ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ថ្ងៃ៨មីនា យុវជនល្ខោនខោលកម្ពុជា រៀបចំព្រឹត្តិការណ៍«រាត្រីល្ខោនខោល»នៅខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ ក្រុមយុវជនល្ខោនខោលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «រាត្រីល្ខោនខោល»ជាលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ មីនាខាងមុខ។ លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីចូលរួមអភិរក្ស និងផ្សព្វផ្សាយទម្រង់ល្ខោលខោលឲ្យកាន់តែទូលាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅរស់នៅតាមខេត្ត។ ក្រៅពីទស្សនីយភាពល្ខោនខោល ក្នុងព្រឹត្តិការណ៍នេះ ក៏មានពិព័រណ៍រូបភាពល្ខោនខោល,គំនូរបុរាណ, ការតាំងបង្ហាញវង់ភ្លេងពិណពាទ្យ, ការប្រគំតន្ត្រីប្រជាប្រិយ,ការសម្ដែងរបាំត្រុដិ, ការច្រៀងចាប៉ី និងការកម្សាន្តជាច្រើនទៀត។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និងលោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលដូចតទៅ៖
«រាត្រីល្ខោនខោល» លើកទី១ នៅខេត្តកំពង់ស្ពឺនេះ នឹងចាប់ផ្តើមពីម៉ោង ៨កន្លះព្រឹក ដល់ម៉ោង៨យប់ នៅវិមានសម្ដេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន។ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនឹងមានទស្សនីយភាពជាច្រើន ត្រូវលើកយកមកបង្ហាញសាធារណជនទស្សនា នៅក្នុងព្រឹត្តិការណ៍នេះ មានដូចជាការសម្តែងល្ខោនខោលត្រង់ឈុត«បាក្របីស្រីហនុមាន», ពិព័រណ៍រូបភាពល្ខោនខោល, គំនូរបុរាណ, ការតាំងបង្ហាញវង់ភ្លេងពិណពាទ្យ, ការប្រគំតន្ត្រីប្រជាប្រិយ,ការសម្ដែងរបាំត្រុដិ និងចម្រៀងចាប៉ីជាដើម។
ល្ខោនខោល ជាល្ខោនពាក់មុខខ្មុក ហើយតួសម្ដែងសុទ្ធតែជាមនុស្សប្រុស។ ល្ខោនខោល ឬល្ខោនពាក់របាំងមុខនេះ មានអាយុកាលចំណាស់តាំងពីមុនសម័យអង្គរ ក្នុងសតវត្សទី៩ តាមរយៈចម្លាក់លឹបតាមជញ្ជាំងប្រាសាទអង្គរ៕
Tag:
ល្ខោនខោល
កំពង់ស្ពឺ
សិល្បៈ
វប្បធម៌
ខុន ច័ន្ទសិទ្ធិការ្យ
© រក្សាសិទ្ធិដោយ thmeythmey.com