អន្តរជាតិ
ការស្ទង់មតិ​៖ នៅ​អាស៊ាន មាន​៧​ប្រទេស ទន់​ទោរ​រក​ចិន​ជាង​អាមេរិក
27, Jan 2020 , 8:39 am        
រូបភាព
​ខណៈ​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​កាន់តែ​ស្រួចស្រាវ ប្រទេស​សមាជិក​អាស៊ាន ក៏ត្រូវ​មើលឃើញថា មាន​និន្នាការ​ផ្សេងគ្នា​ដែរ​។ នេះ​បើតាម​ការស្ទង់មតិ​ដែល​ធ្វើ​ដោយ​វិទ្យាស្ថាន​ល្បីឈ្មោះ​មួយ​នៅ​សិង្ហ​បុរី​។ ការ​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាច កំពុងតែ​បង្កបញ្ហា​ប្រឈម​សម្រាប់​សមាជិក​អាស៊ាន​ទាំង​១០ ដែល​ព្យាយាម​រក្សា​ការរួម​គ្នា​តែមួយ​ដើម្បី​សម្រេច​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច​។ មិនមែន​ប្រឈមមុខ​ការជ្រើសរើស​មហា​អំណាច​ណា​ឡើយ អាស៊ាន​ក៏​ជា​កន្លែង​ប្រកួត​ផងដែរ​។​

 
​អាស៊ីអាគ្នេយ៍ មិន​ត្រឹម​ជា​តំបន់​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ឡើយ តែ​ក៏​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ដល​ក្លាយជា​ទីលាន​ប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​ពីរ គឺ​ចិន និង​អាមេរិក​។ ការ​ប្រជែង​ឥទ្ធិពល​នេះ ធ្វើ​ឲ្យ​ការរួបរួម​ក្នុងចំណោម​សមាជិក​អាស៊ាន ជួប​បញ្ហា​។​
 
​ក្នុងការ​ស្ទាបស្ទង់​មួយ​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ៧៣​ភាគរយ​នៃ​អ្នកជំនាញ​ចំនួន​១,៣០៨​នាក់​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និយាយថា តំបន់​អាស៊ាន កំពុង​ក្លាយខ្លួន​ទៅជា​ទីតាំង​សម្រាប់​មហាអំណាច​ប្រជែង​ឥទ្ធិពល ហើយ​ថា អាស៊ាន ទំនង​ក្លាយជា​កូនជឹង​របស់​មហាអំណាច​ណាមួយ​ទៀតផង​។ កាលពី​ឆ្នាំ​២០១៩ មានតែ​៦២​ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿជាក់​បែបនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asian Review ។​
 
​ការ​ស្ទាបស្ទង់​នេះ បានលើកឡើង​ពី​ការប្រឈមមុខ​រវាង​អាមេរិក និង​ចិន និង​ផលប៉ះពាល់​មកលើ​តំបន់​។ លទ្ធផល​ស្ទើរតែ​ស្មើគ្នា បានកើត​ឡើង​នៅពេល​អ្នកចូលរួម​ខាង​លើ ត្រូវ​ជ្រើសរើស​រវាង​អាម​រិ​ក និង​ចិន​។ ប្រភពព័ត៌មាន​ខាងលើ​ផ្សាយ​ថា ៥៤​ភាគរយ​ងាក​ទៅរក​អាមេរិក និង​៤៦​ភាគរយ​ជ្រើស​រើសយក​ចិន​។ ប៉ុន្តែ​បើ​ក្រលេកមើល​ភាគរយ​តាម​ប្រទេស​នីមួយៗ​វិញ សមាជិក​អាស៊ាន​ចំនួន​៧ មាន​ទំនោរ​ទៅរក​ចិន​ជាង​អាមេរិក​។ 
 
៦៩​ភាគរយ​នៃ​អ្នកចូលរួម​មកពី​ព្រុយ​ណេ​, កម្ពុជា​៥៨​ភាគរយ​, ឡាវ​៧៤​ភាគរយ​, ឥណ្ឌូណេស៊ី​៥២​ភាគរយ​, ម៉ាឡេស៊ី​៦១​ភាគរយ មី​យ៉ាន់​ម៉ា​៦២​ភាគរយ និង​ថៃ​៥២​ភាគរយ ជ្រើសរើស​ចិន​។ អាមេរិក ទទួលបាន​ការគាំទ្រ​លើសលុប​ក្នុងប្រទេស​បី​ទៀត គឺ​ហ្វីលីពីន​៨៣​ភាគរយ​, វៀតណាម​៨៦​ភាគរយ និង​សិង្ហ​បុរី​៦១​ភាគរយ​។ ទំនាស់​រឿង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន អាចជា​មូលហេតុ​សំខាន់​មួយ​ដែល​អ្នកចូលរួម​នៅ​វៀតណាម និង​ហ្វីលីពីន​ងាក​ទៅ​អាមេរិក​។​
 
​អ្នកស្រី Hoang Thi Ha អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ខាងលើ​ប្រាប់ Nikkei Asian Review ថា ជាមួយ​លទ្ធផល​បែបនេះ អាស៊ាន​ត្រូវតែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បញ្ចៀស​គ្រោះកាច​ដែល​ត្រូវ​ជ្រើសរើស​មហាអំណាច​ណាមួយ​។ 
 
​ក្នុង​ស្ទាបស្ទង់​ដែល​ធ្វើ​ចន្លោះ​ថ្ងៃទី​១២ ខែវិច្ឆិកា និង​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ បើទោះជា​អ្នកជំនាញ​ជាច្រើន​ទោរទន់​ទៅរក​ចិន​ក្ដី ពួកគេ​ក៏​បង្ហាញ​ការសង្ស័យ​លើ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន​ដែល​ដាក់ចេញ​នៅ​ឆ្នាំ​២០១៣ ដើម្បី​ត​ភ្ជាប់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក​ជាដើម​។ អ្នកចូលរួម​៦៤​ភាគរយ អះ​អះអាងថា ពួកគេ​មាន​ជំនឿ​ចិត្ត​តិចតួច ឬ​គ្មាន​សោះ​លើ​គម្រោង​មហាសាល​មួយ​នេះ​៕ 

Tag:
 អាស៊ាន​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com