អន្តរជាតិ
ចូលឆ្នាំ​ចិន​៖ ឌូ​ទើ​តេ រំពឹងថា ទំនាក់ទំនង​ហ្វីលីពីន​-​ចិន នឹង​កាន់តែ​រឹងមាំ និង​មិនអាច​បំបែក​បាន​
26, Jan 2020 , 9:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​២៥ មករា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​ជា​សារ​អបអរ​សារ​ទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ទៅកាន់​រដ្ឋាភិបាល​ចិន​។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ លោក ឌូ​ទើ​តេ បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា សម្ព័ន្ធមេត្រីភាព​រវាង​ប្រទេស​ទាំងពីរ នឹង​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​។

 
«​យើង (​ហ្វីលីពីន​) កំពុងតែ​ប្រារព្ធ និង​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ហើយ​ចាត់ទុក​ពិធី​នេះ ជា​ផ្នែក​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​មេត្រីភាព​ដ៏​រឹងមាំ និង​មិនអាច​បំបែក​បាន រវាង​ទំនាក់ទំនង​ហ្វីលីពីន និង​ចិន ដែល​បាន​កសាងឡើង​អស់​រយៈ​ច្រើន​ស​វត្ស​រ៍ហើយ​នោះ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក្នុងឱកាស​ចូលឆ្នាំ​ចិន​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNN Philippines តាមរយៈ​សារ​ដដែល​នោះ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា ស្រប​ពេលដែល ហ្វីលីពីន​-​ចិន បើក​ទំព័រ​ថ្មី នៃ​ប្រវត្តិសាស្ត្រ​រួម​នេះ ហ្វីលីពីន មាន​ក្តីសង្ឃឹម​មុតមាំ ថា ចំណងមិត្តភាព​របស់​ភាគី​ទាំងពីរ នឹង​កាន់តែ​រឹងមាំ​ថែមទៀត តាមរយៈ​កិច្ចសហប្រតិបត្តិការ វិនិយោគ ការផ្លាស់ប្តូរ​វប្បធម៌ និង​ចំណង​ប្រជាជន​និង​ប្រជាជន​។ 
 
​សេចក្តីថ្លែងការណ៍​ឆ្ពោះទៅកាន់​ក្រុង​ប៉េកាំង ធ្វើឡើង​ស្របពេល ក្រុង​ម៉ានីល កំពុងតែ​មានរឿង​ថ្នាំងថ្នាក់​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ​ជាមួយនឹង​អតីត​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​ក្រុង​វ៉ាស៊ីនតោន​។ រឿង​ថ្នាំងថ្នាក់​នោះ​គឺ ចុងក្រោយ​នេះ ក្រុង​ម៉ានីល បានចេញ​គោលនយោបាយ​ការបរទេស​កាន់តែ​តឹងរឹង​ជាមួយនឹង​ក្រុង​វ៉ាស៊ីនតោន រាប់​បញ្ជូន​ទាំង​ការ​រឹតបណ្តឹង​លើ​ការផ្តល់​ទិ​ដ្ឋ​ការ​ដល់​ពលរដ្ឋ​អាមេរិក និង​ការបដិសេធ​ចូលរួម​កិច្ចប្រជុំ​ពិសេស​មួយ​រវាង​អាមេរិក​-​អាស៊ាន​ដែល​អញ្ជើញ​ដោយ​ប្រធានាធិបតី​អាមេរិក​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ សេចក្តីថ្លែងការណ៍​ពង្រឹង និង​ពង្រីក​សម្ព័ន្ធមេត្រីភាព​នេះដែរ ក៏ត្រូវ​បានធ្វើ​ឡើង​ស្រប​ពេលដែល ប្រទេស​ចិន កំពុងតែ​ជួប​គ្រោះ​ធំ ដោយសារតែ​ការរីក​រាល​នៃ​វីរុស​ថ្មី ដែល​បាន     បណ្តាល​ប្រជាជន​ជាច្រើន​នាក់ ឆ្លង​ជំងឺ និង​ស្លាប់​ជា​បន្តបន្ទាប់​។ ក៏​ដោយសារតែ​វីរុស​ថ្មី​នេះ​ដែល ត្រូវ​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ប្រកាស​លុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្លួន​នៅក្នុង​រដ្ឋធានី​ប៉េកាំង​៕ 
 

Tag:
 ចិន​
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com