សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ជប៉ុន​ឡើង​៤​ករណី អាមេរិក​ឡើង​៣​ករណី ខណៈ​អ្នកស្លាប់​នៅ​ចិន​មាន​៥៦​នាក់​
26, Jan 2020 , 6:32 pm        
រូបភាព
ថ្មើរជើងនៅក្រុងតូក្យូ នាំគ្នាពាក់ម៉ាសដើម្បីបង្ការការឆ្លងកូរ៉ូណាវីរុសដែលរាលដាលពីក្រុង​វូហាន ប្រទេសចិន។ រូបថត AFP
ថ្មើរជើងនៅក្រុងតូក្យូ នាំគ្នាពាក់ម៉ាសដើម្បីបង្ការការឆ្លងកូរ៉ូណាវីរុសដែលរាលដាលពីក្រុង​វូហាន ប្រទេសចិន។ រូបថត AFP
ដោយ: រួបរួម
សហរដ្ឋអាមេរិក និង​ជប៉ុន បានប្រកាស​ពី​ការរកឃើញ អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មួយ​ករណី​រៀងៗ​ខ្លួន​បន្ថែមទៀត នា​ថ្ងៃទី​២៦ ខែមករា នេះ​។ សហរដ្ឋអាមេរិក​ឡើង​ដល់​៣​ករណី រីឯ​ជប៉ុន​ឡើង​៤​ករណី​។ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​នេះ អ្នកស្លាប់​មាន​ចំនួន​៥៦​នាក់ ដែល​សុទ្ធតែ​ស្ថិតក្នុង​ប្រទេស​ចិន​។​





សហរដ្ឋ​អាមេរិក បានប្រកាស​ពី​ការរកឃើញ​ករណី​ទី​បី នៅ​ក្រុង Orange County រដ្ឋកា​លី​ហ្វ​នីញ៉ា​។ អ្នកជំងឺ ត្រូវបាន​រាយការណ៍​ថា ជា​អ្នកដំណើរ​ម្នាក់​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNBC ។ អ្នកជំងឺ​ដែល​ត្រូវបាន​រកឃើញ​ជា​វិជ្ជមាន​ពីរ​ករណី​ដំបូង​នោះ មាន​បុរស​វ័យ​៣០​ឆ្នាំ​ម្នា​ក់នៅ​វ៉ាស៊ីនតោន និង​ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់​នៅ​រដ្ឋ Illinois ដែល​សុទ្ធតែ​បានធ្វើ​ដំណើរ​ពី​ក្រុង​វូ​ហាន​។​

​ជាមួយគ្នានេះ ទូរទស្សន៍ NHK ក៏បាន​ដកស្រង់​សំដី​មន្ត្រី​សុខាភិបាល​ជប៉ុន ទាក់ទង​នឹង​ការរកឃើញ​ករណី​មនុស្ស​ទី​៤​ដែល​អ្នក​កើត​ជំងឺ​កូ​រ៉ូ​ណា​វីរុស​នេះ​។ អ្នកជំងឺ​នោះ ជា​បុរស​អាយុប្រមាណ​៤០​ឆ្នាំ​ដែល​ចេញពី​ក្រុង​វូ​ហាន​ទៅ​លំហែរ​កាយ​នៅ​ជប៉ុន​កាលពី​ថ្ងៃទី​២២ ខែមករា​។

​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៦ ខែមករា នេះ ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស ឡើងដល់​ប្រមាណ ២០០០​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ប្រទេស​ចិន​។ មនុស្ស​៥៦​នាក់ បាន​ស្លាប់​នៅ​ចិន បើ​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៦ ខែមករា នេះ​។ ក្រៅពី​ចិន ជប៉ុន និង​អាមេរិក ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com