ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្ឌិត ឈ​ត ប៊ុន​ថង ថា សីលធម៌​សង្គម​ខ្មែរ បាន​ធ្លាក់ចុះ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង​
26, Jan 2020 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន សង្គម​កម្ពុជា កំពុង​ជួបប្រទះ​បញ្ហា​ដ៏​ធំ​មួយ នោះ គឺ​សីលធម៌​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ បាន​ធ្លាក់ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​។ អំពើហិង្សា ការ​លួច ឆក់​ប្លន់ ការចាប់រំលោភ ការ​ជេរប្រទេច​គ្នា និង​អំពើអាក្រក់​ជាច្រើន​ទៀត បាន និង​កំពុង​ញាំញី​សង្គម​ខ្មែរ និង​រំខាន​ដល់​សុដុមរ​មនា​របស់​សង្គម​ទាំងមូល​។ សាស្ត្រាចារ្យ​ទស្សនា​វិជ្ជា លោក​បណ្ឌិត ឈ​ត ប៊ុន​ថង អះអាងថា បច្ចុប្បន្ន ការធ្លាក់ចុះ​ផ្នែក​សីលធម៌​ក្នុងសង្គម​ខ្មែរ បាន​ឈានដល់​កម្រិត​ធ្ងន់ធ្ងរ ដែល​ត្រូវតែមាន​វិធានការណ៍​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា​។


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ​ជាមួយ​លោក​បណ្ឌិត ឈ​ត ប៊ុន​ថង ដូចតទៅ​៖ 



 
​ទង្វើ​អសីលធម៌ បាន​នឹង​កំពុង​កើនឡើង​កាន់តែច្រើន​នៅក្នុង​សង្គម​ខ្មែរ ដែល​ឈានដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​។ នេះ​ជាការ​លើកឡើង​របស់ លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយ​បន្ថែមថា អំពើ​អសីលធម៌​ទាំងនោះ រួមមាន​៖ ការ​វាយតប់​គ្នា ការ​ជេរប្រទេច​គ្នា ការ​លួច​ឆក់​ប្លន់ ការចាប់រំលោភ ការសេព​គ្រឿងញៀន​ឬ គ្រឿង​ស្រវឹង ការប្រព្រឹត្ត​អំពើពុករលួយ និង​អំពើ​ផ្តេសផ្តាស​ជាច្រើន​រាប់មិនអស់​។  
 
​បណ្ឌិត​ទស្សនវិជ្ជា​រូបនេះ អះអាងថា​យ៉ាង​ដូច្នេះ​ថា​៖ «​ជាការ​ប្រកាសអាសន្ន​មួយ ថា សីលធម៌​សង្គម​យើង​ធ្លាក់ចុះ​ស្ទើរ​គ្រប់​ជ្រុង​។ ឯកជន​ក៏​ធ្លាក់ចុះ ខាង​រដ្ឋ​ក៏​ធ្លាក់ចុះ ហើយ​នៅក្នុង​វិ​ស័​អប់រំ​ក៏​ធ្លាក់ចុះ ខាង​អាជីវកម្ម​ក៏​ធ្លាក់ចុះ វិស័យ​នយោបាយ​ក៏​ធ្លាក់ចុះ​។ ឥឡូវនេះ យើង​មាន​បណ្តាញ​សង្គម អ្នកនយោបាយ​ក៏មាន ជន​សាមញ្ញ​ក៏មាន ជេរ​បញ្ចោរ​គ្នា បោស​ប្រាស់​គ្នា​តាម​បណ្តាញ​ហ្នឹង​។ មើលទៅ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​»​។ 
 
​បើតាម​អ្នកស្រាវជ្រាវ​រូបនេះ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អំពើ​អសីលធម៌ គឺ​មកពី​ការមិន​យកចិត្តទុកដាក់​របស់​គ្រួសារ ភាព​ចន្លោះប្រហោង​របស់​តួនាទី​សាលារៀន ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ ព្រមទាំង​ការអនុវត្តន៍​ច្បាប់​នៅមាន​ភាពទន់ខ្សោយ​។ លោក​កត់សម្គាល់ថា ទង្វើ​អសីលធម៌​ជាច្រើន បាន​នឹង​កំពុង​ហុច​ផលប៉ះពាល់​ជាខ្លាំង​ចំពោះ​បុគ្គល គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។ 
 
​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កាលណា​មាន​អំពើ​អសីលធម៌ នឹងមាន​ផល​ពិបាក​ដល់​សង្គម​។ ឧបមា​ថា កាលណា​មាន​អំពើហិង្សា ជនរងគ្រោះ​នៃ​ការវាយប្រហារ លែង​ចង់ទៅ​រៀន ដែល​ធ្វើ​ឲ្យ​ការទទួល​ចំណេះដឹង​ត្រូវបាន​រំខាន​។ មួយទៀត គាត់​សេព​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​ធនធានមនុស្ស​ដែល​យើង​ខំប្រឹងប្រែង​បណ្តុះ ដើម្បី​ឲ្យ​គាត់​យកចំណេះ​ដឹង​ទៅ​ស្រាវជ្រាវ ទៅរក​ស៊ី ទៅធ្វើ​ការ​ក្នុង​វ័យ​ពេញកម្លាំង តែ​គាត់​ក្លាយទៅជា​មនុស្ស​ដែល​ញៀន​ស្រា ញៀន​គ្រឿងញៀន វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​របស់​យើង​។ អ្នក​ខ្លះទៀត បន្ទាប់ពី​ញៀន​ហើយ ទៅ​ចាប់រំលោភ​គេ ទៅ​លួច ប្លន់​គេ ធ្វើ​ឲ្យ​មាន​អសន្តិសុខ​ក្នុងសង្គម​បង្ក​ភាពភ័យខ្លាច​ដល់​ពលរ​ដ្ឋ​។ អំពើ​អសីលធម៌​ខ្លះ បានធ្វើ​ឲ្យ​មាន​អំពើពុករលួយ​នៅក្នុង​វ័យ​អប់រំ អំពើពុករលួយ​ក្នុង​តុលាការ អំពើពុករលួយ​ក្នុង​ការផ្តល់សេវា​។ បើ​និយាយ​ពី​អំពើ​អសីលធម៌ ប៉ះពាល់​អី​ខ្លះ​ដល់​សង្គម វា​មាន​ច្រើនណាស់ រាប់មិនអស់​ទេ​»​។ 
 
​ទន្ទឹមនឹង​ការបារម្ភ​ពី​ការធ្លាក់ចុះ​សីលធម៌​សង្គម លោក​បណ្ឌិត ឈ​ត ប៊ុន​ថង បានផ្តល់​ដំណោះស្រាយ​មួយចំនួន ដើម្បី​កាត់បន្ថយ​អំពើ​អសីលធម៌​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​។ លោក​ពន្យល់ថា ឪពុកម្តាយ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​អប់រំ តម្រែតម្រង់ និង​តាមដាន​កូន ខណៈ​សាលារៀន ក្រៅពី​អប់រំ​ផ្នែក​សីលធម៌ ត្រូវ​ជួយ​ឃ្លាំង​មើល​សិស្ស​ឲ្យ​បាន​ដិតដល់​។ លោក​បន្តថា ក្រៅពី​គ្រួសារ និង​សាលារៀន គឺ​ក្រសួងមហាផ្ទៃ ដែលជា​អាណាព្យាបាល​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​អប់រំ ផាកពិន័យ និង​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ម៉ត់ចត់​។ រីឯ វត្ត​អារាម មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​អប់រំ​ផ្នែក​សីលធម៌​ដល់​ពុទ្ធបរិស័ទ និង​ពលរដ្ឋ​ទូទៅ​។ លោក​សង្កត់ធ្ងន់ថា ការធ្វើ​ឲ្យ​សីលធម៌​សង្គម ត្រូវបាន​លើកតម្កើង​ឡើងវិញ ទាល់តែ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទើប​អាច​សម្រេច​ទៅបាន ព្រោះ​ការជំរុញ​ឲ្យ​មនុ​ស្សមាន​សីលធម៌ មិនមែនជា​ការងារ​ងា​យ​ស្រួល​ឡើយ ពោល គឺ​ត្រូវ​ទាមទារ​នូវ​ពេលវេលា និង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ផ្នែក​នៃ​សង្គម​ទាំងមូល​៕   
 

Tag:
 ឈ​ត ប៊ុន​ថង​
 ​សីលធម៌​
 ​សាស្ត្រាចារ្យ​
 ​ទស្សនវិជ្ជា​
© រក្សាសិទ្ធិដោយ thmeythmey.com