សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ ថៃឡើងដល់៨ករណី ដោយ៥ករណីព្យាបាលសះស្បើយ ពលរដ្ឋថៃ ដើរតាមផ្សារនៅក្រុងបាងកក ភាគច្រើននាំគ្នាពាក់ម៉ាស់។ រូបថត AFP
× ថៃ រក្សាស្ថិតនៅលំដាប់លេខ២បន្ទាប់ពីចិន លើករណីឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (កូរ៉ូណាវីរុស) ដែលមាន៨ករណីគិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ខណៈចិន មានជាង២០០០ករណី និងស្លាប់៥៦នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានកោះកិច្ចប្រជុំបន្ទាន់មួយជាមួយថ្នាក់ដឹកនាំក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ដើម្បីរកវិធានការណ៍ដោះស្រាយបញ្ហារាលដាលជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលបច្ចុប្បន្នឡើងដល់៨នាក់។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Anutin Charnavirakul បានថ្លែងប្រាប់អ្នកសារព័ត៌មានពីសមត្ថភាពរបស់ថៃ ក្នុងការគ្រប់គ្រងស្ថានភាពរាលដាលនៃកូរ៉ូណាវីរុស ខណៈគិតត្រឹមម៉ោង៨ ថ្ងៃទី២៦ ខែមករា នេះ ចំនួនអ្នកកើតឡើងដល់៨នាក់។
លោក Anutin បានបញ្ជាក់ថា មនុស្ស៣នាក់ កំពុងស្ថិតក្រោមការព្យាបាលយ៉ាងដិតដល់ ខណៈ៥នាក់ទៀត បានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
ទោះបីជាយ៉ាងណាក៏ដោយ នៅលើបណ្តាញសង្គម ជាពិសេស Twitter ពលរដ្ឋថៃ បាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាល តាមរយៈការដាក់ hashtag #crapgovernment ទាក់ទងការគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាបញ្ហាសុខភាពផ្សេងៗ។
បច្ចុប្បន្នថៃ បានបំពាក់ម៉ាស៊ីនស្កែនអ្នកដំណើរពី Guangzhou នៅអាកាសយានដ្ឋាន៥កន្លែង រួមមាន សុវណ្ណភូមិ, ឈៀងម៉ៃ, ភូកេត, ដនមឿង និងក្រាប៊ី។ នៅតាមទីផ្សារធំៗរបស់ថៃ ក៏មានការអនុវត្តវិធានការណ៍សុខភាពអនាម័យផងដែរ។
គិតត្រឹមម៉ោង៨ល្ងាចថ្ងៃទី២៦ ខែមករា នេះ ចំនួនអ្នកឆ្លងកូរ៉ូណាវីរុស ឡើងដល់ប្រមាណ ២០០០នាក់ ដោយភាគច្រើនបំផុតនៅប្រទេសចិន។ មនុស្ស៥៦នាក់ បានស្លាប់នៅចិន បើគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៦ ខែមករា នេះ។ ក្រៅពីចិន ថៃ ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាលរួមមាន ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ណេប៉ាល់ និងកាណាដា៕
© រក្សាសិទ្ធិដោយ thmeythmey.com