អន្តរជាតិ
ទស្សនាវដ្តី Forbes៖ រដ្ឋបាលលោក ឌូទើតេ ធ្វើឲ្យហ្វីលីពីនកាន់តែសម្បូរអំពើពុករលួយ
× អង្គការតម្លាភាពអន្តរជាតិ ថ្មីៗនេះបានចេញរបាយការណ៍មួយស្តីពីសន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ របស់បណ្តាប្រទេសប្រមាណ ១៨០ប្រចាំឆ្នាំ២០១៩។ តាមរយៈរបាយការណ៍នេះ បណ្តាមួយចំនួន បានមានការថមថយអំពើពុករលួយ ខណៈប្រទេសមួយចំនួន ហាក់មានការកើនឡើងនៃអំពើពុករលួយ ដែលធ្វើឲ្យតម្លាភាពអន្តរជាតិ ទទូចឲ្យមានការកែប្រែ និងធ្វើឲ្យមានភាពល្អប្រសើរឡើងវិញ។
បន្ទាប់ពីមានការចុះផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍អំពើពុករលួយប្រចាំ២០១៩មក ទស្សនាវដ្តី Forbes បានវាយតម្លៃលើរដ្ឋបាលដឹកនាំរបស់ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលបានឡើងកាន់តំណែងជាមួយនឹងការតាំងចិត្តបោសសម្អាតអំពើពុករលួយពីរដ្ឋបាល និងសង្គមហ្វីលីពីនក្នុងកម្រិតអតិបរមាបំផុត។
Forbes នៅថ្ងៃ២៤ មករា បានចុះផ្សាយជាមួយនឹងចំណងជើងអត្ថបទមួយថា «ឌូទើតេ កំពុងតែធ្វើឲ្យហ្វីលីពីនក្លាយជារដ្ឋកាន់តែពុករលួយ និងមានប្រជាធិបតេយ្យស្តួចស្តើង»។ ការវាយតម្លៃនេះ ដោយផ្អែកលើការប្រៀបធៀប កម្រិត ឬសន្ទស្សន៍នៃអំពើពុករលួយរបស់ហ្វីលីពីន មុនពេលលោកប្រធានាធិបតី ឌូទើតេ កាន់តំណែង និងក្រោយពេលលោកកាន់អំណាចឆ្នាំ២០១៦។
តាមរបាយការណ៍ស្តីពីសន្ទស្សន៍អំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិនៅឆ្នាំ២០១៥ ហ្វីលីពីន ស្ថិតនៅចំណាត់លេខ ៩៥ ខណៈឆ្នាំ២០១៩ ហ្វីលីពីនធ្លាក់មកដល់ចំណាត់ថ្នាក់លេខ ១១៣ លើ ១៨០។
សម្រាប់ទស្សនាវត្តី Forbes ការកើនឡើងនៃអំពើពុកបែបនេះ មានន័យថា ការប្តេជ្ញាចិត្តក្នុងការបោសសម្អាតអំពើពុករលួយក្នុងពេលឃោសនារកសំឡេងគាំទ្រ គឺតែជាការបំភាន់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត វា ក៏ជាបញ្ហាមួយធ្វើឲ្យមានការរាំងស្ទះនៃដំណើរការប្រជាធិបតេយ្យ ក៏ដូចជាធ្វើឲ្យប្រទេសនៅកាន់តែឆ្ងាយពីការសម្រេចបានកំណើនប្រកបដោយចីរភាព និងភាពក្រីក្រ។
តាម Forbes ហ្វីលីពីន គឺជាប្រទេសមួយ ដែលមានអំណោយផល និងសក្តានុពលទាំងធនធានធម្មជាតិ និងធនធានមនុស្ស។ ក៏ប៉ុន្តែរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ នៅតែស្ថិតក្នុងចំណោមបណ្តាប្រទេសដែលកំពុងមានសេដ្ឋកិច្ចងើបឡើងមិនទាន់អភិវឌ្ឍ។ ហើយអំពើពុករលួយ ក៏ជាកត្តាមួយ ក្នុងចំណោមកត្តាផ្សេងទៀត ដែលធ្វើឲ្យហ្វីលីពីន មិនអាចមានការលូតលាស់លឿនធៀបនឹងបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់ និងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com