សៀមរាប៖ បុព្វបុរសខ្មែរបានកសាងប្រាង្គប្រាសាទជាច្រើន ហើយផ្ដល់សារប្រយោជន៍សន្ធឹកឥតគណនាលើផ្នែកវប្បធម៌ ក៏ដូចជាក្នុងវិស័យទេសចរណ៍រហូតដល់បច្ចុប្បន្ន។ យ៉ាងណា ប្រាសាទទាំងនោះរងការខូចខាតដោយពេលវេលា ដែលត្រូវការការជួសជុលឡើងវិញ។ ការជួសជុលនេះ អ្នកជំនាញនៅបន្តប្រើបច្ចេកទេសនិងសម្ភារបុរាណក្នុងកម្រិតអតិបរមា រួមមានឥដ្ឋជាដើម។ ការជួសជុលប្រាសាទឥដ្ឋបច្ចុប្បន្ន គឺអ្នកជំនាញមានបច្ចេកទេសក្នុងការផលិតឥដ្ឋឱ្យដូចទៅនឹងឥដ្ឋបុរាណ។ សិប្បកម្មឡឥដ្ឋអង្គរ គឺជាសិប្បកម្មមួយដែលផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទក្នុងតំបន់អង្គរ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ឡឥដ្ឋដែលផលិតឥដ្ឋ ក្បឿងតាមបែបបុរាណ ហាក់មានចំនួនតិចតួចនាពេលបច្ចុប្បន្ន ដោយជំនួសមកវិញនូវឡទំនើប ប្រើពេលតិចម៉ោងក្នុងការចម្អិន។ សិប្បកម្មផលិតឥដ្ឋ ក្បឿងអង្គរ គឺសិប្បកម្មមួយដែលមានចង្វាក់ផលិតកម្មបែបបុរាណ ពិសេសគឺជាសិប្បកម្មតែមួយគត់ដែលផលិតឥដ្ឋបុរាណសម្រាប់ជួសជុលប្រាសាទ។ សិប្បកម្មនេះ មានទីតាំងស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក យិន លិម ម្ចាស់សិប្បកម្មអង្គរបាននិយាយថា លោកចាប់ផ្តើមបើកអាជីវកម្មឡឥដ្ឋនេះតាំងពីឆ្នាំ១៩៨៩មក ដោយយកឡបុរាណសល់ពីសង្គមដែលសង់អំឡុងឆ្នាំ ១៩៥០ មកជួសជុល កែច្នៃរៀបចំថ្មី។ លោកប្រាប់ថា ឡបច្ចុប្បន្ននេះ គឺជាប្រភេទឡបុរាណ កម្រ ដោយត្រូវប្រើពេលដុតភ្លើងចម្អិតយូរ។
ការផលិតឥដ្ឋរបស់សិប្បកម្មលោក យិន លិម គឺប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ។ ក្នុងបទពិសោធន៍ច្រើនឆ្នាំក្នុងរបរនេះ ម្ចាស់សិប្បកម្មអង្គរប្រាប់ថា ដីយកមកផលិតឥដ្ឋដែលមានគុណភាពល្អគឺប្រភេទដីឥដ្ឋបាតបឹង ឬនៅក្បែរបឹង។ លោក យិន លិម ពន្យល់ពីចង្វាក់ផលិតកម្មធ្វើឥដ្ឋយ៉ាងដូច្នេះថា៖« យើងយកដីកិនម៉ាស៊ីនធម្មតា ហើយយកវាទៅហាលឱ្យស្ងួតមិនឱ្យមានជាតិសំណើមទើបចូលដុតបាន បើមានសំណើម វានឹងប្រេះ ចំណែកដីនេះខ្ញុំបានយកទៅពិសោធណ៍នៅសូនរូប គឺដុតក្នុងកម្ដៅ៩០០ទៅ១០០០ដឺក្រេបានឆ្អិន ស៊ីកម្ដៅខ្ពស់ជាងដីនៅភ្នំពេញ នៅទីនោះដុតត្រឹម៧០០ទៅ៨០០ដីក្រេទេ...»។
លោក យិន លិម ប្រាប់ថា សិប្បកម្មរបស់លោកចាប់ផ្តើមផលិតឥដ្ឋផ្គត់ផ្គង់ការដ្ឋានជួសជុលប្រាសាទក្នុងតំបន់អង្គរចាប់ពីអំឡុងឆ្នាំ១៩៩៤,១៩៩៥មក ដែលផលិតឥដ្ឋបុរាណតាមទម្រង់ឥដ្ឋដើម។ លោកប្រាប់ថា ឥដ្ឋនេះមានតែអាជ្ញាធរជាតិអប្សរាទេដែលបញ្ជាទិញ និងអង្គការដែលសហការជួសជុលប្រាសាទក្នុងតំបន់អង្គរ។
ឥដ្ឋបុរាណដែលសិប្បកម្មលោក យិន លិម ផលិតសម្រាប់ការជួសជុលប្រាសាទក្នុងតំបន់អង្គរនិងតំបន់ជុំវិញ មាន៣ខ្នាត ទៅតាមការដ្ឋានប្រាសាទនីមួយៗ។ ខ្នាតទំហំមាន ៦ស.ម x ២៣ស.ម x ១១ ស.ម, ៧,៥០ស.ម x ២៣ស.ម x ១១ ស.ម, ៥,៥០ស.ម x ២៣ស.ម x ១១ ស.ម។ ទំហំទាំងនេះមានទម្ងន់ពី៣គីឡូក្រាមឡើងក្នុងឥដ្ឋមួយដុំ។
អ្នកស្រី ស៊ីង រ៉ង ជាកម្មករឡឥដ្ឋខាងលើបាននិយាយថា ការផលិតឥដ្ឋបុរាណនេះមានការលំបាកជាងឥដ្ឋធម្មតា ព្រោះត្រូវកិនដី២ដង ដើម្បីឱ្យស្អិតម៉ដ្ឋល្អ។
ចំណែកកម្មករមួយរូបទៀត អ្នកស្រី ខួត សេន ដែលធ្វើការក្នុងឡឥដ្ឋជាង២០ឆ្នាំមកហើយនោះប្រាប់ថា ការផលិតឥដ្ឋបុរាណនេះត្រូវផ្ចិតផ្ចង់ និងត្រូវការពារកុំឱ្យបែកជ្រុង។ អ្នកស្រីបន្តថា ឥដ្ឋបុរាណជួសជុលប្រាសាទគឺផលិតឡើងតាមការបញ្ជាទិញពីអ្នកជួសជុលប្រាសាទប៉ុណ្ណោះ ដែលពេលខ្លះមានចំនួនចាប់ពី១ម៉ឺនដុំឡើង ហើយចំណាយពេលដុតជាងមួយខែទៅពីរខែទើបឆ្អិនល្អ។
មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ប្រាប់ថាហេតុផលដែលអ្នកជំនាញជ្រើសរើសសិប្បកម្មឡឥដ្ឋរបស់លោក យិន លិម មកជួសជុលប្រាសាទ ព្រោះថាសិប្បកម្មនៅស្រុកសូទ្រនិគមនេះគោរពតាមលក្ខខណ្ឌព្រមព្រៀងបច្ចេកទេសដែលអ្នកជំនាញចង់បាន។ លោកបន្តថា អាជ្ញាធរជាតិអប្សរាបញ្ជាទិញឥដ្ឋបុរាណជួសជុលប្រាសាទពីឡឥដ្ឋលោក យិន លិម តាំងពីឆ្នាំ១៩៩៦មក គឺក្រោយអង្គការបរទេសមួយដែលជ្រើសរើសឡឥដ្ឋនេះក្នុងគម្រោងជួសជុលប្រាសាទព្រះគោអំឡុងឆ្នាំ១៩៩៤ និង១៩៩៥។
ប្រាសាទឥដ្ឋដែលកំពុងទទួលការជួសជុលក្នុងនោះមាន ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទបាតជុំ ប្រាសាទអកយំ ប្រាសាទព្រៃមន្ទីរ និងប្រាសាទត្រពាំងផុងជាដើម ហើយឥដ្ឋដែលបញ្ជាទិញយកមកជួសជុលគឺទៅតាមបរិមាណនិងទំហំគម្រោងដែលមានប្រចាំឆ្នាំ។
ទាក់ទងទៅនឹងបច្ចេកទេសក្នុងការជួសជុលប្រាសាទឥដ្ឋដែលអ្នកជំនាញនៅបន្តអនុវត្តន៍តាមក្បួនបុរាណ លោក សារាយ គឹមហួល ប្រាប់ថា គេប្រើកំបោរបាយអរលាយជាមួយកម្ទេចឥដ្ឋម៉ដ្ឋ លាយខ្សាច់ ស្ករត្នោត និងលាយកាវស្បែកគោ។ មន្ត្រីជំនាញពន្យល់យ៉ាងដូច្នេះថា៖« លក្ខណៈបច្ចេកទេសក្នុងការជួសជុល យើងត្រូវពង្រឹងរចនាសម្ព័ន្ធដោយប្រើកំបោរបាយអរ បៀកតាមរន្ធតាមស្រទាប់ថ្ម ស្រទាប់ឥដ្ឋ ការពារកុំឱ្យសត្វឬរុក្ខជាតិដុះ ធ្វើឱ្យទីតាំងបែកឬខូច...»។
បច្ចុប្បន្នមានតែសិប្បកម្មឡឥដ្ឋអង្គរតែមួយប៉ុណ្ណោះ ដែលបន្តផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។ លោក សារាយ គឹមហួល ក៏ចង់ឱ្យសិប្បកម្មដទៃទៀតរៀនពីបច្ចេកទេសផលិតនេះបន្ថែម ដើម្បីបន្តកិច្ចការអភិរក្ស និងជួសជុលប្រាសាទ ពិសេសដើម្បីថែរក្សាមរតក និងបច្ចេកទេសផលិតឥដ្ឋបុរាណនេះទៅអ្នកជំនាន់ក្រោយៗទៀត៕