អះអាង​ពី​ការរកឃើញ​ករណី​ដំបូង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ នា​សន្និសីទ​សារព័ត៌មាន មន្ត្រី​សុខាភិបាល​បាន​អះអាងថា អ្នកជំងឺ​ជា​បុរស​ម្នាក់​វ័យ​ប្រមាណ​៥០​ឆ្នាំ ដែលមាន​ប្រភពពី​ក្រុង​វូ​ហាន​។ បុរស​នោះ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​នៅ​មជ្ឈមណ្ឌល Sunnybrook Health Sciences Centre​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមករា ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស ឡើងដល់​ខ្ទង់​១៧០០​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ប្រទេស​ចិន​។ មនុស្ស​៥៤នាក់ បាន​ស្លាប់​នៅ​ចិន បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមករា នេះ​។ ក្រៅពី​ចិន និ ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com