ជាតិ
តាសក់​ផ្អែម​អ្នក​បន្ទាយស្រី នៅតែមាន​ទីផ្សារ​ល្អ​
26, Jan 2020 , 7:19 pm        
រូបភាព
​សៀមរាប​៖ ក្រៅពី​ស្ករត្នោត តាសក់​ផ្អែម ក៏​ជា​ផ្លែឈើ​អត្ថ​សញ្ញាណ​មួយ​ដែរ​សម្រាប់​ស្រុក​បន្ទាយស្រី​។ នា​រដូវប្រាំង​ឆ្នាំនេះ ផ្លែ​តាសក់​ផ្អែម​ស្រុក​បន្ទាយស្រី មានតម្លៃ​ទីផ្សារ​សមរម្យ ដែល​ធ្វើឱ្យ​កសិករ​រីករាយ​ក្នុង​របរ​កសិកម្ម​មួយ​នេះ​។​

 
អត្ថបទទាក់ទង
 
 
​ភ្ញៀវទេសចរ​ដែល​បាន​ទៅដល់​ស្រុក​បន្ទាយស្រី តែងតែ​ទិញ​ផ្លែ​តាសក់​ផ្អែម​យកទៅ​ពិសា ឬ​ផ្ញើ​ក្រុមគ្រួសារ​។ កញ្ញា ជា ស្រី​ធំ អ្នក​ដាំ​តាសក់​ផ្អែម​នៅ​ស្រុក​បន្ទាយស្រី​មួយរូប បាន​និយាយថា តម្លៃ​លក់​ជាទូទៅ​សម្រាប់​រដូវ​កាល​នេះ គឺ​ចន្លោះ​ពី​៤​ពាន់ ទៅ​៦​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ កញ្ញា​បន្តថា គ្រួសារ​ខ្លួន​បានមក​រស់នៅ និង​ដាំ​តាសក់​នៅទីនេះ​ជិត​១០​ឆ្នាំ​មកហើយ ដែល​ក្នុង​មួយ​រដូវៗ ដាំ​ពី​៥​ទៅ​៦​ពាន់​កូន​។ ស្រី​ធំ​បន្តថា តាសក់​ផ្អែម​ជា​ដំណាំ​មិនត្រូវ​ការ​ទឹក​ច្រើនពេក​ទេ ល្មម និង​មាន​ហានិភ័យ​ខ្ពស់ ទាមទារ​ការថែទាំ​ខ្លាំង​។ «​ពិបាក​បន្ដិច ពេល​វា​ធ្លាក់​ផ្លែ​ហើយ តែមាន​ភ្លៀង​មួយ​មេ​ឬ​ឆ្លង​មេរោគ​ពី​ណា​មក​នោះ អស់​តែម្ដង​(​ងាប់​) ងាយ​នឹង​ខាត​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​ពី ស្រី​ធំ​។ 


 
​ដំណាំ​តាសក់​ផ្អែម​របស់​គ្រួសារ ស្រី​ធំ ជា​ដំណាំ​មាន​សុវត្ថិភាព គឺ​គោរព​តាម​គោលការណ៍​ដែលមាន​អង្គការ អា​ហ្គ្រី​ស៊ូ​ត ជា​អ្នក​ប្រឹក្សា​យោបល់​។ ក្នុងន័យនេះ គឺ​ការប្រើប្រាស់​ជី ឬ​ថ្នាំ​ថែទាំ ត្រូវ​បានកំណត់​ការប្រើប្រាស់ ដើម្បី​ធានាថា មិន​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​។ ទំនង​ដូច្នេះហើយ ទើប​តាសក់​ផ្អែម​របស់​គ្រួសារ​នេះ មាន​អតិថិជន​ច្រើន ទាំង​ជិត​ទាំង​ឆ្ងាយ​។ ស្រី​ធំ​បន្តថា ខ្លួន​មិនអាច​ប៉ាន់ស្មាន​បរិមាណ​ផល​តាសក់​ផ្អែម ដែល​គ្រួ​សារបាន​ដាំ​ដុះ​ក្នុង​មួយ​រដូវ​កាល​២​ខែម្ដង​នេះ​បាន​ប៉ុន្មាន​នោះទេ តែ​កញ្ញា​ប្រាប់ថា អាច​ចំណេញ​ពី​១​ពាន់​ដុល្លារ​ទៅ​២​ពាន់​ដុល្លារ​ដែរ​។ 
 
​យ៉ាងណាក៏ដោយ ដ្បិត​តម្លៃ​តាសក់​ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី​ហាក់​ល្អប្រសើរ តែ​បច្ចុប្បន្ន​ទីផ្សារ​ហាក់​រួម​បន្ដិច ដោយសារ​កសិករ​នៅ​តំបន់​មួយចំនួន​ជាប់​ខេត្តសៀមរាប ងាក​មក​ដាំ​ដែរ ដែល​ធ្វើឱ្យ​តម្លៃ​មានការ​ប្រែប្រួល ឬ​ធ្លាក់ចុះ​ខ្លាំង ពេល​ប្រមូល​ផល​ត្រូវ​គ្នា​ម្ដងៗ​។ នេះ​បើតាម​ការឱ្យ​ពី​កញ្ញា ស្រី​ធំ​៕
 





Tag:
 តាសក់​ផ្អែម​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com