ជាតិ
សង្គមជាតិ
សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​ពលរដ្ឋ ឲ្យ​ប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​
26, Jan 2020 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដែលមាន​ប្រភព​ដើមពី​ទីក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន​។


 
​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ម៉ោង​ជិត​២​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ពេលធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ឬ​កំពុង​ស្ថិតក្នុង​បណ្តា​ប្រទេស ដែលមាន​កូ​រ៉ូ​ណាវី​រុស​នេះ​។ សម្តេច បង្ហាញថា អាការ​នៃ​កូ​រ៉ូ​ណាវី​រុស មានដូចជា ផ្តាសាយ ហៀរ​សំបោរ ក្អក ឈឺក្បាល និង ក្តៅខ្លួន​ខុសប្លែក​ពី​ធម្មតា​។​
 
​ទន្ទឹមនេះ សម្តេច អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​មេរោគ​ប្រភេទ​ថ្មី​នេះ​។ សម្តេច ណែនាំ​ថា​៖«​បងប្អូន អាច​ប្រើ​ម៉ាស​ពាក់​ការពារ​ច្រមុះ និង​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់​មេរោគ​ឲ្យ​បាន​ញឹកញាប់​។ កុំ​នៅក្បែរ​អ្នក​ដែលមាន​អាការរោគ​ខាងលើ និង​កុំ​នៅ​ជិត​សត្វ​ពាហា​នៈ ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ ត្រូវ​ញ៉ាំ​ម្ហូបអាហារ​ដែល​ចម្អិន​ឆ្អិន​គ្រប់ពេលវេលា​»​។​
 
​ប្រមុខ​រដ្ឋាភិបាល រម្លឹក​ប្រជាពលរដ្ឋ ឲ្យ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ទៅកាន់​មន្ទីរពេទ្យ​ផ្ទាល់ ឬមួយ ហៅ​ទៅកាន់​លេខ​១១៥ ជាបន្ទាន់ បើ​សង្ស័យថា ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ដាស់តឿន ក្រសួង មន្ទីរ និង ស្ថាប័ន​ពាក់​ព័​ន្ឋ ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ហើយ​លេខ​ទូរស័ព្ទ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ ត្រូវមាន​អ្នកប្រចាំការ​ទទួល ពេល​មានការ​ហៅចូល​។  
 
​ក្រសួងសុខាភិបាល បញ្ជាក់​ជាថ្មី​ថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ កូ​រ៉ូ​ណាវី​រុស ដែលមាន​ប្រភព​ដើមពី​ទីក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន មិនទាន់​រីក​រាលដាល​មកដល់​ក​ម្ពុ​ជា​នោះទេ​។​
 
​មកដល់ពេលនេះ មាន​មនុស្ស​ប្រមាណ​១,៧​ពាន់​នាក់​ហើយ ដែល​បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស ខណៈ​អ្នកស្លាប់ កើតឡើង​ជាង​៥០​នាក់ នៅ​ប្រទេស​ចិន​។ ក្រៅពី​ប្រទេស​ចិន មិនទាន់​ប្រជាពលរដ្ឋ​ណា​ម្នាក់ នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ បាត់បង់​ជីវិត ដោយសារ​មេរោគ​ប្រភេទ​ថ្មី​នេះ​ទេ​។​
 
​មេរោគ​ប្រភេទ​ថ្មី​នេះ ដែល​ទើបនឹង​កើតឡើង​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ ក៏បាន​រីក​រាល​ទៅដល់ ហុងកុង ម៉ា​កាវ និង តៃវ៉ាន់ ផងដែរ រួមទាំង បណ្តា​ប្រទេស​មួយចំនួនទៀត ដូចជា វៀតណាម ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង កាណាដា ជាដើម​៕ 

Tag:
 ហ៊ុន សែន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com