លោក រុន សុ​ផានិត លក់​ភេសជ្ជៈ​បញ្ចុះតម្លៃ​ឱ្យ​អតិថិជន​មាន​ដប​ផ្ទាល់ខ្លួន ដើម្បី​ជួយ​បរិស្ថាន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក រុន សុ​ផានិត លក់​ភេសជ្ជៈ​បញ្ចុះតម្លៃ​ឱ្យ​អតិថិជន​មាន​ដប​ផ្ទាល់ខ្លួន ដើម្បី​ជួយ​បរិស្ថាន​
27, Jan 2020 , 7:59 am        
រូបភាព
លោក រុន សុផានិត ផ្ដល់​បទ​សម្ភាសដល់​សារព័ត៌​មាន​ថ្មីៗ
លោក រុន សុផានិត ផ្ដល់​បទ​សម្ភាសដល់​សារព័ត៌​មាន​ថ្មីៗ
​ភ្នំពេញ​៖ ជា​អ្នកលក់​ភេសជ្ជៈ​ក្រឡុក​លោក រុន សុ​ផានិត បាន​លក់​ភេសជ្ជៈ​បញ្ចុះតម្លៃ ឱ្យ​គ្រប់​អតិថិជន​ណា​ដែល​យក​ដប​ផ្ទាល់ខ្លួន ទៅ​ទិញ​ភេសជ្ជៈ​នៅ​កន្លែង​របស់លោក​។ ដប​ដែល​អាច​ទទួល​បានការ​បញ្ចុះតម្លៃ គឺជា​ប្រភេទ​ដប​អ៊ី​ណុ​ក ឬ​ដប​ជ័រ​ដែល​អាច​ប្រើ​បាន​ច្រើនលើក​។ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន លោក រុន សុ​ផានិត គ្រោង​នឹងធ្វើ​ដប​អ៊ី​ណុ​ក ដែល​ចេញ​រចនាបទ​ដោយ​ខ្លួនឯង និង​លក់​ក្នុងតម្លៃ​ធូរ​ថ្លៃ ដើម្បី​ជួយ​ដល់​សិស្សសាលា ដែល​លោក​ថា​មិនសូវមាន​ប្រាក់​នោះ​។


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​កន្លែង​លក់​ភេសជ្ជៈ​មួយកន្លែង ដែល​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​មាន​ទីតាំង​ក្នុង​អាហារ​ដ្ឋា​ន​របស់​សាលា​ផ្ទាល់​តែម្ដង​។ នា​ម៉ោង​១០​ព្រឹក​ដែលជា​ម៉ោង​ចេញលេង សិស្ស​ជាច្រើន​បាន​សម្រុក​មករក​ទិញ​អាហារ​ដែល​ពួកគេ​ត្រូវការ​។ ហើយ​កន្លែង​លក់​ភេ​សេ​ជ្ជៈ​ដែលមាន​ឈ្មោះថា Study ដែលមាន​លោក រុន សុ​ផានិត ជា​ម្ចាស់​នោះ ក៏​ញាប់ដៃ​ក្រឡុង​ផ្លែឈើ និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ឱ្យ​អតិថិជន​ស្ទើរ​មិនទាន់​។ ពេលខ្លះ​អ្នកទិញ​ដែល​ភាគច្រើន​មាន​អាយុ​ក្រោម​២០​ឆ្នាំ ត្រូវ​រង់ចាំ​យូរ​បន្តិច​ព្រោះ​នៅទីនេះ​មាន​អ្នកលក់​តែ​ម្នាក់​។
 
​ធ្លាប់​ទទួលបាន​ចំណេះដឹង​ស្ដីពី​ផលប៉ះពាល់​លើ​បរិស្ថាន ពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក លោក រុន សុ​ផានិត បាន​តាំងចិត្ត​បង្កើត​គោល​ការកាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក ដោយ​ការលក់​បញ្ចុះតម្លៃ​ចំពោះ​អ្នក​ដែលមាន​ដប​ប្រើប្រាស់​ផ្ទាល់ខ្លួន នៅពេល​យកមក​ទិញ​ភេសជ្ជៈ​នៅ​កន្លែង​របស់លោក​៖«​ខ្ញុំ​មាន​គោល​ការ​ដើម្បី​ជួយ​កា​ត់ប​ន្ថ​ប្លា​ស្ទិ​ក ដោយសារ​ពីមុន​ខ្ញុំ​ធ្លាប់​ធ្វើការ​ផ្នែក​សិល្បៈ​ដែរ ដូច្នេះ​ខ្ញុំ​យល់​ពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​។ ខ្ញុំ​គិតថា​នៅពេលដែល​ខ្ញុំ​លក់ តើ​ខ្ញុំ​អាចជួយ​អ្វី​ដល់​សង្គម​វិញ​ខ្លះ​? ខ្ញុំ​មិនអាច​ជួយ​បាន​ច្រើន​ទេ តែ​ខ្ញុំ​ព្យាយាម​ជួយ​បន្តិចៗ​។ ខ្ញុំ​លើកទឹកចិត្ត​ថាបើ​ពួកគាត់​យក​កំប៉ុង​របស់គាត់​មក​ដា​ក់ ខ្ញុំ​នឹង​ចុះ​តម្លៃ​៥០០​រៀល​ជូន​ពួកគាត់​គ្រប់​ភេសជ្ជៈ​ទាំងអស់ ឱ្យតែ​ជា​កំប៉ុង​ផ្ទាល់ខ្លួន​របស់គាត់ ហើយ​មិន​ប្រើ​ម្ដង​ហើយ​ចោល​»​។


សិស្ស​កំពុង​រង់​ចាំ​ទិញ​ភេសជ្ជៈនៅ​កន្លែងរបស់​លោក រុន សុផានិត

​ដៃ​កាន់​ដប​អ៊ី​ណុ​ក​ពណ៌​ស្វាយ ឈរ​រង់ចាំ​ទិញ​ភេសជ្ជៈ​កញ្ញា វិ​ស្នូ ណាវី​រ៉ា ជា​សិស្ស​រៀន​ថ្នាក់​ទី​១១ ដែលមាន​អាយុ​១៦​ឆ្នាំ ប្តូរ​ពី​ការប្រើ​ដប​ប្លា​ស្ទិ​កមក​ប្រើ​ដប​អ៊ី​ណុ​ក​វិញ ព្រោះ​នាង​យល់ឃើញថា​វា​ងាយស្រួល​ប្រើប្រាស់​៖«​ដាក់​ដប​ទឹក​បែបនេះ​(​ដង​អ៊ី​ណុ​ក​) វា​មិន​សើម វា​មិន​បែកញើស ហើយ​ខ្ញុំ​មិនបាច់​កាន់​កែវ​ជ័រ​នាំ​តែ​ពិបាក​បោះចោល​។ ខ្ញុំ​ទើប​ប្រើ​បាន​២​ខែ​។ មាន​ដង​នេះ​វា​ជួយ​បរិស្ថាន ហើយ​វា​មិន​ប៉ះពាល់​ដល់​អ្នកណា​ផង យើង​យកទៅ​ទីណា​ក៏បាន​។ បើ​យើង​ប្រើ​ប្លា​ស្ទិ​ក​ក៏​យើង​មិនត្រូវ​បោះចោល​ផ្ដេសផ្ដាស​ដែរ គឺ​ត្រូវដាក់​ក្នុង​ធុងសំរាម​»​។


កញ្ញា វិស្នូ ណាវីរ៉ា ជា​អតិថិជន​ប្រចាំរបស់​លោក រុន សុផានិត ដែល​មាន​បំពង់​អ៊ីណុកផ្ទាល់​ខ្លួន
 
​ក្នុង​សម្លៀកបំពាក់​សិស្សសាលា​យុវតី​មួយរូប​ទៀត គឺ​កញ្ញា កុង ឌី​រ៉ា​ម៉ា ក៏​រៀន​នៅ​ថ្នាក់​ទី​១១ និង​មាន​អាយុ​១៦​ឆ្នាំ ហើយក៏​បាន​ប្រើ​ដប​អ៊ី​ណុ​ក​សម្រាប់​ដាក់​ភេសជ្ជៈ ដូច ណាវី​រ៉ា ដែរ​។ ឌី​រ៉ា​ម៉ា មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការធ្វើសកម្មភាព ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​៖«​ទីមួយ​វា​ជួយ​បរិស្ថាន កាត់បន្ថយ​ប្លា​ស្ទិ​ក និង​មាន​អនាម័យ ម្យ៉ាង​ខ្ញុំ​ជា​អ្នកចូលរួម​គំនិត​ជាមួយ​ជន​បង្គោល​ផ្នែក​បរិស្ថាន នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ធ្វើជា​គំរូ​ឱ្យគេ​»​។


កញ្ញា កុង ឌីរ៉ាម៉ា (រាប់​ពីឆ្វេង​ទី២) អតិថិជន​ប្រចាំរបស់​លោក រុន សុផានិត ដែល​មាន​បំពង់អ៊ីណុក​ផ្ទាល់​ខ្លួន
 
​ជា​សមាជិក​ក្នុង​ជន​បង្គោល​ផ្នែក​បរិស្ថាន​នៅក្នុង​សាលា រ៉ា​ម៉ា បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​លើ​បរិស្ថាន ពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដល់​សិស្ស​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​៖«​យុវជន​នៅក្នុង​សាលា​នេះ គាត់​យល់ដឹង​ពី​ការកាត់បន្ថយ​ប្លា​ស្ទិ​កបាន​ច្រើន​ហើយ​។ ពួក​ខ្ញុំ​បាន​ចូលរួម​គំនិត​ហើយ​បង្កើតជា​យុទ្ធសាស្ត្រ នៅក្នុង​ការផ្សព្វផ្សាយ​ប្រាប់​គាត់​ថា ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ដប​ប្លា​ស្ទិ​ក និង​ថង​ប្លា​ស្ទិ​ក មក​ប្រើ​ដប​អ៊ី​ណុ​ក​វិញ​។ ការលក់​បញ្ចុះតម្លៃ​សម្រាប់​អ្នកមាន​ដប​ខ្លួនឯង វា​ពិតជា​ល្អ ហើយ​ខ្ញុំ​ចង់ឱ្យមាន​ការធ្វើ​បែបនេះ​ទៀត​នៅ​កន្លែង​ដទៃ​។ ដោយសារ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បីឱ្យ​គាត់​កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែរ​»​។ 
 
​ត្រឡប់មក​លោក សុ​ផានិត វិញ ក្រោយពី​លក់​បញ្ចុះតម្លៃ​លោក​សង្កេតឃើញថា សិស្ស​បាន​យក​ដប​អ៊ី​ណុ​កមក​ទិញ​ភេសជ្ជៈ​នៅ​កន្លែង​របស់លោក​ច្រើន​៖«​ឃើញ​មាន​ច្រើន ដោយសារតែ​អ្នកខ្លះ​ប៉ា​ម៉ាក់​របស់គាត់​ឱ្យ​ដាក់​ទឹក​ក្ដៅ​មកពី​ផ្ទះ ហើយ​គាត់​ក៏​ចង់បាន​បញ្ចុះ​៥០០​រៀល​ដែរ​។ ប្រាក់​ប៉ុណ្ណេះ​វា​មិន​ច្រើន​ទេ តែបើ​យើង​បូក​បញ្ចូល​គ្នា​ទៅ​វា​ច្រើន​ដែរ​។ ហាង​នេះ​ភាគច្រើន​ខ្ញុំ​លក់​ជា​ទឹក​ផ្លែឈើ​និង​តែ ដោយសារតែ​ក្រសួង​ចេញមក គឺ​មិនសូវ​ឱ្យ​ក្មេងៗ​ញ៉ាំ​គ្រឿង​ផ្អែម​ច្រើន ដួ​ច្នេះ​ខ្ញុំ​គិតថា​ក្មេងៗ​បើ​គាត់​ហូប​ជា​ទឹក​ផ្លែឈើ​ក៏​ល្អ ទើប​ខ្ញុំ​លក់​បែបនេះ​»​។


សិស្ស​នៅ​ក្នុង​អាហារដ្ឋាន​របស់​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ
 
​មាន​កន្លែង​លក់​ទំហំ​ប្រមាណ​ជា​៣​ម៉ែត្រ ដែលមាន​រូបរាង​ដូចជា​កូន​ផ្ទះ​តូច​មួយ ពោរពេញ​ដោយ​គ្រឿង​ភេសជ្ជៈ និង​ផ្លែឈើ​ជាច្រើន​មុខ បុរស​សម្បុរ​សរាង​ខ្ពស់​សង្ហា​រូបនេះ ក៏បាន​យក​ទុយោ​ឬ​ស្សី​ដែល​ធ្វើ​ដោយ​យុវជន​សំរាម​មក​លក់​ផងដែរ​៖«​ខ្ញុំ​យក​ពី​យុវជន​សំរាម​មួយ​ដើម​១០០​រៀល ខ្ញុំ​លក់​ទៅវិញ​១០០​រៀល​ដូចគ្នា​។ ដំបូង​ខ្ញុំ​គិតថា​ខ្ញុំ​មិន​យកប្រាក់​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​គិត​ម្ដងទៀត​ទៅ បើ​ខ្ញុំ​មិន​យកលុយ គាត់​នឹង​ខ្ជះខ្ជាយ គាត់​ប្រើ​ម្ដង​ហើយ​គាត់​នឹង​បោះចោល​រហូត​។ ខ្ញុំ​គិតថា​១០០​រៀល​នេះ គឺ​ឱ្យ​ទៅខាង​យុវជន​សំរាម​ចុះ ហើយ​ពួកគាត់​គិតថា ១០០​រៀល​នេះ យ៉ាងហោចណាស់​គាត់​ទុក​ប្រើ​បាន​មួយដង​ទៀត​»​។ 
 
​ទោះជា​យ៉ាងណា​ទុយោ​នេះ​មិនទាន់​ជាទី​ពេញនិយម​សម្រាប់​សិស្ស​នៅទីនេះ​ឡើយ​៖«​អាស្រ័យ​លើ​គាត់ យើង​ឱ្យ​គាត់​ទទួលយក​វា​ម្ដង​បន្តិចៗ យើង​មិន​បង្ខំ​គាត់​ទេ តែ​យើង​ប្រាប់​គាត់​ថា​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ទៅ​។ គាត់​មិនទាន់​អាច​ផ្ដាច់​បាន​ភ្លាមៗ​ទេ ហើយ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ប្លា​ស្ទិ​ក​ក៏​មិនទាន់​ទូលំទូលាយ​ដែរ ដ្បិត​តែមាន​មែន ប៉ុន្តែ​ការយល់ដឹង​នៅមានកម្រិត​»​។


ទុយោឫស្សីរបស់​យុវជន​សំរាម​ ដែល​លោក រុន សុផានិត យក​មក​បម្រើ​អតិថិជន 

​ធ្វើការ​បណ្ដើរ​ហើយ​ឆ្លើយឆ្លង​ជាមួយ​ខ្ញុំ​បណ្ដើរ អ្នកលក់​រូបនេះ​ប្រាប់​ពី​តម្លៃ​ភេសជ្ជៈ​ដែល​លក់​នៅទីនេះ​៖«​ផ្លែ​ប៊ើ​គ្រលុក​កែវ​តូច​៤​ពាន់​រៀល កែវ​ធំ​៥​ពាន់​រៀល អាហ្នឹង​ថ្លៃ​ជាងគេ​បំផុត​ប្រចាំ​ហាង ព្រោះ​ប៊ើ​វា​ថ្លៃ​។ ក្រៅពី​ហ្នឹង​កែវ​តូច​៣​ពាន់​រៀល កែវ​ធំ​៤​ពាន់​រៀល​។ ក្នុងចំណោម​អ្នក​មក​ទិញ មាន​ប្រហែល​២០​ភាគរយ យក​ដប​មក​ខ្លួនឯង​»​។​
 
​ស្របពេល​អតិថិជន​កំពុង​ឈរ​រង់ចាំ​ច្រើន លោក រុន សុ​ផានិត បង្ហើប​ពី​គម្រោង​រចនា​ដប​អ៊ី​ណុ​ក សម្រាប់​លក់​ឱ្យ​សិស្ស ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​៖«​ខ្ញុំ​មាន​គម្រោង​រចនា​ដប​អ៊ី​ណុ​កដោយ​ខ្លួនឯង តែ​ខ្ញុំ​មិនទាន់​រក​អ្នក​ធ្វើឱ្យ​ខ្ញុំ​បាន ព្រោះ​ខ្ញុំ​ចង់បាន​កន្លែង​ណា​ដែល​ធូរ​ថ្លៃ​បន្ដិច ដើម្បីឱ្យ​សិស្ស​មានលទ្ធភាព​ទិញ​។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​វា​ឱ្យ​លឿន ប្រហែលជា​២​ខែ​ទៀត​។ ដប​នោះ​ខ្ញុំ​រចនា​ដាក់ឈ្មោះ​កន្លែង​របស់ខ្ញុំ​តែម្ដង​គឺ Study»​។


ក្រុម​យុវជនដែលធ្វើ​ការទៅ​លើ​ការ​ការ​ពារ​បរិស្ថាន​នៅ​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ
 
​ពាក់អាវ​យឺត​ពណ៌​ខ្មៅ បុរស​វ័យ​២៤​ឆ្នាំ សុ​ផានិត យល់ថា​ការចូលរួម​ម្នាក់​បន្តិចៗ ពី​មនុស្ស​គ្រប់គ្នា នឹង​អាច​ផ្ដល់​ផលប្រយោជន៍​ឱ្យដល់​ផែនដី​ទាំងមូល​៖«​ទាំងអស់គ្នា​សុទ្ធតែ​រស់​នៅលើ​ផែនដី​នេះ ដូច្នេះ​វា​មិនមាន​អ្វី​ក្រៅតែពី​យើង​ចូលរួម​គ្នា​ម្នាក់​បន្តិចៗ ទោះបី​វា​មិន​ច្រើន​ក៏ដោយ ក៏​ការច្នៃប្រឌិត​របស់​យើង អាចឱ្យ​អ្វីមួយ​ប្រសើរឡើង​បាន​។ អ្នកជំនាន់ក្រោយ​សុទ្ធតែ​មានគំនិត​ច្នៃប្រឌិត​រៀងខ្លួន ដូច្នេះ​ប្រើប្រាស់​ការច្នៃប្រឌិត​រប​ស់​ខ្លួន​ហ្នឹង ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម និង​ផែនដី​យើង​ទាំងមូល​»៕
 

Tag:
 បរិស្ថាន​
  ភេសជ្ជៈ​
  អតិថិជន​
  ដប​
  រុន សុ​ផានិត​
© រក្សាសិទ្ធិដោយ thmeythmey.com