ជាតិ
គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក យក​ឆ្នាំ​២០២០​ជា​ឆ្នាំ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​
26, Jan 2020 , 3:26 pm        
រូបភាព
​ភ្នំពេញ​៖ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៩ បាន​បង្ហាញថា​គ្រោះថ្នាក់​ចរាចរណ៍​មាន​កំណើន​យ៉ាងគំហុក ទាំង​ស្លាប់ ទាំង​របួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ស្ដីពី​ការ​រឹតបន្តឹង​ការ​អនុ​វ​ត្ដិ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។


 
​សេចក្ដីប្រកាស​ដដែល​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន​២២០​នាក់ ស្មើនឹង​១២​ភាគរយ និង​អ្នករបួស​កើនឡើង​ចំនួន ១៣៧១​នាក់ ស្មើនឹង​២៩​ភាគរយ​។ 
 
«​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ប្រកាស​យក​ឆ្នាំ​២០២០​ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដី​ចរាចរណ៍​ផ្លូវគោក​»​។ នេះ​បើតាម​សេចក្ដីប្រកាស​ដដែល​នេះ​។​
​មូលហេតុ​ចម្បង​នៃ​ការគ្រោះថ្នាក់ ដោយសារ​កត្តា​សំខាន់​៣​យ៉ាង​គឺ កត្តា​កំណើន​យានយន្ត  កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មិនទាន់មាន​តុល្យភាព​នឹង​កំណើន​យានយន្ត និង​កត្តា​ឥរិយាបទ​របស់​អ្នកប្រើប្រាស់​ផ្លូវ ដែល​មិន​គោរព​និង​អនុវត្តន៍​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​។ 
 
​ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​សាលារៀន ត្រូវ​បន្ត​និង​បង្កើន​ការផ្សព្វផ្សាយ ការអប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត​ជាដើម ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ បន្ថែម​ពីនេះ​ត្រូវ​បញ្ចូល​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទៅក្នុង​បទបញ្ជាផ្ទៃក្នុង ក្នុង​ក្រសួង​ឬ​ស្ថាប័ន​របស់ខ្លួន​។​
 
​សេចក្ដីប្រកាស​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ក្រើនរំឭក​ដល់​អ្នកបើកប​រយាន​ជំនិះ​គ្រប់​ប្រភេទ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​១០​ចំណុច ឱ្យបាន​ដាច់ខាត​(​ស្រង់​ចេញពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​) ដែលមាន​ដូចជា ១​ត្រូវ​ចេះ​បើកបរ ២​ត្រូវ​ពាក់មួក​សុវត្ថិភាព ៣​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ៤​ត្រូវ​ប្រកាន់​ស្ដាំ ៥​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។ ទី​៦ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ៧​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ៨​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ៩​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន និង​ទី​១០ មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​៕
 

Tag:
 ចរាចរណ៍​
 ​ផ្លូវគោក​
 ​ច្បាប់​
 ​សុវត្ថិភាព​
  រឹត​ប​ន្តិ​ង
© រក្សាសិទ្ធិដោយ thmeythmey.com