ជាតិ
សមាគម​មគ្គុទ្ទេសក៍​ចិន​នៅ​សៀមរាប ចែក​ម៉ាស​ដល់​ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិដើម្បី​ការពារ​ពី​កូ​រ៉ូ​ណាវី​រុស​
26, Jan 2020 , 4:46 pm        
រូបភាព
រូបភាព៖ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា
រូបភាព៖ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា
​សៀមរាប​៖ ពិភពលោក​កំពុង​ព្រួយបារម្ភ​ជាខ្លាំង​ទៅនឹង​ការរីក​ត្បា​ត​ដ៏​ខ្លាំងក្លា​នៃ​ជំងឺ​កូ​រ៉ូ​ណាវី​រុស​។ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា សហការជាមួយមន្ទីរទេសចរណ៍​ខេត្តសៀមរាប បានប្រកាស​ចុះ​ចែក​ម៉ាស​១​ម៉ឺន​ដល់​ភ្ញៀវទេសចរ​ជនជាតិ​និងអន្តរជាតិ ដែល​មក​ទស្សនា​ក្នុង​ខេត្ត​ទេសចរណ៍មួយ​នេះ​។​

 
​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា លោក ទៀ គី​ឡេង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៦ មករា​ថា លោក​នឹង​ចាប់ផ្តើម​ចុះ​ចែក​ម៉ាស​ចំនួន​១​ម៉ឺន​ម៉ាស ទៅតាម​គោលដៅ​៤​សំខាន់ៗ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​មាននៅ​ព្រលានយន្តហោះ អតីត​កន្លែង​ពិនិត្យ​សំបុត្រ​ចាស់​នៅ​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល កន្លែង​ពិនិត្យ​សំបុត្រ​នៅមុខ​ប្រាសាទអង្គរវត្ត និង​កន្លែង​ពិនិត្យ​សំបុត្រ​ផ្លូវ​៦០​ម៉ែត្រ​ផ្លូវកែង​ឆ្ពោះទៅ​ប្រាសាទក្រវ៉ាន់​។ តាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម ការចុះ​ចែក​ម៉ាស​ដល់​ទេសចរ​ជាតិនិងអន្តរជាតិ​នឹង​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃទី​២៦ រហូតដល់​អស់​ម៉ាស​។​
 
​គោលបំណង​សំខាន់​នៃ​យុទ្ធនា​ការចុះ​ចែក​ម៉ាស​នេះ គឺ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​រ៉ូ​ណាវី​រុស ជា​ជំងឺ​កាច​សាហាវ និង​បាន​រីក​ត្បា​ត​យ៉ាង​ឆាប់រហ័ស​។ នៅ​កម្ពុជា​មិនទាន់មាន​អ្នកជំងឺ​នេះ​ទេ តែ​ប្រទេស​អាស៊ាន​៤​ហើយ​ដែល​ជំងឺ​នេះ មាន​ថៃ ម៉ាឡេស៊ី វៀតណាម និង​សិង្ហ​បុរី​។ លោក ទៀ គី​ឡេង ប្រាប់ថា សមាគម​របស់លោក​ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​គិតគូរ​ដល់​សុខភាព​ប្រជាជន​ក៏ដូចជា​ភ្ញៀវទេសចរ​។ ក្រៅពី​ចែក​ម៉ាស​ដល់​ទេសចរ​នៅក្នុង​ស្រុក​ហើយ​នោះ សមាគម​នេះ​ក៏បានផ្តល់​ម៉ាស​ចំនួន​២​ម៉ឺន​ទៅដល់​ប្រជាជន​ចិន​ដែល​កំពុង​ប្រឈម​នឹង​ការផលិត​ម៉ាស​មិនទាន់​ពេលវេលា​ដល់​ប្រជាជន​ខ្លួន​។ នេះ​ជាការ​បញ្ជាក់​ពី​លោក ទៀ គី​ឡេង​។​
 
​នៅពេល​មាន​ករណី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ផ្ទុះឡើង និង​រដ្ឋាភិបាល​ចិន​ហាម​មិនឱ្យ​ប្រជាជន​ចេញ​កម្សាន្ត​ក្រៅប្រទេស លោក ទៀ គី​ឡេង ប្រាប់ថា ភ្ញៀវទេសចរ​ចិន​ធ្លាក់ចុះ​ជា​គំហុក​។ លោក​ប្រាប់ថា ជើងហោះហើរ​ជាច្រើន​បាន​ផ្អាក​ការហោះហើរ​មកកាន់​ខេត្តសៀមរាប​ក៏ដូចជា​បណ្ដា​ប្រទេស​ផ្សេងៗ ជារួម​នៅត្រឹម​ថ្ងៃទី​២៦​នេះ គឺជា​ជើងហោះហើរ​ចុងក្រោយ​មកកាន់​ខេត្តសៀមរាប​។ ក្នុងអំឡុង​ពេលនេះ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន​-​កម្ពុជា ប្រាប់ថា ចង់​មិន​ចង់វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ហើយ​មិនទាន់​ដឹង​ពេលណា​ទើប​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​ទេសចរ​ដើរ​ក្រៅប្រទេស​វិញ​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​
  ចិន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com