ក្រសួង ព្រមានចាត់វិធានការច្បាប់ បើមានការផ្សាយមិនពិតថា មេរោគកូរ៉ូណា មកដល់កម្ពុជា
ជាតិ
សង្គមជាតិ
ក្រសួង ព្រមានចាត់វិធានការច្បាប់ បើមានការផ្សាយមិនពិតថា មេរោគកូរ៉ូណា មកដល់កម្ពុជា
26, Jan 2020 , 12:30 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល ស្នើទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kahna Leng និង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pha Socheat រួមទាំងម្ចាស់គណនីឬម្ចាស់ទំព័រហ្វេសប៊ុកទាំងអស់ ឲ្យបញ្ឈប់និងលុបចោលការផ្សាយព័ត៌មានមិនពិតថា ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី បានមកដល់កម្ពុជា។



តាមរយៈសេចក្តីជូនដំណឹង ដែលចេញដោយវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានដាស់តឿនថា ការផ្សាយព័ត៌មានមិនពិតបែបនេះ គឺជា «ទង្វើមិនអាចអត់ឱនឲ្យបាន» និងជា «ទង្វើប្រាសចាកសីលធម៌-សច្ចធម៌» ដែលបង្កឲ្យប្រជាជនបាត់បង់ជំនឿទៅលើក្រសួងសុខាភិបាល ក្នុងការប្រឹងប្រែងទប់ស្កាត់កុំឲ្យកូរ៉ូណាវីរុស ចូលមកដល់កម្ពុជា។

ក្រសួងសុខាភិបាល ព្រមានដូច្នេះថា៖«ក្រសួង នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងជាទីបំផុតតាមផ្លូវច្បាប់ជាធរមាន ប្រសិនបើម្ចាស់គណនីខាងលើ នៅតែបន្តផ្សាយ ឬផ្សាយបន្តនូវព័ត៌មានមិនពិតនេះ»។ ក្រសួង បញ្ជាក់ជាថ្មីថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ កូរ៉ូណាវីរុស ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន ខេត្តហឺប៉ី ប្រទេសចិន មិនទាន់រីករាលដាលមកដល់កម្ពុជានោះទេ។

មកដល់ពេលនេះ គេ រកឃើញ មនុស្សប្រមាណ១,៧ពាន់នាក់ហើយ ដែលបានឆ្លងកូរ៉ូណាវីរុស ខណៈអ្នកស្លាប់ កើតឡើងជាង៥០នាក់ នៅប្រទេសចិន។

មេរោគប្រភេទថ្មីនេះ ដែលទើបនឹងកើតឡើងនៅដើមខែមករា ឆ្នាំ២០២០ ក៏បានរីករាលទៅដល់ ហុងកុង ម៉ាកាវ និង តៃវ៉ាន់ ផងដែរ រួមទាំង បណ្តាប្រទេសមួយចំនួនទៀត ដូចជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម។ យ៉ាងណា ក្រៅពីប្រទេសចិន មិនទាន់មានអ្នកណាម្នាក់ នៅតាមបណ្តាប្រទេសផ្សេងៗ បាត់បង់ជីវិត ដោយសារមេរោគប្រភេទថ្មីនេះទេ៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com